ផ្សារទំនើប The Bridge Lifestyle Mall នេះ គឺជាសក្ខីភាពថ្មីមួយទៀតបង្ហាញអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សបំផុតនៅក្នុងរាជធានីភ្នំពេញ ដែលជាផ្សារទំនើបថ្មីប្លែកអស្ចារ្យ ដើម្បីបំពេញតាមតម្រូវការរស់នៅរបស់ប្រជាជននាពេលបច្ចុប្បន្ននេះ។ ដោយឆ្លើយតបទៅនឹងកំណើននៃសេចក្ដីត្រូវការរបស់ទីក្រុងភ្នំពេញ ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ ផ្សារទំនើបយើងខ្ញុំ មានហាងលក់ទំនិញ និងភោជនីយដ្ឋានល្បីៗ ដោយមានរចនាបថត្រូវបានរចនាឡើងយ៉ាងទាន់សម័យបំផុត។
ដោយមានទីតាំងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ផ្សារទំនើបនេះក៏មានទីតាំងស្ថិតនៅជិតបណ្ដុំអគារធំៗ អគារបែបប្រវត្តិសាស្រ្តល្បីៗ ដូចជា វិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ ព្រមទាំងស្ថិតនៅជិតនឹងមជ្ឈមណ្ឌល កោះពេជ្រ ដែលកំពុងមានការអភិវឌ្ឍដ៏មានសក្ដានុពលខ្លាំងបំផុតផងដែរ។
ផ្សារទំនើប The Bridge Lifestyle Mall មានចំនួន ៥ជាន់ នៅផ្នែកខាងក្រោមនៃអគារ The Bridge ដោយអគារនេះជាអគារអភិវឌ្ឍចម្រុះដ៏ធំមួយ រួមមាន ដូចជា លំនៅដ្ឋានសម្រាប់រស់នៅ ការិយាល័យពាណិជ្ជកម្ម និងហាងលក់ទំនិញលក់រាយ។ ផ្សារទំនើបនេះបានបង្កើតឡើងសម្រាប់ផ្តល់នូវបទពិសោធន៍នៃការទិញទំនិញបែបទំនើបថ្មីសន្លាង ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងផ្សារទំនើបនេះ មានដូចជា ហាងលក់ផលិតផលក្នុងស្រុកម៉ាកល្បីៗ ហាងលក់ផលិតផលយីហោអន្តរជាតិ ភោជនីយដ្ឋាន ធនាគារ ផ្សារម៉ាត ជាដើម និងមានចំណតរថយន្ត ដែលមានទីធ្លាធំទូលាយផងដែរ។
អគារ The Bridge ត្រូវបានបង្កើតឡើង និងអភិវឌ្ឍដោយក្រុមហ៊ុន Oxley-Worldbridge ដែលបានកំណត់នូវស្តង់ដារថ្មីមួយ នៃការរស់នៅក្នុងទីក្រុង ដែលប្រណីត ទាន់សម័យ ហើយលោកអ្នកក៏អាចរីករាយជាមួយនឹងការទិញទំនិញ និងពិសាអាហារនៅភោជនីយដ្ឋានប្រណីតៗ ផងដែរ។
អគារ The Bridge មានកម្ពស់ 45 ជាន់ ដែលខ្ពស់ជាងគេបំផុតនៅទីក្រុង ដែលមានអគារភ្លោះពីរជាប់គ្នា មានរចនាបថតភ្ជាប់គ្នា តាមរយ:ស្ពានលើអាកាសចំនួនពីរ។ អគារមួយ គឺជាកន្លែងស្នាក់នៅមានទម្រង់ជាអគារខុនដូរដ៏ប្រណីតទំនើប ហើយអគារមួយទៀត គឺជាអគារ SOHO (small office home office) ដែលអាចស្នាក់នៅបែបឯកជនក៏បាន ឬបែបការិយាល័យតូចៗក៏បាន ជាមួយនឹងទីធ្លាសម្រាប់ការរៀបចំកម្មវិធីផ្សេងៗ ផងដែរ។
នៅក្នុងអគារដ៏ទំនើបនេះ ក៏មានអាងហែលទឹក កន្លែងហាត់ប្រាណ សាលរៀបចំកម្មវិធី ដែលមានការការពារសន្តិសុខពេញ 24 ម៉ោង ព្រមទាំងមានភោជនីយដ្ឋាន និង បារ COLLIN’S® Cambodia នៅជាន់ទី13 ដែលមានទីធ្លាយ៉ាងធំទូលាយអាច ទទួលភ្ញៀវរហូតដល់ 310នាក់។ ជាមួយគ្នានេះដែរ ភ្ញៀវកិត្តិយសនឹងទទួលបាននូវបទពិសោធន៍នៃការទទួលទានអាហារដ៏ឆ្ងាញ់ពិសានៅភោជនីយដ្ឋានបែបទំនើប ហើយលោកអ្នកក៏អាចគយគន់ទេសភាពទីក្រុងយ៉ាងស្រស់ស្អាតដ៏ស្រស់ត្រកាលផងដែរ។
ដោយមានបំពាក់គ្រឿងបរិក្ខារដ៏ទំនើបទៅតាមតម្រូវការរបស់អ្នករស់នៅ និងភ្ញៀវទេសចរណ៍នៅទីក្រុង ផ្សារទំនើប The Bridge Lifestyle Mall មានផ្ដល់ជូននូវបទពិសោធន៍យ៉ាងសម្បូរបែបថ្មីៗជាច្រើន រួមមាន ហាងលក់កាហ្វេ កន្លែងញុំាអាហារ និងភោជនីយដ្ឋានទំនើបៗ ល្បីៗ ដែលមានក្នុងទីធ្លាផ្សារទំនើប និងភោជនីយដ្ឋានបែបទំនើបផ្សេងៗ ដូចជា ហាងលក់សម្លៀកបំពាក់ និងគ្រឿងបរិក្ខារ ហាងលក់គ្រឿងអលង្កការ គ្រឿងអគ្គិសនី និងគ្រឿងបរិក្ខារក្នុងផ្ទះជាដើម។
ដោយបានបង្កើតឡើងជាសហគមន៍បែបទំនើប ផ្សារទំនើប The Bridge Lifestyle Mall គឺជាទីកន្លែងដ៏ល្អប្រណីតសម្រាប់ប្រជាជនគ្រប់មជ្ឈដ្ឋានទាំងអស់មកជួបជុំគ្នា បន្ធូរអារម្មណ៍ ទិញទំនិញ និងលំហែកម្សាន្ត នៅក្នុងផ្សារទំនើបតែមួយ៕