នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក បានលើកសំណើនេះ នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីថ្ងៃអង្គារទី ៣១ ខែមីនាកន្លងទៅនេះ ដែលការឧបត្ថម្ភនេះ គឺត្រូវកំណត់ស្មើនឹងពាក់កណ្ដាលនៃប្រាក់ឈ្នួលអប្បរមារបស់កម្មករនយោជិត។
នាយករដ្ឋមន្ត្រីវៀតណាម បានស្នើទៀតថា អាជីវកម្មត្រូវប្រាកដថា ពួកគេមានមូលនិធិគ្រប់គ្រាន់ ដើម្បីទូទាត់សម្រាប់បុគ្គលិករបស់ពួកគេទាំងអស់ ដែលរងផលប៉ះពាល់។ អាជីវកម្ម ដែលមិនមានមូលនិធិគ្រប់គ្រាន់ នឹងត្រូវបានអនុញ្ញាតឲ្យខ្ចីប្រាក់ពីធនាគារវៀតណាមសម្រាប់គោលនយោបាយសង្គម (VBSP) ក្នុងអត្រាការប្រាក់អនុគ្រោះ ហើយធនាគាររដ្ឋរវៀតណាម នឹងតម្រូវឲ្យមានការផ្គត់ផ្គង់មូលនិធិបន្ថែមទៀតសម្រាប់ធនាគារ VBSP នេះ។
ក្រោមសំណើនេះដែរ អ្នកក្រីក្រ នឹងទទយលបានប្រាក់ឧបត្ថម្ភប្រចាំខែ ៤៣ ដុល្លារ ខណៈអ្នកដែលទទួលបានអត្ថប្រយោជន៍គាំពារសង្គម នឹងទទួលបានប្រមាណជាង ២១ ដុល្លារអាមេរិក ក្នុងមួយខែ។ រីឯ អាជីវកម្មខ្នាតតូចលក់ដូរចតិចតួច (Household Business) ដែលត្រូវបានព្យួរប្រតិបត្តិការអាជីវកម្ម ដោយសារតែ Covid-19 នឹងទទួលបានប្រាកឧបត្ថម្ភគាំទ្រ ៤៣ ដុល្លារអាមេរិកដូចគ្នាដែរ។
ប្រាក់ឧបត្ថម្ភទាំងនេះ នឹងត្រូវបានផ្ដល់ជូនយ៉ាងហោចណាស់ រយៈពេល ៣ខែ ពោលគឺរហូតដល់ខែ មិថុនា ហើយថវិកានេះ ត្រូវបានដកចេញពីកញ្ចប់ថវិការដ្ឋាភិបាលកណ្ដាល និងរដ្ឋបាលក្នុងស្រុក ដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ១,២ ទៅ១,៣ ពាន់លានដុល្លារអាមេរិក។
លោក ង្វៀន សៀនហ្វុក និយាយថា ស្ថានភាពបន្ទាន់នាពេលបច្ចុប្បន្ន ទាមទារឲ្យរដ្ឋាភិបាលធានានូវកម្រិតជីវភាពរស់នៅជាមូលដ្ឋានរបស់ប្រជាជន ពិសេសសម្រាប់កម្មករអ្នកក្រ, អ្នកទន់ខ្សោយងាយរងគ្រោះ, អ្នកធ្វើការងារក្រៅម៉ោង និងអ្នកទាំងឡាយណា ដែលបានបាត់បង់ការងារធ្វើ ព្រោះថា បញ្ហា Covid-19នេះ មិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលិតកម្ម អាជីវកម្ម និងចំណូលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជនផងដែរ។
ទោះយ៉ាងណា នាយករដ្ឋមន្ត្រីវៀតណាមសង្កត់ធ្ងន់ថា គម្រោងសំណើនេះ អាចនឹងគាំទ្រសម្រាប់តែពលរដ្ឋដែលរងផលប៉ះពាល់ពិតប្រាកដប៉ុណ្ណោះ ដោយមិនរំលងនរណាម្នាក់នោះឡើយ ហើយក៏មិនបណ្ដោយឲ្យកញ្ចប់ថវិកានេះ ត្រូវបានកិបកេងសម្រប់ជាប្រយោជន៍របស់នរណាម្នាក់នោះឡើយ។
គិតត្រឹមព្រឹកថ្ងៃទី ០១ មេសានេះ វៀតណាម រកឃើញអ្នកឆ្លងមេរោគ Covid-19 សរុបកើនដល់ ២១២ ករណីហើយ ក្នុងនោះ មាន៦០ករណី ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយពីព្យាបាលជាសះស្បើយ៕
ប្រភព៖ VN Express