ប្រទេសថៃ

គណបក្សភឿថៃបានត្រៀមបេក្ខជនបីរូបសម្រាប់ដឹកនាំក្រុមចម្រុះគាំទ្របង្កើតរដ្ឋាភិបាល ប្រសិនបើលោក ភីតា បរាជ័យការបោះឆ្នោតសភា


លោក ភីថា លីមចំរឿនរ៉ាត់ មេដឹកនាំគណបក្សឆ្ពោះទៅមុខបានទទួលការគាំទ្រជាថ្មីជាបេក្ខជននាយករដ្ឋមន្រ្តី តែមួយគត់របស់ក្រុមចម្រុះ៨បក្ស នៅក្នុងការបោះឆ្នោត សភាជុំទីពីរនៅថ្ងៃទី ១៩ ខែកក្កដា ។ នៅក្នុងករណីលោក ភីតា បន្ដបរាជ័យទៀតនោះ គណបក្សភឿថៃ ដែលគេដឹងថា ជាថៃក្រហមនឹងទទួលភារៈស្វែងរកបេក្ខជននាយករដ្ឋមន្រ្តីបន្ត ដោយនៅក្នុងនោះបេក្ខជនបី រូបនឹងលេចចេញ សម្រាប់ការជ្រើសរើស ។ តើនរណាខ្លះនឹងអាចក្លាយជាបេក្ខជននាយករដ្ឋមន្រ្តីរបស់ ភឿថៃ?
ភឿថៃត្រៀមបេក្ខជនបីរូបសម្រាប់ក្រុមចម្រុះគាំទ្របង្កើតរដ្ឋាភិបាល
ដោយ

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗនៅក្នុងប្រទេសថៃ លោក ភីថា លីមចំរឿនរ៉ាត់ មេដឹកនាំគណបក្សឆ្ពោះទៅមុខដែលបានឈ្នះឆ្នោត ទទួលបានការគាំទ្រពីក្រុមចម្រុះ៨បក្សជាថ្មី នៅក្នុងការដាក់រូបលោកជាបេក្ខជននាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតសភា នៅជុំទី២ នៅថ្ងៃ១៩ខែកក្កដា ។
ទោះបីជាក្រុមចម្រុះបានសម្រេចបន្តគាំទ្របេក្ខភាព លោក ភីថា ជានាយករដ្ឋមន្រ្តីជាថ្មីក៏ដោយ ក៏អ្នកវិភាគជាច្រើនបានអះអាងថា ដរាបណាលោកនៅតែបន្តតឹងរ៉ឹងលើគោលនយោបាយរបស់គណបក្ស ចំពោះកំណែទម្រង់រាជានិយម ជាពិសេសគឺវិសោធនកម្មជំពូកទី២៧២នៃរដ្ឋធម្មនុញ្ញ ដែលចងក្រងដោយយោធានោះ លោកពិតជាពិបាកនឹងទទួលបានការគាំទ្រពីសមាជិកសភា និង ព្រឹទ្ធសភា ឲ្យបានគ្រប់ ៣៧៥ សម្លេងណាស់។
ក្រោយប្រជុំកាលពីថ្ងៃច័ន្ទដើមសប្តាហ៍កន្លងទៅនេះ លោក ភីថា នៅតែបន្តអះអាងថា នៅក្នុងករណី ដែលលោកបរាជ័យដៃគួចម្រុះដែលឈ្នះឆ្នោតលំដាប់ទី២ នឹងទទួលការគាំទ្រពីគណបក្សឆ្ពោះទៅមុខរបស់លោក ដើម្បីក្លាយជានាយករដ្ឋមន្រ្តី ប៉ុន្តែក៏មិនទាន់ដឹងថា បេក្ខជននាយករដ្ឋមន្រ្តីថ្មីរបស់ភឿថៃថាជានរណាដែរ ។
តើនរណាអាចទទួលបានឱកាសនិងការគំាពីក្រុមចម្រុះជាបេក្ខជននាយករដ្ឋមន្រ្តីថ្មី របស់គណបក្សភឿថៃជំនួសលោក ភីថា ?

អ្នកវិភាគបានលើកឡើងថា នៅក្នុងករណីលោក ភីថា មិនទទួលការគាំទ្រ ភឿថៃ អាចមានបេក្ខជនបីរូប ដែលរួមមាន មហាសេដ្ឋី អចលនទ្រព្យថៃ គឺ លោក ស្រេថា ថាវីសិន (Srettha Thavisin) លោកស្រី ផៃតងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃដែលត្រូវធ្វើរដ្ឋប្រហារដោយយោធា និង លោក ឆៃកាសេម នីតស៊ីរី (Chaikasem Nitsiri) ដែលគេដឹងថា ជាប្រធានយុទ្ធសាស្រ្តរបស់គណបក្សភឿថៃ ហើយជាអតីតអគ្គព្រះរាជអាជ្ញាថៃមួយរូប ។
នៅក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តីគណបក្សភឿថៃទាំងបីរូបនេះ មានតែលោក ស្រេថា មួយរូបទេ ដែលបានបញ្ចេញទស្សនៈយោបល់អំពីបេក្ខភាពរបស់ខ្លួន ។
លោកបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថ្មីៗនេះថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីក្លាយជា បេក្ខភាពនាយករដ្ឋមន្រ្តីថៃ ប្រសិនបើគណបក្សភឿថៃ ជឿទុកចិត្តលើរូបលោកសម្រាប់ ទទួល តំណែងនេះ ។
នៅពេលដែលត្រូវបានសួរដោយអ្នកសារព័ត៌មានពាក់ព័ន្ធនឹងបញ្ហានេះ លោកបានអះអាងថា គណបក្សភឿថៃបានពិភាក្សាលើបញ្ហានេះអស់រយៈពេលបួនខែហើយ ប្រសិនបើលោកមិនទាន់ត្រៀមខ្លួនសម្រាប់ការងារទេ លោកនឹងមិនជាប់ឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីមួយក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីនាក់របស់បក្សនោះទេ។
លោកបានអះអាងថា ថៃគួរតែផ្តោតលើការបង្កើតរដ្ឋាភិបាលឲ្យបានលឿន ដើម្បីជំរុញសេដ្ឋកិច្ច ដែលមកដល់ពេលនេះ ប្រជាជនជាច្រើនបានចាប់ផ្តើមមើលឃើញពីភាពយឺតយ៉ាវនៃ សេដ្ឋកិច្ចថៃហើយ ៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុននៅវៀតណាមជាង៦០% កំពុងតែមានបញ្ហាលំបាកនៅក្នុងការស្វែងរកធនធានមនុស្ស

ក្រុមហ៊ុនជ្រើសរើសធនធានមនុស្សធំមួយ នៅវៀតណាមបានអះអាងថា ក្រុមហ៊ុន៦១% ដែលកំពុងតែប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសសង្គមនិយមមួយនេះ កំពុងតែ…

បញ្ហាវិបត្តិស្បៀងអាហារសកលកើនកម្ដៅបន្ថែមទៀត ក្រោយកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅផុតកំណត់ បន្ទាប់ពីរុស្ស៊ីដកខ្លួនចេញ

កិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដោយសុវត្ថិភាពតាមច្រករបៀងសមុទ្រខ្មៅ ដែលសម្រេចចេញជារូបរាងឡើងកាលពីឆ្នាំម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ