លោក Charles Esterhoy នាយកប្រតិបត្តិនៃក្រុមហ៊ុន Worldbridge Industrial Developments Co., Ltd ដែល គឺជាស្ថាបនិក និងជាអ្នកបង្កើតគម្រោងនេះ បានប្រាប់ថា ដំណោះស្រាយ ក្នុងការផ្សាភ្ជាប់គម្លាតរវាងអ្នកវិនិយោគផ្នែកផលិតកម្មអន្តរជាតិ និងសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា នោះគឺ ចាំបាច់ត្រូវតែបង្កើតឡើង ។
លោក Charles Esterhoy បានបន្ថែមថា «ការដាក់ចេញនូវខ្សែចង្វាក់ផលិតកម្មពេញលេញមួយ ស្ថិតក្នុងប្រព័ន្ធបរិក្ខារ សម្របសម្រួល សេវាកម្ម គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ដែលមានលក្ខណៈបត់បែននិងឆ្លើយតបខ្ពស់ ដោយប្រើ ប្រាស់នូវបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ និង បញ្ចូលនូវបច្ចេកទេសគ្រប់គ្រងបែបសកម្ម ខ្សែចង្វាក់ផលិតកម្ម និង ប្រព័ន្ធទាំងនេះ ត្រូវបានផ្សាភា្ជប់ជាមួយគ្នា ដើម្បីអាចផលិតបាននូវទិន្នផលដែលមានតម្លៃខ្ពស់ សម្រាប់ទីផ្សារ ក្នុងស្រុកនិងក្រៅប្រទេស»។
លោក ឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនវើលដ៏ប្រ៊ីដ បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងយក SME Cluster ទៅឲ្យកៀកបំផុត នៅកន្លែងដែលមានវត្ថុធាតុដើម។
លោក ឧកញ៉ា សៀ ឫទ្ធី បានបន្ថែមថា «នៅទីនេះ គឺគ្រាន់តែជាគំរូម៉ូដែលមួយទេ ប៉ុន្តែអ្វីដែលយើងចង់ធ្វើនោះ គឺយើងនឹងយក SME Clusterនេះ ទៅឲ្យកៀកបំផុត នៅកន្លែងដែលមានវត្ថុធាតុដើមនៅកន្លែងដែល គាត់មានវត្ថុធាតុដើម គឺអ្វីដែលយើងចង់ធ្វើគឺ ទៅកៀកកន្លែងដែលគាត់ផលិត បានន័យថា វត្ថុធាតុដើម ដើម្បីយកវាមកផលិត វាអស់ដើមទុនតិច»។
លោកឧកញ៉ា បានបន្ថែមថា សម្រាប់សហគ្រិនដែលមានបំណងរៀបចំចង្វាក់ផលិតកម្មខ្លួន ចូលមកក្នុងSME Cluster នេះ គឺមិនមានលក្ខខណ្ឌតម្រូវ ស្មុគស្មាញនោះទេ មានតែខាងក្រុមហ៊ុនរបស់លោកជួយបន្ថែមទៀត ដូចជា ជួយដល់ការរកធនធាន រួមមានធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីបង្កើនចង្វាក់ផលិតកម្មដល់សហគ្រាសទាំងនោះ។
សូមបញ្ជាក់ថា គម្រោង SME Cluster ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ២១ ភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅជាប់គម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គលតែម្តង។ ម្យ៉ាងវិញទៀត គម្រោងនេះ ក៏នៅជិតគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី និងនៅក្បែរផ្លូវក្រវាត់ក្រុងទី៣ គឺត្រូវបានចាត់ទុកថាជា គម្រោងបណ្ដុំសហគ្រាស ធុនតូច និងមធ្យម ដែលជាដំណោះស្រាយយុទ្ធសាស្ត្រ ប្រកបដោយនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍន៍វិស័យ ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជា៕