សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា មិនមានជើងហោះហើរផ្ទាល់ជាមួយអាហ្វ្រិកខាងត្បូងនោះទេ ដូច្នេះ គ្មានការចាំបាច់នោះទេ ដែលត្រូវបិទការហោះហើរពីតំបន់អាហ្វ្រិក។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេច ហ៊ុន សែន បានយល់ឃើញថា បើសិនគ្រប់ប្រទេសលើពិភពលោក សុទ្ធតែនាំគ្នាបិទជើងហោះហើរពីតំបន់អាហ្វ្រិកនោះ វានឹងធ្វើឱ្យតំបន់នេះរស់នៅក្នុងភាពឯកា ដូច្នេះ កម្ពុជា គួរពិចារណាឡើងវិញក្នុងការបើកជើងហោះហើរជាមួយតំបន់អាហ្វ្រិក។
ការលើកឡើងរបស់សម្តេចតេជោនេះ ក៏ធ្វើឡើងស្របគ្នានឹងអង្គការសុខភាពពិភពលោកដែរ ដែលនៅថ្មីៗនេះ អង្គការនេះ បានអំពាវនាវណែនាំកុំឲ្យប្រទេសនានាបន្ដដាក់ការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរពីតំបន់អាហ្វ្រិកតទៅទៀត ព្រោះបច្ចុប្បន្ន រដ្ឋាភិបាល និងអ្នកវិទ្យាសាស្ត្រកំពុងកំណត់ពីប្រសិទ្ធភាពវ៉ាក់សាំងលើមេរោគបំប្លែងថ្មីនេះហើយ ដូចនេះគួរតែកុំយកការបិទជើងហោះហើរ ជាវិធានការដើម្បីដោះស្រាយបញ្ហាអី។
ដ្បិតថា សម្ដេចតេជោ ហ៊ុន សែន នឹងពិចារណាបើកជើងហោះហើរជាមួយតំបន់អាហ្វ្រិកឡើងវិញក៏ពិតមែន តែសម្ដេចបានគូសបញ្ជាក់ទៀតថា កម្ពុជា នឹងបង្កើនការរឹតបន្តឹងការធ្វើដំណើររាល់អ្នកដំណើរដែលមកពីតំបន់អាហ្វ្រិក ដូចជា ការធ្វើតេស្តរកមេរោគកូវីដ១៩ តាមរយៈម៉ាស៊ីន PCR ជាដើម។
គួរំលឹកថា មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង ត្រូវបានរកឃើញមានប្រភពចេញពីប្រទេសអាហ្វ្រិក ហើយបច្ចុប្បន្នមេរោគនេះកំពុងមានវត្តមាននៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក។ បើទោះបីជា អង្គការសុខភាពពិភលោកបានអំពាវនាវកុំឲ្យមានការបិទជើងហោះហើរពីតំបន់អាហ្វ្រិកក៏ដោយចុះ ប៉ុន្ដែ គេសង្កេតឃើញថានៅតែមានប្រទេសជាច្រើន ពោលគឺមានជិត១០០ប្រទេសហើយ ដែលបានបន្ដវិធានការផ្អាកជើងហោះហើរនេះ៕