យោងតាមការស្ទង់មតិទៅលើ ក្រុមហ៊ុនអាជីវកម្មធំៗជាង ៣០០កន្លែងរបស់ ស្ថាប័នអន្តរជាតិផ្នែកគ្រប់គ្រងធនធានមនុស្ស ADECCO មកពីប្រទេសស្វ៊ីស បានគូសបញ្ជាក់ថា សឹងតែ ៧០% ទៅហើយ នៃក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ បានបញ្ឈប់ការងារបុគ្គលិក ហើយក្រៅពីនោះក៏មាន ៦១% នៃវិស័យប្រព័ន្ធផ្សព្វផ្សាយ និង៥៩% នៃវិស័យធនាគារ សុទ្ធតែបានបញ្ចប់ការងាររបស់បុគ្គលិក។
ដោយឡែក វិស័យដែលបានកាត់បន្ថយប្រាក់ខែបុគ្គលិកច្រើនជាងគេ គឺវិស័យធនាគារ និងវិស័យប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលវិស័យអចលនទ្រព្យ មានការខាតបង់ប្រាក់ចំណូល និងផ្អាកការរើសបុគ្គលិក ក៏ដូចជា ការលុបចោលនូវគោលការណ៍ដំឡើងប្រាក់ខែមួយរយៈពេលផងដែរ។
បើតាមការលើកឡើងរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE បានបញ្ជាក់ផងដែរថា វៀតណាម បានក្លាយជាគោលដៅវិនិយោគដ៏មានប្រជាប្រិយភាពមួយសម្រាប់វិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន ដោយសារតែ ក្រុមហ៊ុនសហគ្រាសស្តង់ដារអន្តរជាតិជាច្រើន បានចាប់ផ្តើមផ្លាស់ប្តូរខ្សែចង្វាក់ផលិតកម្ម ចូលមកប្រទេសវៀតណាម ក្រោយពីមានការផ្ទុះឡើងនូវ សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិនគួបផ្សំនឹងបញ្ហាប្រឈមនៃមេរោគកូវីដ-១៩។
បើទោះបីជា វិស័យអចលនទ្រព្យរបស់វៀតណាម ហាក់មានការកើនឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានរុញច្រានដោយកំណើននៃការវិនិយោគពីក្រៅប្រទេសក្តី វិបត្តិមេរោគកូវីដ-១៩ បានកាត់បន្ថយឱកាសដ៏មានសក្តានុពលនេះ ដោយសារតែវិធានការរឹតបន្តឹង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ជាចុងក្រោយ អគ្គនាយកស្ថាប័នអន្តរជាតិ ADECCO បានបញ្ជាក់ថា ខណៈដែលក្រុមហ៊ុនទាំងអស់ បានអនុវត្តទៅតាមគោលការណ៍ណែនំាំរបស់រដ្ឋាភិបាលវៀតណាម យ៉ាងខ្ជាប់ខ្ជួននោះ ក្នុងការសម្អាត និងការពារ ការឆ្លងមេរោគក្នុងកន្លែងធ្វើការក្តី ពួកគេគួរតែពិចារណាបន្ថែមទៅលើការគាំទ្រដល់ សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់បុគ្គលិកបន្ថែមទៀត ជាជាងការបញ្ឈប់ការងារ៕