លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានប្រាប់សារព័ត៌មាន ខេមបូណូមីស តាមទូរសព្ទ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ថា ទោះបីជាបញ្ហាការរីករាលដាលជំងឺកូវីដ-១៩ បានធូរស្រាលបន្តិចមែន ប៉ុន្តែ មិនមានន័យថា ធ្វើឲ្យអាជីវកម្មផ្សេងៗ ជាពិសេស ភោជនីយដ្ឋាន ឬសណ្ឋាគារអាចចាប់ផ្តើមដំណើរការឡើងវិញទាំងស្រុងបាននោះទេ។
លោក លូ ម៉េង បានថ្លែងថា «អ្វីដែលយើងមើលឃើញ ត្រឹមដូច កែប កំពត ដែលភ្ញៀវខ្មែរយើង ដូចអ្នកភ្នំពេញអីទៅដើរលេងហ្នឹង ឃើញមានសណ្ឋាគារ ផ្ទះសំណាក់អីល្អប្រសើរឡើងវិញ ប៉ុន្តែ តំបន់ដូចនៅកំពង់សោម ដូចនៅភ្នំពេញ ដូចនៅសៀមរាបហ្នឹង បញ្ហាហ្នឹងវាធំ ដោយសារអ្នកដែលវិនិយោគសណ្ឋាគារហ្នឹងធំ ព្រោះដោយសារវិនិយោគលើអគារផង ដីធ្លីផង និងបុគ្គលិកដែរ ដូចនេះវានៅបន្តប៉ះពាល់ធំដដែល»។
លោកបានបន្ថែមថា «ខ្ញុំមិនមានតួលេខជាក់ថា បិទប៉ុន្មាន បើកប៉ុន្មានទេ តែបើតាមខ្ញុំដឹងត្រួសៗ សណ្ឋាគារនៅភ្នំពេញបិទស្ទើរទាំងអស់ហើយ ប្រហែល ៩០%អីហើយ ហើយបើបើកក៏ដូចតែអត់បើកដដែលហ្នឹង ព្រោះភ្ញៀវមានតែមួយបន្ទប់ ពីរបន្ទប់អីហ្នឹង ភាគច្រើន បិទសឹងតែទាំងអស់ហើយ»។
យ៉ាងណាមិញ ចំពោះការកាត់បន្ថយបុគ្គលិក ឬព្យួរការងារបុគ្គលិក អាចជួយសម្រាលបានតិចតួចទេ អ្វីដែលសំខាន់នោះ គឺការជួលទីតាំងនិងអគារសម្រាប់អាជីវកម្មនេះ គឺម្ចាស់ទីតាំងទាំងនោះមិនបានបន្ធូរបន្ថយសោះ ធ្វើឲ្យម្ចាស់សណ្ឋាគារមិនអាចទ្រាំទ្រទៀតបាន ត្រូវបង្ខំចិត្តបិទទ្វារតាំងដើមខែមីនា រហូតមកទល់នឹងពេលនេះ។ នេះបើតាមលោក លូ ម៉េង ដែលបានបញ្ជាក់បន្ថែម។
ចំពោះវិធានការមួយចំនួនដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យក្រសួងទេសចរណ៍អនុវត្ត ត្រូវបានលោក លូ ម៉េង បញ្ជាក់ថា អាចជួយបានមួយកម្រិតដែរ តែការបន្ធូរបន្ថយពន្ធផ្សេងៗទាំងនោះ ជិតផុតកំណត់ហើយ ពោលគឺត្រឹមខែឧសភានេះឯង។ ដូចនេះ លោកស្នើដល់ក្រសួងទេសចរណ៍ សូមបន្តការអនុគ្រោះបន្តទៀត រហូតដល់ស្ថានភាពវិលមករកសភាពដើមវិញ។
ជុំវិញការស្នើសុំនេះ ត្រូវបានលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ឆ្លើយតបថា ក្រសួងនឹងពិចារណាមើលសិនលើបញ្ហានេះ។
លោក តុប សុភ័ក បាននិយាយដូច្នេះថា ៖ «ចំណុចហ្នឹង យើងបានប្រកាសអ៊ីចឹង (ការអនុគ្រោះពន្ធមួយចំនួនដល់សណ្ឋាគារ)ពីមុន តាមគោលការណ៍របស់រាជរដ្ឋាភិបាល ប៉ុន្តែ ការប្រែប្រួលថ្មីយ៉ាងម៉េចអី យ៉ាងម៉េចទៀត គឺយើងអត់ទាន់ដឹងទេ អាស្រ័យទៅលើស្ថានភាពជាក់ស្តែងនៅពេលខាងមុខបន្តទៀត អ៊ីចឹងយើងនឹងគិតគូរ ទៅតាមស្ថានភាពរបស់កូវីដ-១៩»។
ដោយឡែក ការបិទសណ្ឋាគារជាច្រើន និងការកាត់បន្ថយបុគ្គលិកនៅតាមសណ្ឋាគារធំៗនោះ ក្រសួងបានបញ្ជាក់ថា ករណីនេះបានកើតមានតាំងពីដំបូងនៃការរីករាលដាលកូវីដ-១៩មកម៉្លេះ ដែលជារឿងធម្មតា នៅពេលវាមានផលប៉ះពាល់ដល់វិស័យទេសចរណ៍បែបនេះ។
ប៉ុន្តែ លោកអ្នកនាំពាក្យក្រសួងទេសចរណ៍ដដែលបានបញ្ជាក់ថា បុគ្គលិកដែលធ្វើការនៅតាមសណ្ឋាគារដែលបានបិទ ឬផ្អាកដំណើរការទាំងនោះ គឺទទួលបានប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល លើកលែងតែសណ្ឋាគារដែលមិនមានចុះបញ្ជីនៅក្រសួងទេសចរណ៍ប៉ុណ្ណោះ៕