
ចំពោះមូលហេតុដែលនាំឲ្យមានការបិទរោចក្រទាំងនោះ ត្រូវបានឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា អាចដោយសារការក្ស័យធន បញ្ហាថៅកែ និងបញ្ហាផ្សេងៗមួយចំនួនទៀត។ ឯកឧត្តមបន្តថា«ចំពោះការស្នើសុំបង្កើតរោងចក្រកើតថ្មីចំនួន៧៧រោងចក្រនេះ គឺជាមោទនភាពមួយដែរ ដោយក្នុងដំណាក់កាលមួយដែលកម្ពុជារបស់យើង ក៏ដូចជាពិភពលោកកំពុងតែជួបប្រទះនូវបញ្ហាកូវីដ-១៩នេះ ព្រោះថារោងចក្រ នៅប្រទេសមួយចំនួនគឺខ្វះវត្ថុធាតុដើមប្រើប្រាស់ អញ្ចឹងប្រទេសច្រើនណាស់ដែលបិទរោងចក្រព្យួរការងារទាំងអស់តែម្តង»។

អ្នកនាំពាក្យបានបន្ថែមថា«អ្វីជាលក្ខណៈពិសេសរបស់កម្ពុជាយើងនោះគឹ យើងជាបងប្អូនល្អ ដៃគូល្អ ជាមិត្តភក្តិល្អជាមួយប្រទេសចិន។ អញ្ចឹងនៅពេលកម្ពុជាជួបការលំបាកកង្វះវត្ថុធាតុដើម យើងឃើញថា ចិនផ្តល់មកឲ្យកម្ពុជា គឺជាប្រទេសទី១នៅលើពិភពលោក ដែលគេផ្តល់វត្ថុធាតុដើមមកឲ្យ ថ្វីត្បិតតែមិនទាន់គ្រប់គ្រាន់មែន តែនឹងមកជាបន្តបន្ទាប់»។ ឯកឧត្តមបញ្ជាក់ថា ដោយសារតែនៅកម្ពុជាមានការធានា នូវវត្ថុធាតុដើមនេះហើយ ទើបជំរុញឲ្យមានការបង្កើតរោងចក្រថ្មីៗនៅក្នុងដំណាក់នេះ។
បើតាមរបាយការណ៍ដដែលបញ្ជាក់ថា នៅអំឡុងឆ្នាំ២០១៤ កម្រិតនៃការចូលរួមចំណែក របស់វិស័យឧស្សាហកម្ម គឺមានតិចតួចណាស់ ប្រមាណតែ ២០%ប៉ុណ្ណោះ ទៅក្នុង GDPកម្ពុជា។ នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ បានដាក់ចេញថា នៅក្នុងឆ្នាំ២០១៥ វិស័យឧស្សាហកម្ម នឹងត្រូវចូលរួមចំណែកឲ្យបាន ៣០% នៃGDP ប៉ុន្តែស្ថានភាពជាក់ស្តែង ត្រឹមតែឆ្នាំ២០១៧ប៉ុណ្ណោះ វិស័យឧស្សាហកម្មបានចូលរួមចំណែកនៅក្នុង GDP ដល់ទៅ៣០.១% ទៅហើយ បានន័យថា ដើរលឿនមុន ៨ឆ្នាំ។ ដោយឡែកក្នុងឆ្នាំ២០១៨ វិញ បានរួមចំណែកប្រមាណ ៣២.៤% តែឆ្នាំ២០១៩ អាចឡើងចុះតិចតួច ដោយសារបញ្ហាមួយចំនួន។
សូមជម្រាបថា នៅក្នុងឆ្នាំ២០១៩ តម្លៃសរុបនៃបរិមាណផលិតផលមានជិត ១៥ពាន់លានដុល្លារអាមេរិក កើនឡើង១៣% បើប្រៀបធៀបនឹងឆ្នាំ២០១៨ នៅក្នុងនោះបរិមាណតម្លៃសរុបបរិមាណផលិផល នាំចេញមានប្រមាណជាង១១ពាន់លានដុល្លារអាមរិក កើនឡើងប្រមាណ១៤%។រីឯ តម្លៃសរុបបរិមាណផលិតផលលក់ក្នុងស្រុកមានប្រមាណជាង ៣ពាន់លានដុល្លារ កើនឡើងប្រមាណ១១%៕