នៅក្នុងរបាយការណ៍នេះ បានព្រមានថា សហរដ្ឋអាមេរិក និងដៃគូមានភាពយឺតយ៉ាវក្នុងការកំណត់អត្តសញ្ញាណ និងប្រឆាំងសង្គ្រាមនយោបាយរបស់ចិន។ មែនទែនទៅ ការចេញផ្សាយយុទ្ធសាស្ត្រនេះកើតឡើង បន្ទាប់ពីនៅពេលថ្មីៗនេះ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសដាក់ទោសលើកងនាវិកពីររូប ដែលបានចែកចាយព័ត៌មានសម្ងាត់យោធាទៅឱ្យរដ្ឋាភិបាលចិន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តាមការចុះផ្សាយដោយសារព័ត៌មាននីកេអាស៊ី Nikkei Asia ផ្អែកលើព័ត៌មានដែលចោទប្រកាន់ទៅលើកងនាវិកអាមេរិកពីររូប គឺលោក Wenheng Zhao និងលោក Jinchao Wei ដែលបានលួចផ្តល់ព័ត៌មានសម្ងាត់ បញ្ជូនទៅឱ្យមន្ត្រីចារកម្មចិន ជាថ្នូរនឹងសំណូករាប់ម៉ឺនដុល្លារនោះ រួមមានប្លង់មេសម្រាប់ប្រព័ន្ធរ៉ាដាយោធារបស់អាមេរិកលើកោះអូគីណាវ៉ា ប្រទេសជប៉ុន និងព័ត៌មានលម្អិត នៃការកែប្រែលើនាវាចម្បាំងអាមេរិក USS Essex ដែលពួកគេបានចូលបម្រើការ។ ក្រៅពីនេះក៏មានការចែកចាយពីព័ត៌មានសម្ងាត់អំពីយោធាអាមេរិកផងដែរ ដែលនេះហើយ អ្នកវិភាគជាច្រើនពិពណ៌នាថា ជាឧទាហរណ៍មួយនៃ «សង្គ្រាមនយោបាយ» ដែលទីក្រុងប៉េកាំងកំពុងលេងជាមួយសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា លោក Seth Jones អនុប្រធានជាន់ខ្ពស់នៃមជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ CSIS នេះបានឱ្យដឹងថា «ប្រទេសណាក៏ប្រើសង្គ្រាមនយោបាយនេះដែរ ក្នុងកម្រិតតិចឬច្រើន ក៏ប៉ុន្តែទំហំនិងគោលដៅរបស់ទីក្រុងប៉េកាំង គឺមិនធ្លាប់មានពីមុនឡើយ»។ យោងតាមរបាយការណ៍ខាងលើ សង្គ្រាមនយោបាយរួមមានឧបករណ៍នៃរដ្ឋមួយ ដែលរដ្ឋាភិបាលអាចប្រើ ដើម្បីផ្លាស់ប្តូរតុល្យភាពនៃអំណាចនៅក្នុងការពេញចិត្តរបស់ពួកគេ ដោយមិនចាំបាច់ប្រយុទ្ធគ្នាដោយផ្ទាល់ ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រតិបត្តិការវាយលុកតាមអ៊ីនធឺណិត ប្រតិបត្តិការស៊ើបការណ៍ និងការបង្ខិតបង្ខំសេដ្ឋកិច្ចជាដើម»។
ទន្ទឹមគ្នានេះ វិទ្យាស្ថានស្រាវជ្រាវសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ CSIS បានស្នើឱ្យរដ្ឋាភិបាលអាមេរិកបង្កើត «ស្ថាប័នមួយ»នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីសម្របសម្រួលការឆ្លើយតបទូទាំងរដ្ឋាភិបាល ចំពោះការប្រើសង្គ្រាមប្រភេទនេះពីសំណាក់ទីក្រុងប៉េកាំង។ ក្រុមការងារនេះ គួរតែកំណត់អត្តសញ្ញាណពីភាពងាយរងគ្រោះបង្កឡើងដោយចិន និងធ្វើការវាយបកវិញ តាមរយៈការធ្វើឱ្យអំណាច ឥទ្ធិពល និងទំនាក់ទំនងនៅបរទេសរបស់ចិនចុះខ្សោយ។
របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ CSIS បន្ថែមទៀតថា សហរដ្ឋអាមេរិកត្រូវបង្កើនធនធាន និងការគាំទ្រដល់កម្មវិធីដែលផ្តល់ជំនួយផ្នែកបច្ចេកវិទ្យា បុគ្គល និងអង្គការនានាទាំងក្នុងនិងក្រៅប្រទេសចិន ដើម្បីទម្លុះជញ្ជាំងអ៊ីនធឺណិត ដែលបិទខ្ទប់ដោយរដ្ឋាភិបាលកុម្មុយនិស្តចិន លើអ្នកប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសចិន ពីការប្រើប្រាស់កម្មវិធី ឬទទួលប្រភពព័ត៌មានពីខាងក្រៅ ឬលោកខាងលិច។ ប្រជាជនជាទូទៅចង់ចូលទៅកាន់ប្រភពព័ត៌មានផ្សេងទៀត មិនត្រឹមតែព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋប៉ុណ្ណោះទេ។
ទោះជាយ៉ាងក៏ដោយ យោងតាមរបាយការណ៍ដែលចេញផ្សាយខាងលើ គោលបំណងនៃសង្រ្គាមនយោបាយរបស់ប្រទេសចិនគឺច្បាស់ណាស់ គឺដើម្បីពង្រីកឥទ្ធិពលរបស់បក្សកុម្មុយនិស្តចិន និងធ្វើឱ្យសហរដ្ឋអាមេរិក និងដៃគូសម្ព័ន្ធមិត្តចុះខ្សោយ។ ប៉ុន្តែទន្ទឹមនឹងនោះ គោលបំណងមួយនៃការបន្តសង្គ្រាមនយោបាយ គឺដើម្បីបញ្ចៀសជម្លោះប្រដាប់អាវុធ។ ប្រទេសចិនក្រោមការដឹកនាំរបស់លោកស៊ី ជិនពីន មានការព្រួយបារម្ភខ្លាំងណាស់ចំពោះការការពារមុខមាត់របស់ចិននៅលើឆាកអន្តរជាតិ និងប្រឆាំងនឹងការរិះគន់៕