ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលមានការដាច់ចរន្តអគ្គិសនីអស់រយៈពេលជាច្រើនម៉ោង នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ជាមួយនឹងតម្រូវការលើសពីការផលិតក្នុងអំឡុងពេលរដូវក្តៅខ្លាំងនេះផងដែរ។ ហើយការកើនឡើងតម្លៃប្រេងឥន្ធនៈសកលក៏បានបង្កើនសម្ពាធមួយបន្ថែមទៀត បូករួមនិងរូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ចុះដល់កម្រិតទាបបំផុតធៀបនឹងប្រាក់ដុល្លារអាមេរិក។
រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោកស្រី ម៉ារីយុម អ៊ូរ៉ាងសេប (Marriyum Aurangzeb) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា "ប្រទេសប៉ាគីស្ថានកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរ ហើយ ត្រូវការវិធានការណ៍អភិរក្សថាមពលមួយដ៏មានប្រសិទ្ធិភាព។
គួររំលឹកឡើងវិញថា បន្ទាប់ពីចូលកាន់តំណែងកាលពីខែមេសា នាយករដ្ឋមន្ត្រីថ្មី លោក ហ្សើបា សារីហ្វ (Shehbaz Sharif) បានបង្កើនថ្ងៃធ្វើការដល់ប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ ដែលថ្ងៃអាទិត្យជាថ្ងៃឈប់សំរាក ហើយគាត់គូសបញ្ជាក់ថា ការធ្វើបែបនេះ គឺចង់បង្កើនផលិតភាពការងារឲ្យបានខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយនេះបានបណ្តាលឱ្យមានការប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ធនៈកាន់តែច្រើនបន្ថែមទៀត ពីសំណាក់អ្នកធ្វើការក្នុងជួររដ្ឋាភិបាល និងវិស័យឯកជន។
មួយវិញទៀត ប្រទេសប៉ាគីស្ថានបានឆ្លងកាត់ការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនម៉ោងកាលពីខែមុន ដែលទីក្រុងធំៗបានដាច់ភ្លើងពី ៤ ទៅ ៦ ម៉ោងក្នុងមួយថ្ងៃ ហើយនៅតំបន់ជនបទបានដាច់ជាងប្រាំបីម៉ោង ចំពេលដែលសីតុណ្ហភាពនៅទូទាំងប្រទេសកើនឡើងដល់ ៥០ អង្សារសេនៅតំបន់ខ្លះនៃប្រទេស។
ការណ៍នេះបាននាំឲ្យគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មីបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំផែនការសម្រាប់ធ្វើការពីផ្ទះរៀងរាល់ថ្ងៃសុក្រ នៃការិយាល័យរដ្ឋាភិបាលទាំងអស់ និងការបិទទីផ្សារពាណិជ្ជកម្មឱ្យបានឆាប់រហ័សផងដែរ។
ទោះបីជាបែបនេះក្តី រដ្ឋាភិបាលលោក សារីហ្វ បានស្តីបន្ទោសខ្លាំងៗទៅលើការគ្រប់គ្រងមិនត្រឹមត្រូវនៃវិស័យថាមពល ដោយរដ្ឋបាលមុនរបស់នាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោក អីមរ៉ាន ខាន (Imran Khan) ។ តែលោក ខាន ដែលជាអាតីតនាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថាននោះ បានច្រានចោលការរិះគន់នេះទាំងស្រុង៕
អត្ថបទ៖ ហ៊ុន គន្ធថៃ