គេហទំព័រ GGRASIA ដែលបានស្រង់យករបាយការណ៍នេះមកចុះ ផ្សាយបានបញ្ជាក់ថា ចំណូលសុទ្ធបានពីល្បែង របស់ក្រុមហ៊ុន Nagacorp ក្នុងរយៈពេល៩ខែឆ្នាំនេះ មានប្រមាណ៦១៦,៣ លានដុល្លារ កើនឡើងប្រមាណ ២៨,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុន Nargacorp បានលើកឡើងនៅក្នុងឯកសាររបាយការណ៍របស់ខ្លួនថា «លទ្ធផលហិរញ្ញវត្ថុនៅ៩ខែ គិតដល់ដំណាច់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បង្ហាញថា ក្រុមហ៊ុននៅតែបន្តដំណើរនៃកំណើន»។
ក្រុមហ៊ុន Nagacorp បានបញ្ជាក់ទៀតថា «ការកើនឡើងនៅក្នុងចំនួនអាជីវកម្ម VIP ត្រូវបានជំរុញដោយ ការបន្តលំហូរចូលនៃពាណិជ្ជករ ភ្ញៀវទេសចរ ជាពិសេសNaga ២ ក៏មានតម្រូវការអតិជនសម្រាប់សេវាលំដាប់ខ្ពស់ដែរ។»
បើតាមការអះអាងពីក្រុមហ៊ុន Nagacorp បានឲ្យដឹងថា ដោយសារតែមានស្ថិរភាពនយោបាយ នៅកម្ពុជា ការធ្វើឲ្យមានភាពប្រសើរឡើងនៃបរិយាកាសនៃប្រតិបត្តិការ កំណើនអាជីវកម្មនៅ Naga ២ ការកើនឡើងនៃភ្ញៀវទេសចរ និងការពង្រីកនូវអាជីវកម្មល្បែងVIP របស់ក្រុមហ៊ុន គឺសុទ្ធសឹងជាហេតុផលដែលនាំឲ្យមានលទ្ធផលកំណើនសម្រាប់រយៈពេល៩ខែឆ្នាំ២០១៩នេះ។
កាលពីខែកក្កដា កន្លងទៅ ក្រុមហ៊ុន Naagacorp បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ខ្លួនមានប្រហែល ២៤៥ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៦ខែឆ្នាំ២០១៩ កើនឡើងប្រមាណ៣៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនគ្រប់គ្រងកាស៊ីណូដ៏ធំ និងផ្ដាច់មុខ នៅរាជធានីភ្នំពេញនេះ បាននិយាយទៀតថា ការកើនឡើងនៃវិស័យទេសចរណ៍កម្ពុជា រួមបញ្ចូលទាំងកំណើន៣៧% នៃការមកដល់នៃទេសចរពីចិនដីគោក នៅ៧ខែឆ្នាំនេះ បានរួមចំណែកធ្វើឲ្យអាជីវកម្មរបស់ក្រុមហ៊ុនកាស៊ីណូមួយនេះ មានកំណើន៕