បច្ចុប្បន្ន គម្រោងអាកាសយានដ្ឋានមួយនេះ បានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍បច្ចេកទេសមួយចំនួនរួចរាល់ហើយ ព្រមទាំងទើបតែទទួលបានជោគជ័យលើការហោះហើរតេស្តផ្លូវរត់ និងឧបករណ៍បច្ចេកទេសមួយចំនួនដំណាក់កាលទី១ផងដែរ។
ពេលវេលាជាក់លាក់នៃការការដាក់ឲ្យដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងកំពុងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ក្រោយក្រុមហ៊ុនញូញៀន ឌីវេលឡុបមិន ដែលជាអ្នកអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋាននេះ បានស្នើសុំពន្យារពេលជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីពេលថ្មីៗ ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះ ទើបដាក់សំណើរមករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីស្នើសុំបន្តពន្យារពេលនៃការបើកដំណើរការសាកល្បងដល់ចុងឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ឯកឧត្តម បានគូសបញ្ជាក់ថា ការសុំបន្តពន្យារពេលបើកដំណើរការនេះ គឺដោយសារក្រុមហ៊ុនមានការរាំងស្ទះក្នុងការបំពេញបែបបទពាក់ព័ន្ធសន្តិសុខ និងសុវត្ថិភាព។ ការរឹតបន្តឹងវិធានការគ្មានកូវីដ-១៩ របស់ចិនតឹងរឹងពេក ក៏ជាមូលហេតុមួយផងដែរ ដ្បិតថាវាបានធ្វើឲ្យមានការរាំងស្ទះដល់ការដឹកជញ្ជូនសម្ភារនិងឧបករណ៍មួយចំនួនសម្រាប់បម្រើឲ្យការអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះនេះ។
តាមគម្រោងព្រលានយន្តហោះតារាសាគរខេត្តកោះកុងនេះ គ្រោងបើកឲ្យហោះហើរសាកល្បងនៅអំឡុងខែកក្កដាងមុខ បន្ទាប់ពីសុំពន្យារពេលបើកដំណើរការជាច្រើនលើករួចមក។ បច្ចុប្បន្ន ការសាងសង់ព្រលានយន្តហោះនេះ សម្រេចបានស្ទើរតែ១០០% ហើយ ហើយកាលពីពេលថ្មីៗ ព្រលានយន្តហោះនេះ ទើបប្រកាសពីភាពជោគជ័យលើការហោះហើរសាកល្បងលើកទី១ក្នុងក្របខណ្ឌធ្វើតេស្តផ្លូវរត់ និងឧបករណ៍បច្ចេកទេសមួយចំនួនផងដែរ។
តាមគម្រោងព្រលានយន្តហោះអន្តរជាតិដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន Union Development Group នេះគ្រោងដាក់ឲ្យដំណើរការសាកល្បងតាំងពីដើមឆ្នាំ២០២១ ហើយត្រូវបានពន្យារពេលដល់ត្រីមាសទី១ឆ្នាំ២០២២ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គួបផ្សំបញ្ហាអាកាសធាតុ។ ព្រលានយន្តហោះនេះអភិវឌ្ឍដំណាក់កាលទី១លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍ១ពាន់ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ២រយលានដុល្លារ ដែលជាការវិនិយោគគាំទ្រវិស័យទេសចរណ៍។
តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹង ទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០២១-២០៣០ និងបន្តកើនឡើងអ្នកដំណើរ២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០៣០-២០៥០។ ព្រលានយន្តហោះដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរខេត្តកោះកុងនេះ ជាលំដាប់ 4E និង 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះធំៗដូចជាអ៊ាបើស A-350-900 និងប៊ូអ៊ីង B777 អាចចុះចតបាន៕