ភាពមិនច្បាស់លាស់ជុំវិញនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបានស្ថាប័នអន្តរជាតិធំៗជាច្រើនបានអះអាងថា នៅតែជាការគំរាមកំហែងមួយសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា ដ្បិតថាការនាំចេញរបស់កម្ពុជាមួយភាគធំគឺពឹងផ្អែកលើវិស័យកាត់ដេរសម្លៀកបំពាក់ ដែលមានការនាំចេញទៅទីផ្សារអឺរ៉ុបដោយមិនមានការបង់ពន្ធនោះឡើយ។
ទោះជាយ៉ាងនេះក្ដី របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ទោះបីជាសហភាពអឺរ៉ុបនឹងអាចសម្រេចដក EBA ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ក៏ដោយចុះ ប៉ុន្ដែការនាំចេញសម្លៀកបំពាក់របស់កម្ពុជានៅតែរំពឹងថាាបន្ដកំណើនរបស់ខ្លួនដដែល។ ធនាគារជាតិអះអាងបែបនេះ គឺផ្អែកទៅលើហេតុផលចំនួន៤ ធំៗ រួមមានដូចខាងក្រោម៖
១, យន្ដការនៃការដក EBA ពេញលេញនឹងត្រូវអនុវត្តនៅ៦ខែ ក្រោយពីការសម្រេច
២, កម្ពុជានៅតែអាចនាំចេញទៅទីផ្សារសហភាពអឺរ៉ុបបាន ទោះបីជា EBA ត្រូវបានដកក៏ដោយ ពីព្រោះការបាត់បង់ EBA គ្រាន់តែអាចបង្កើនថ្លៃទំនិញនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ដោយសារតែការដាក់ពន្ធក្នុងរង្វង់០,១% ទៅ១២,៥% ទៅតាមប្រភេទទំនិញ ប៉ុន្ដែប្រសិនបើតម្រូរការរបស់សហភាពអឺរ៉ុបមកលើទំនិញនាំចេញពិកម្ពុជានៅតែមាន នោះការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ក៏នៅតែមានកំណើនផងដែរ ជាពិសេសក្រោយពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ដោយសារតែទំនិញកម្ពុជានាំចេញទៅអង់គ្លេសមានចំនួន២០% នៃការនាំចេញទៅសហភាពអឺរ៉ុប។
៣, កំណើនប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា មិនទាន់មានផលប៉ះពាល់ទៅលើការប្រកួតប្រជែងរបស់កម្ពុជានោះទេ ដោយសារតែការបង្កើនមានលក្ខណៈសន្សឹមៗ ស្របពេលដែលផលិតភាពក៏បានកើនឡើងផងដែរ។
៤, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម, អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងសម្រួលការធ្វើពាណិជ្ជកម្ម ព្រមទាំងបានអនុវត្តការកែទម្រង់ចាំបាច់នានា សំដៅបង្កើតបរិយាកាសកាន់តែអំណោយផលដល់ការវិនិយោគ ជំរុញផលិតកម្មក្នុងស្រុក និងលើកកម្ពស់ការធ្វើពិពិធកម្មផលិតផល និងទីផ្សារនាំចេញជាដើម។
ក្រៅពីនេះទៀត ធនាគារជាតិក៏បានគូសបញ្ជាក់ដែរថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក៏នឹងត្រូវគាំទ្រដោយលំហូរវិនិយោគផ្ទាល់ពីបរទេស ដែលរំពឹងថា បន្តមានកំណើនរឹងមាំ ជាមួយនឹងការបង្កើនការវិនិយោគនៃប្រទេសក្នុងតំបន់ ដែលអំណោយផលដោយសក្ដានុពលនៃសេដ្ឋកិច្ចកម្ពុជា និងការបង្វែរទិសដៅវិនិយោគមកតំបន់អាស៊ីរួមមានកម្ពុជាផងដែរ។
កម្ពុជាអាចបាត់បង់ចំណូលប៉ុន្មាន បើគ្មាន EBA?
បើតាមការគូសរបស់ធនាគារពិភពលោក នៅក្នុងរបាយការណ៍កាលពីខែឧសភាឆ្នាំ២០១៩ កន្លងទៅ បានឲ្យដឹងថា បើគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA ទេនោះ កម្ពុជាអាចនឹងបាត់បង់ចំណូលពីការនាំចេញប្រមាណជាង ៦៥០លានដុល្លារអាមេរិក ដែលនេះ មិនទាន់រាប់បញ្ជូលការដកហូតពន្ធការនាំចូលកង់នៅឡើយ។ បើគេរាប់ទាំងផលិតផលកង់ទៀត នោះការធ្លាក់ចុះនេះ អាចនឹងមានច្រើនជាងនេះទៀត។
តាមធនាគារពិភពលោកដដែល បានឲ្យដឹងទៀតថា ប្រសិនបើមានការដកEBA មែននោះ សហភាពអឺរ៉ុប អាចនឹងចាប់ផ្ដើមអនុវត្តដកហូតពន្ធគយលើទំនិញសម្លៀកបំពាក់ ក្នុងអត្រា ១២% ខណៈផលិតផលស្បែកជើងដកហូតពន្ធគយ ១៦% និងកង់ ១០%។
ជុំវិញនឹងលទ្ធភាពដែលអាចឈានទៅដល់ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពនេះដែរ លោក ហាវ រតនៈ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាប្រមាណ ៣ ពាន់លានដុល្លារអាមេរិករួចជាស្រេច ដើម្បីទប់ស្កាត់ផលប៉ះពាល់នានា ដែលអាចកើតមានឡើង ដោយសារលទ្ធភាពនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBAនេះ។
តើកម្ពុជាអាចរៀនសូត្រអ្វីខ្លះ ពីបទពិសោធន៍នាំចេញអង្ករទៅអឺរ៉ុប ដោយតម្រូវឲ្យបង់ពន្ធគយ?
ទាក់ទឹងនឹងការនាំចេញទៅអឺរ៉ុបនេះដែរ បើយើងក្រឡេកទៅមើលការនាំចេញអង្ករវិញ ឃើញថា ក្រោយពីអឺរ៉ុបបានសម្រេចដកហូតយកពន្ធលើអង្ករនាំចូលពីកម្ពុជាចាប់តាំងពីដើមឆ្នាំ២០១៩មក បានធ្វើការនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារសហភាពអឺរ៉ុបមានការថយចុះគួរឲ្យកត់សម្គាល់។
ទន្ទឹមនឹងទីផ្សារនាំចេញអង្ករទៅអឺរ៉ុបថយចុះ គេសង្កេតឃើញថា អង្ករនាំចេញទៅទីផ្សារប្រទេសចិន ក៏បានហក់ឡើងគួរឲ្យកត់សម្គាល់ដែរ។
របាយការណ៍ពីការិយាល័យច្រកចេញចូលតែមួយ បានឲ្យដឹងថាការនាំចេញអង្ករទៅអឺរ៉ុបនៅឆ្នាំ២០១៩ សម្រេចបានប្រមាណ ២០ម៉ឺនតោន មានការថយចុះ ជាង៦,៦ ម៉ឺនតោន ថយចុះ៣២,៦០% ធៀបនឹងឆ្នាំ២០១៨។ ទោះយ៉ាងណា អង្ករនាំចេញទៅទីផ្សារចិននៅឆ្នាំ២០១៩ បានហក់កើនឡើងគួរឲ្យកត់សម្គាល់ដែរ ដែលជិត២៥ ម៉ឺនតោន កើនឡើង ជាង៦,២ ម៉ឺនតោន ស្មើនឹងកំណើន ២៥,២០% ធៀបនឹងឆ្នាំ២០១៨។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា ការនាំចេញអង្ករសរុបនៅឆ្នាំ២០១៩ សម្រេចបានប្រមាណ ៦២ ម៉ឺនតោន មានការថយចុះ០,៩% ធៀបនឹងឆ្នាំ២០១៨។
គួររំឭកថា ក្នុងសេចក្ដីប្រកាសរបស់គណៈកម្មការអឺរ៉ុប បានឲ្យដឹងទៀតថា ចាប់តាំងពីខែ១៨ មករា ឆ្នាំ២០១៩ សហភាព អឺរ៉ុបបានសម្រេចកំណត់ដកហូតពន្ធលើអង្ករនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ាផងដែរ ដោយឆ្នាំទី១ គឺឆ្នាំ២០១៩នេះ នឹងកំណត់ដកហូតពន្ធគយក្នុងតម្លៃ១៧៥ អឺរ៉ូ ឬស្មើនឹងប្រមាណ ២០០ ដុល្លារអាមេរិក ក្នុងអង្ករមួយតោន។ នៅឆ្នាំទី២ នឹងកំណត់ដកហូតពន្ធមកនៅត្រឹម ១៥០ អឺរ៉ូ ឬស្មើនឹងជាង ១៧០ដុល្លារអាមរិក និងឆ្នាំទី៣ ការដកហូតពន្ធនឹងថយចុះមកនៅ ១២៥ អឺរ៉ូ ឬស្មើនឹងជាង ១៤០ ដុល្លារអាមេរិក នៅក្នុងអង្ករមួយតោន។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយនិងជាអ្នកជំនាញសេដ្ឋកិច្ចកសិកម្ម ធ្លាប់បានលើកឡើងថា ការកំណត់ពន្ធលើអង្ករកម្ពុជាពីសំណាក់សហភាពអឺរ៉ុបនេះ អ្នកដែលត្រូវរងការខាតបង់ធំ គឺជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករទៅអឺរ៉ុប ពោលគឺ ពួកគេអាចនឹងត្រូវខាតបង់លើតម្លៃបន្ថែមប្រមាណ ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
សូមបញ្ជាក់ដែរថា កន្លងមកខាងសមាគមរោងចក្រកាត់ដេរកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនជាច្រើនលើករួចមកហើយក្នុងការអំពាវនាវដល់រាជរដ្ឋាភិបាល ក៏ដូចជាសហភាពអឺរ៉ុបឲ្យធ្វើការពិចារណ ដើម្បីធ្វើយ៉ាងរក្សានូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ EBA នេះដ្បិតថាវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ការនាំចេញរបស់កម្ពុជាក៏ដូចជាការជួយដល់កម្មកររោងចក្ររាប់សិបម៉ឺននាក់។
សមាគមធ្លាប់បានគូសបញ្ជាក់ពីហានិភ័យ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAនេះ អាចនឹងប៉ះពាល់ដល់ជីវភាពកម្មករ៧៥ម៉ឺននាក់ និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាប្រមាណ ៣លាននាក់ផងដែរ៕