ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងថ្មីសម្រាប់បង្ការនុយក្លេអ៊ែរកូរ៉េខាងជើង ដែលកូរ៉េខាងត្បូងទើបបានចុះជាមួយសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន, អ្នកនាង គីម យ៉ូ ជុង (Kim Yo Jong) ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បានថ្លែងប្រទេចចំៗ ទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទាំងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល។
កិច្ចប្រជុំកំពូលរបស់មេដឹកនាំកូរ៉េខាងត្បូង និងមេដឹកនាំសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ សប្ដាហ៍មុន សម្រេចបាននូវកិច្ចព្រមព្រៀងជាច្រើនចំណុចលើលក្ខខណ្ឌការពារជាតិ រួមទាំងផែនការនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក សម្រាប់ការពារកូរ៉េខាងត្បូង ពីការវាយប្រហារដោយអាវុធប្រភេទនេះពីសំណាក់កូរ៉េខាងជើង។ កិច្ចព្រមព្រៀងនោះចែងអំពីការចែករំលែកព័ត៌មានអំពីគម្រោងប្រតិបត្តិការនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកឱ្យកូរ៉េខាងត្បូង និងការបញ្ជូននាវាមុជទឹករបស់សហរដ្ឋអាមរិកមកកាន់កូរ៉េខាងត្បូងដែរ។
នៅក្នុងការអត្ថាធិប្បាយខ្លួននៅតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង អ្នកនាង គីម យ៉ូ ជុង បាននិយាយថា កិច្ចព្រមព្រៀងអាមេរិក-កូរ៉េខាងត្បូងបានឆ្លុះបញ្ចាំងពី«ឆន្ទៈអរិភាពនិងអំពើឈ្លានពានជាទីបំផុត» ចំពោះកូរ៉េខាងជើង ហើយថាកិច្ចព្រមព្រៀងនោះនឹងរុញឱ្យសន្តិភាព និងសន្តិសុខក្នុងតំបន់ធ្លាក់ចូលក្នុង«គ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ»។
អ្នកនាង គីម ដែលជាមន្ត្រីកំពូលម្នាក់របស់លោក គីម ជុង អ៊ុន ដែលជាបងប្រុស លើផ្នែកគោលនយោបាយការបរទេស បាននិយាយទៀតថា កិច្ចប្រជុំកំពូលនេះពង្រឹងបន្ថែមការប្ដេជ្ញារបស់កូរ៉េខាងជើងក្នុងការបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួនតទៅទៀត។
អ្នកនាងបានបន្ថែមថា ជាពិសេស វានឹងមានសារៈសំខាន់សម្រាប់កូរ៉េខាងជើង ក្នុងការធ្វើឱ្យល្អឥតខ្ចោះនូវ«បេសកកម្មទីពីរសំដៅរារាំងសង្គ្រាមនុយក្លេអ៊ែរ»។ ការលើកឡើងបែបនេះគឺសំដៅដល់ទ្រឹស្ដីនុយក្លេអ៊ែរដែលដែលទាមទារឱ្យមានការវាយប្រហារដោយនុយក្លេអ៊ែរជាចាំបាច់លើកន្លែងណាដែលរបបកូរ៉េខាងជើងយល់ថាខ្លួនស្ថិតនៅក្រោមការគំរាមហែង។
ប្អូនស្រីលោក គីម ជុង អ៊ុន បានប្រទេចលោក ចូ បៃដិន ដែលបានព្រមានថា «ការរំលោភបំពានដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងនាំទៅដល់ទីបញ្ចប់នៃរបបនេះ»។ អ្នកនាង គីម យ៉ូ ជុង បានប្រមាថថា លោក បៃឌិន ជាមនុស្សចាស់ជរា ហើយថារូបលោក«គិតខុសខ្លាំងណាស់ និងក្លាហានដោយគ្មានការទទួលខុសត្រូវ»។
ជាមួយគ្នានោះ អ្នកនាង គីម បានដៀលប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយើល ថាជា«មនុស្សល្ងង់»ដែលខំប្រឹងពង្រឹងការការពារជាតិកូរ៉េខាងត្បូង ដោយរួមដៃជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក និងដែលខំពង្រឹងសមត្ថភាពកាំជ្រួចធម្មតារបស់កូរ៉េខាងត្បូង។ អ្នកនាងបានថ្លែងថា លោក យូន បានផ្ញើទំនុកចិត្តរបស់គាត់លើសហរដ្ឋអាមេរិកទាំងស្រុង ទោះបីជាទទួលបានមកវិញនូវការសន្យា«ខ្យល់»ក៏ដោយ។
ក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បានពណ៌នាការអត្ថាធិប្បាយរបស់អ្នកនាង គីម យ៉ូ ជុង ថា «ឥតខ្លឹមសារ» ហើយថា ពាក្យសម្ដីទាំងនោះបង្ហាញឱ្យឃើញ«សេចក្ដីភ័យខ្លាចនិងការខកចិត្ត»របស់កូរ៉េខាងជើង នៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ក្នុងការពង្រឹងការទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែរ៕