ក្រសួងផែនការ និងវិនិយោគវៀតណាម បានគូសបញ្ជាក់ថា រយៈពេល ៤ខែដំបូងនេះ គម្រោងវិនិយោគមកពីក្រៅប្រទេស មានប្រមាណជិត ១ពាន់គម្រោង ដែលមានដើមទុនចុះបញ្ជីផ្លូវការប្រមាណ ៦ពាន់ ៧រយលានដុល្លារអាមេរិក ធ្លាក់ចុះ ២៧% ធៀបនឹងដើមទុនកាលពីឆ្នាំមុន។ដោយឡែកចំពោះ គម្រោងដែលមានស្រាប់ជាង ៣០០គម្រោង ក៏បានបង្កើនទុនចុះបញ្ជីប្រមាណ ៣ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះ កើនឡើងប្រមាណ ៤៦% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
វិស័យដែលវិនិយោគិនបរទេស ចាប់អារម្មណ៍ជាងគេគឺ វិស័យឧស្សាហកម្មផលិត និងកែច្នៃ មានទឹកប្រាក់វិនិយោគជាង ៦ពាន់លានដុល្លារអាមេរិក ហើយបន្ទាប់មកគឺ វិស័យផលិតថាមពល ដែលបានបោះទុនវិនិយោគប្រមាណ ៤ពាន់លានដុល្លារអាមេរិក ក្រៅពីនោះគឺ វិស័យលក់ដុំ និងរាយ និងវិស័យអចលនទ្រព្យ។
សូមជម្រាបដែរថា វិនិយោគិនសិង្ហបុរី ជាអ្នកវិនិយោគច្រើនជាងគេបង្អស់នៅក្នុងប្រទេសវៀតណាម ដែលមានទុនប្រមាណ ៥ពាន់លានដុល្លារអាមេរិក ខណៈវិនិយោគិនថៃ ឈរនៅលេខរៀងទី ២ បោះទុនប្រមាណ ១,៤ពាន់លានដុល្លារអាមេរិក និងជប៉ុន ឈរនៅលេខរៀងទី ៣ ជាមួយដើមទុនជាង ១ពាន់លានដុល្លារអាមេរិក៕