សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃ នៅកោះម៉ាល់ឌីវ

សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃ នៅកោះម៉ាល់ឌីវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម


តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ទឹកដីនៃកោះម៉ាល់ឌីវ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ខែមករា។ នេះបើតាមបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃ នៅកោះម៉ាល់ឌីវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម

ដូចការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាល់ឌីវ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៧ខែមករា ដោយដំណើរទស្សនកិច្ចនេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋម៉ាល់ឌីវ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកោះនៃឧបទ្វីបឥណ្ឌានៃទ្វីបអាស៊ីនេះ សម្តេចតេជោ មានការជួបពិភាក្សាការងារជាមួយនឹងលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីម៉ាល់ឌីវ ក្នុងទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ។ បន្ថែមពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានការអញ្ជើញទទួលការចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវផងដែរ។

សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងកោះម៉ាល់ឌីវនាពេល កន្លងមក ភាគីទាំងពីរក៏បានការជំរុញឲ្យមានការតភ្ជាប់ជើងហោះហើររវាងគ្នានាពេលខាងមុខផងដែរ ខណៈដែលកម្ពុជាក៏មើលឃើញឱកាសក្នុងការនាំចេញផលិតផលកសិកម្មមួយចំនួនទៅកាន់ទីផ្សារម៉ាល់ឌីវ ពិសេសផលិតផលអង្ករតែម្ដង។

មែនទែនទៅ កោះម៉ាល់ឌីវ គឺស្ថិតនៅក្នុងចំណោមប្រទេសដែលមានទំហំផ្ទៃដីតូចជាងគេបំផុតក្នុងពិភពលោក ដោយមានទំហំផ្ទៃក្រឡាប្រមាណ ៣០០គីឡូម៉ែតការ៉េ ដោយក្នុងនោះមានកោះចំនួន១៨៥ និងមានប្រជាជនរស់សរុបនៅប្រមាណជាង ៥០ម៉ឺននាក់ ខណៈទំហំ GDP របស់ប្រទេសនេះ គឺមានត្រឹមតែប្រមាណ ៥ពាន់លានដុល្លារប៉ុណ្ណោះ។

សេដ្ឋកិច្ចរបស់ប្រទេសដីកោះមួយនេះ គឺមានការពឹងផ្អែកយ៉ាងខ្លាំងពីវិស័យទេសចរណ៍ ហើយកាលពីឆ្នាំ២០២០ ដោយសារតែមានការរាតត្បាតកូវីដ១៩ សេដ្ឋកិច្ចរបស់ប្រទេសនេះ បានដាំក្បាលចុះជាប្រវត្តិសាស្ត្រដល់ទៅ ៣៤%ឯណោះ។ យ៉ាងណាក៏ដោយចុះ នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកោះម៉ាល់ឌីវរំពឹងនឹងមានកំណើនជាង១២% និងកើនជាង៨%នៅឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ព្យាករដោយធនាគារពិភពលោក៕




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី ពន្យល់ហេតុផល ដែលកម្ពុជាគួរពង្រើកទីផ្សារបន្ថែមជាមួយតួកគី ដើម្បីពង្រីកច្រកចូលទៅទីផ្សារអឺរ៉ុប

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WolrdBridge Group អះអាងថា ក្រៅតែពីទីផ្សារសំខាន់ៗរបស់កម្ពុជាបច្ចុប្បន្ន …

មន្រ្តីអាកាសចរស៊ីវិល៖ ការហោះហើររវាងកម្ពុជា-ចិន នៅតែស្ថិតក្នុងភាពមិនទាន់ប្រាកដប្រជា

មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលអះអាងថា បន្ទាប់ពីចិនបានប្រកាសបើកប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ