អត្រាឆ្លងដែលបានរកឃើញនៅមានតួលេខក្រោម២០នាក់ក្នុង១ថ្ងៃប៉ុណ្ណោះ ហើយនៅថ្ងៃទី ២៥ ខែ មេសា មានករណីឆ្លងត្រឹមតែ ០២ករណីប៉ុណ្ណោះ។
នៅក្នុងសារសំឡេងពិសេសមួយរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានក្រសួងព័ត៌មានផ្សព្វផ្សាយ នៅថ្ងៃទី ២៦ ខែមេសា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចលុបចោលកាត្វកិច្ចពាក់ម៉ាសសម្រាប់ប្រជាជននៅទូទាំងប្រទេស នៅតាមទីសាធារណៈ ដែលបើកចំហរ ប៉ុន្ដែនៅតាមទីកន្លែងនានា ដែលបានរៀបចំតាមស្តង់ដារបស់ក្រសួងសុខាភិបាល ដូចជាតាមភោជនីយដ្ឋាន តាមរោងភាពយន្ត ទីកន្លែងបិទជិតនានា ទីកន្លែងធ្វើការ តាមក្រុមហ៊ុន ដូចជាកន្លែងដែលមានម៉ាស៊ីនត្រជាក់ជាដើម គឺគប្បីតម្រូវឲ្យមានការពាក់ម៉ាសជាធម្មតានៅតាមកន្លែងទាំងនោះ។
លើសពីនេះរាជរដ្ឋាភិបាលនៅតែលើកទឹកចិត្តឲ្យយកម៉ាសដាក់តាមខ្លួនជាប់ជានិច្ច និងពាក់ម៉ាសផងដែរនៅទីកន្លែងដែលមានការសង្ស័យនានា ដោយមើលទៅតាមទីកន្លែងជាក់ស្តែងផងដែរ ហើយការមិនតម្រូវឲ្យពាក់ម៉ាសតាមទីសាធារណៈ និងទីកន្លែងចំហរនានានេះ មិនមែនជាកាត្វកិច្ចនោះទេ គឺអាស្រ័យទៅលើសិទ្ធិរបស់បុគ្គលខ្លួនឯងម្នាក់ៗផ្ទាល់ខ្លួនជាអ្នកសម្រេចផងដែរថាគួរតែពាក់ ឬក៏អត់ ។
ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី កាលពីថ្ងៃទី ២៥ មេសា សម្តេចបានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋទូទាំងប្រទេសអាចចំណាយថ្លៃម៉ាសអស់ប្រមាណ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ដោយមានមនុស្សប្រមាណ១០លាននាក់ដែលបានប្រើប្រាស់ម៉ាសជាប់ទៀងទាត់ជាប្រចាំថ្ងៃផងដែរ។
ទន្ទឹមនេះ សម្តេច ហ៊ុន សែន ក៏បានអះអាងផងដែរថា ការមិនតម្រូវឲ្យពាក់ម៉ាស គឺជំនួសមកវិញដោយការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីធានាភាពរឹងមាំនៃនិរន្តភាពនៃការមិនពាក់ម៉ាស និងការឆ្លងរាលដាលឡើងវិញផងដែរ។ សម្តេច ហ៊ុន សែន បានអំពាវនាវ និងជម្រុញទាមទាឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងក្នុងកម្រិតយ៉ាងតិចបំផុតត្រឹមដូសទី៣ នៅទូទាំងប្រទេសផងដែរ ដើម្បីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
បើទោះបីជាមានកាត្វកិច្ចតម្រូវឲ្យចាក់វ៉ាក់សាំងយ៉ាងតិចត្រឹមដូសទី៣ ក៏ពិតមែន តែកាត្វកិច្ចនេះមិនបានពាក់ពន្ធនឹងផ្លូវច្បាប់នោះទេ ដោយបងប្អូនប្រជាពលរដ្ឋទៅចាក់ដោយការស្ម័គ្រចិត្តរបស់បងប្អូន ហើយបើទោះជាមិនបានចាក់ក៏គ្មានច្បាប់ណាមួយតម្រូវឲ្យផាកពិន័យនិងវិធានការរដ្ឋបាលនោះដែរ។ រាជរដ្ឋាភិបាលកម្ពុជានៅតែលើកទឺកចិត្ត ឲ្យទៅចាក់ដូសទី៣ ដែលជាដូសតិចបំផុត ហើយប្រសិនបើមានការពេញចិត្តនឹងបន្តមកទទួលដូសទី៤ បន្ថែមទៀត លើសពីនេះរាជរដ្ឋាភិបាលក៏កំពុងពិនិត្យពីលទ្ធភាពចាក់ដូសទី៥ សម្រាប់មន្ត្រីជួរមុខជាបន្តទៀតផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ