បើតាមការអះអាង ពីក្រុមហ៊ុន អកស៍ឡី ជេម បានបញ្ជាក់ថា ការព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុន Sino Great Wall នេះ គឺបន្ទាប់ពីក្រុមហ៊ុន អ្នកម៉ៅការសាងសង់មួយនេះ មិនព្រមចាកចេញពីកម្រោងសាងសង់អគារ The Peak ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. ចូលទៅអភិវឌ្ឍបន្ដនោះទេ ខណៈដែលក្រុមហ៊ុន Sino Great Wall នេះ គឺត្រូវបានក្រុមហ៊ុន អកស៍ឡី ជេម បានសម្រេចរំលាយកិច្ចសន្យាសាងសង់ជាមួយ តាំងតែពីខែតុលា ឆ្នាំ២០១៩មកម្ល៉េះ។
ការរំលាយកិច្ចសន្យាសាងសង់ជាមួយ ក្រុមហ៊ុន Sino Great Wallនេះ ត្រូវបានក្រុមហ៊ុន អកស៍ឡី ជេម អះអាងថា គឺដោយសារតែ ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Sino Great Wall មានបញ្ហាហិរញ្ញវត្ថុ និងដោយសារក្រុមហ៊ុន SGW គ្រប់គ្រងគម្រោងមិនត្រឹមត្រូវ ជាហេតុនាំឱ្យការសាងសង់គម្រោងជួបប្រទះការលំបាក និងមានភាពយឺតយ៉ាវជាខ្លាំង។
នៅពេលដែលកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន Sino Great Wall ត្រូវបានរំលាយ ក្រុមហ៊ុននេះមានកាតព្វកិច្ចក្នុងការចាកចេញពីទីតាំងគម្រោង ដើម្បីឱ្យក្រុមហ៊ុនម៉ៅការថ្មី ចូលកាន់កាប់ទីតាំងដើម្បីបន្តការសាងសង់គម្រោង។ ប៉ុន្ដែ ក្រុមហ៊ុន Sino Great Wall បានបំពានកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួន ដោយមិនព្រមចាកចេញពីទីតាំងគម្រោង និងធ្វើការកាន់កាប់គម្រោងយ៉ាងខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន អកស៍ឡី ជេម។
ទោះយ៉ាងណា ដោយមានការជួយអន្តរាគមន៍ពីសំណាក់ អាជ្ញាធរ គិតមកទល់ថ្ងៃទី ២៨ កុម្ភៈនេះ ក្រុមហ៊ុន អកស៍ឡី ជេម អាចកាន់កាប់ និងគ្រប់គ្រងទីតាំងគម្រោងបានមកវិញយ៉ាងពេញលេញហើយ ដូច្នេះ ក្រុមហ៊ុនម៉ៅការសាងសង់ថ្មី នឹងចាប់ផ្ដើមការងារសាងសង់គម្រោងបន្ត ក្នុងពេលឆាប់ៗខាងមុខនេះ។
ទោះជាយ៉ាងនេះក្ដី ដូចការបញ្ជាក់ខាងលើ ក្រុមហ៊ុន អកស៍ឡី ជេម នៅតែកំពុងឲ្យមេធាវីរបស់ក្រុមហ៊ុនសិក្សាផ្លូវច្បាប់ និងរៀបចំឯកសារក្នុងការប្ដឹងទាមទារសំណងខូចខាត ពីក្រុមហ៊ុន Sino Great Wallផងដែរ៕