បើតាមសេចក្ដីរាយការណ៍ពីប្រភពព័ត៌មានថៃបាងកកប៉ុស្ដិ៍ ការលេចធ្លាយប្រេងចេញពីបំពងបង្ហូរប្រេងនៅក្រោមបាតសមុទ្រនេះ គឺបានកើតឡើងមកតាំងពីថ្ងៃអង្គារសប្ដាហ៍នេះមកម្ល៉េះ ហើយយ៉ាងហោចណាស់មានប្រេងប្រហែល ១៦ម៉ឺនលីត្រត្រូវបានលេចធ្លាយចូលទៅក្នុងសមុទ្រ។
សមុទ្រនៅក្បែរតំបន់ ម៉ាប តាភូត នៃខេត្តរ៉ាក់យ៉ងប្រទេសថៃ កំពុងត្រូវបានបំពុលទៅដោយប្រេងឆៅ ដែលបានលេចធ្លាយចេញពីបំពង់បង្ហូរប្រេងនៅក្រោមបាតសមុទ្ររាប់ម៉ឺនលីត្រ ដោយបំពង់បង្ហូរប្រេងដែលលេចធ្លាយប្រេងនេះ គឺជារបស់ក្រុមហុន Star Petroleum Refining Public Company limited។
សម្រង់សម្ដីដោយការសែតបាងកកប៉ុស្ដិ៍ លោក សាផុន ថុងឌី អគ្គនាយក នាយកដ្ឋានធនធានឆ្នេរសមុទ្ររបស់ថៃ បានអះអាងថា តាមការរាយការណ៍ពីក្រុមហ៊ុនបានឲ្យដឹងថា ប្រេងដែលបានលេចធ្លាយចេញទៅពាសពេញផ្ទៃទឹកសមុទ្រនេះ គឺបានលេចធ្លាយតាំងពីយប់ថ្ងៃអង្គារទី ២៥ មករាមកម្ល៉េះ ហើយអាជ្ញាធរក៏កំពុងដុតដៃដុតជើងខ្លាំងណាស់ដែរ ក្នុងការសម្អាតប្រេងទាំងនោះចេញពីផ្ទៃទឹកសមុទ្រ និងបញ្ឈប់វាកុំឲ្យរសាត់ទៅកាន់តែឆ្ងាយទៅកាន់ភាគខាងជើង និងបន្ដទៅកាន់ឆ្នេរសមុទ្រនៅក្នុងខេត្តរ៉ាក់យ៉ង ខណៈប្រេងទាំងនោះ ក៏កំពុងរសាត់អណ្ដែតកាន់តែឆ្ងាយទៅៗ និងអាចទៅដល់ច្រាំងនៃឆ្នេសមុទ្រឆាប់ៗនេះ បើសិនជាទប់ស្កាត់មិនបានទាន់ពេលវេលា។
តាមការរាយការណ៍ ប្រេងដែលបានលេចចេញពីបំពង់បង្ហូរប្រេងនេះ គឺបានកើតឡើងនៅចំណុចត្រង់កន្លែងនាវាផ្ទុកប្រេងឈប់លើកដាក់ប្រេង ដែលវាត្រូវបានគេសង្ស័យថា ជាការលេចធ្លាយដោយខ្លួនឯង។ ទោះយ៉ាងណា ក្រុមហ៊ុនកំពុងបន្ដវាយតម្លៃលើហេតុការណ៍នេះបន្ថែមទៀត។
បច្ចុប្បន្ន ក្រុមហ៊ុនបានផ្ដល់ទូក និងកម្លាំងជាច្រើន រួមទាំងឧបករណ៍នានាដែលចាំបាច់ ទៅឲ្យរដ្ឋាភិបាល និងភ្នាក់ងារឯកជន ដើម្បីចូលរួមសម្អាតប្រេងដែលលេចធ្លាយចេញពីផ្ទៃទឹកសមុទ្រ។ ការសម្អាតប្រេងទាំងនេះ អាចនឹងត្រូវការពេលវេលា៧ថ្ងៃ ខណៈដែលការសង្គ្រោះឲ្យមានប្រតិបត្តិការកប៉ាល់ដឹកប្រេងឡើងវិញអាចត្រូវការយៈពេល១៥ថ្ងៃឯណោះ៕