
KFA Property Co,.Ltd ដែលជាក្រុមហ៊ុនហ៊ុនថ្មីមួយ ដែលទើបតែប្រសូតចេញពីក្រុមហ៊ុន Khmer Foundation Appraisal របស់ឧកញ៉ា នួន ឫទ្ធី នឹងបើកគម្រោងដំបូងរបស់ខ្លួន ដែលមានឈ្មោះថា កៀនស្វាយ Park នៅលើផ្ទៃដី ជិត៣ម៉ឺនម៉ែត្រការេ (ជិត៣ហិកតា) ស្ថិតនៅក្នុង ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បើតាមម្ចាស់គម្រោង ក្នុងគម្រោងនេះ នឹងមានអភិវឌ្ឍលំនៅដ្ឋានប្រភេទវីឡាកូនកាត់ ព្រមទាំងមានផ្សារទំនើបនៅក្នុងគម្រោងនោះផងដែរ។
លោកឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានឲ្យដឹងថា ការបើកក្រុមហ៊ុនថ្មីរបស់លោកដែលមានឈ្មោះថា KFA Property Co,.Ltd នេះ គឺជាជំហានថ្មីមួយទៀត ដែលលោកនឹងត្រូវបន្តដើរនៅលើវិថីនៃវស័យអចលនទ្រព្យ។ ឧកញ៉ាបន្តថា បច្ចុប្បនេះ KFA Property Co,.Ltd កំពុងតែរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងគម្រោងកៀនស្វាយ Parkនេះ ដូចជា ការចាក់ដី រៀបចំប្រព័ន្ធលូ ឃ្លាំងដាក់សម្ភារ ផ្លូវ សួនច្បារមួយចំនួន ព្រមទាំងកំពុងដំណើរការឯកសារទៅកាន់ក្រសួងពាក់ព័ន្ធនានាផងដែរ។
ចំពោះមូលហេតុដែលនាំឲ្យឧកញ៉ាវ័យក្មេងរូបនេះ សម្រេចចិត្តជ្រើសរើសទីតាំងស្រុកកៀនស្វាយដើម្បីសាងសង់គម្រោងកៀនស្វាយ Parkនេះ ដោយសារតែឧកញ៉ាមានសុទិដ្ឋិនិយមចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកទីក្រុង ជាពិសេសការពង្រីកផ្លូវក្រវាត់ក្រុង ដែលគម្រោងកៀនស្វាយ Parkនេះ គឺជាប់នឹងផ្លូវក្រវាត់ក្រុងទី៣ ។តាមអ្វីដែលលោកមើលឃើញ គឺសក្តានុពលនៃផ្លូវក្រវាត់ក្រុងមួយនេះ គឺមានសន្ទុះខ្លាំងជាងផ្លូវក្រវាត់ក្រុងទី២ទៅទៀត ។
លោកបានបន្ថែមថា ចំនួនប្រជាជនទាំងក្នុងក្រុង និងជាយក្រុងក៏មានកំណើនគួរឲ្យត់សម្គាល់ ជាហេតុធ្វើឲ្យតម្រូវការលំនៅដ្ឋានកាន់ច្រើន ។ អ្វីដែលកាន់តែពិសេសទៀតនោះ នៅតំបន់ក្បែរផ្លូវក្រវាត់ក្រុងទី៣នេះ ក៏សំបូរការងារសម្រាប់ពលរដ្ឋផងដែរ ព្រោះមិនយូរប៉ុន្មានព្រលានយន្តថ្មីនឹងមានវត្តមាននៅក្បែរនោះ ដូច្នេះ គម្រោងព្រលានយន្តហោះនឹងផ្តល់ការងារបានយ៉ាងច្រើនដល់ពលរដ្ឋនៅតំបន់នោះ ដោយមិនចាំធ្វើដំណើរទៅធ្វើការឆ្ងាយពីផ្ទះនោះឡើយ។

លក្ខណៈអំណោយផលមួយទៀតសម្រាប់គម្រោងកៀនស្វាយ Park គឺ ដោយសារតែ ឆាប់ៗនេះ អាជ្ញាធរនឹងតម្រូវឲ្យឃ្លាំងធំៗ រោងចក្រសហគ្រាស និងយានដ្ឋានខ្នាតធំ ត្រូវរុះរើទៅកាន់តំបន់ជាប់ផ្លូវក្រវាត់ក្រុងទី៣ផងដែរ ដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងទីក្រុង។ មួយវិញទៀត ចំងាយពីទីតាំងសាងសង់គម្រោងនេះ មកកាន់រាជធានីភ្នំពេញ មានចំងាយប្រមាណតែជាង២៤គីឡូម៉ែតប៉ុណ្ណោះ ដូច នេះអតិថិជនដែលធ្វើដំណើរចំណាយពេលធ្វើដំណើរតែ១០ទៅ១៥នាទី។

ក្នុងនាមឧកញ៉ា ជាអ្នកជំនាញផ្នែកដីធ្លីនិងអចលទ្រព្យ លោកជឿជាក់យ៉ាងមុតមាំថា គម្រោងកៀនស្វាយ Parkនេះ ពិតជាទទួលបានជោគជ័យ ដោយឈរនៅលើកត្តាចំនួន៣ ទី១គឺទីតាំងអំណោយផលល្អដែលមានហេដ្ឋារចនាសម្ព័ន្ធស្រាប់ងាយស្រួល សម្រាប់ការរស់នៅ។ ទី២គឺ ផលិតផលក្នុងស្រុកសរុប(GDP)មានកំណើនជាលំដាប់ ដោយកម្ពុជានឹងក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងពេលដ៏ឆាប់នេះដែរ។
មួយវិញទៀត ធនាគារ ដែលជាដៃគូសហការរបស់ជាមួយក្រុមហ៊ុនលោកនឹងបង្កលក្ខណៈងាយស្រួលយ៉ាងច្រើន ដល់អតិថិជនដែលមានបំណងបង់រលស់ជាមួយនឹងលំនៅដ្ឋាននៅក្នុងគម្រោងនេះ។ កត្តាទី៣ គឺ តម្លៃលំនៅដ្ឋានក្នុងកម្រោងនេះ មានតម្លៃសមរម្យ ក្រោម៥ម៉ឺនដុល្លារ ដែលស័ក្ដិសមសម្រាប់អ្នកដែលមានជីវភាពមធ្យមក៏អាចទិញស្នាក់នៅបានដែរ៕