លោក ប៊ុន បារាំង សហប្រធានសហគមន៍ផលិតអំបិល កំពត-កែប បានអះអាងថា ដល់ពេលនេះ ខាងសហគមន៍ផលិតអំបិលខេតកំពត-កែប បានត្រៀមសម្រាប់ការផលិតអំបិលទុកក្នុងឃ្លាំងរួចរាល់អស់ហើយ ប៉ុន្តែ បរិមាណអំបិលជាក់លាក់ គឺមិនទាន់អាចប្រាប់បាននៅឡើយទេ ដោយសារផលអំបិលផលិតបានមួយចំនួនទៀត នៅមិនទាន់ប្រមូលអស់ពីស្រែនៅឡើយ។
លោក ប៊ុន បារាំង បញ្ជាក់ថា ជាការប៉ាន់ស្មាន ផលអំបិលឆ្នាំនេះនឹងទទួលបានច្រើនជាងឆ្នាំមុនៗ ដោយសារអាកាសធាតុផ្តល់អំណោយផលល្អ រួមទាំងអំបិលដែលនាំចូលពីឥណ្ឌាចុងក្រោយនៅសល់ប្រហែលជា ៥ពាន់តោន ដូច្នេះ បើយើងបូកបញ្ចូលគ្នាទាំងអំបិលផលិតបាន និងអំបិលនាំចូលនៅសល់ គឺអាចផ្គត់ផ្គង់គ្រប់ចំនួនតម្រូវការឆ្នាំនេះ។
នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំ និងចាត់វិធានការជាច្រើន ដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលកំពុងកើតមាន និងដែលអាចកើតមាន បណ្តាលមកពីជំងឺកូវីដ១៩ ហើយក្នុងចំណោមវិធានការទាំងឡាយដែលបានលើកឡើងនោះ សម្តេចតេជោបានផ្តល់អនុសាសន៍ឱ្យត្រៀមទុកនូវវិធានការសេដ្ឋកិច្ច ដែលអាចរងផលប៉ះពាល់រយៈពេលយូរដោយសារតែជំងឺកូវីដ១៩នេះ ដោយបានណែនាំឱ្យពង្រឹងវិស័យកសិកម្មដែលជាចំណុចខ្លាំងរបស់កម្ពុជា ពិសេសគឺការត្រៀមទំនិញស្បៀងចាំបាច់សម្រាប់ប្រជាជនកម្ពុជា ដូចជា អង្ករ និង អំបិល ជាដើម។
យោងតាមទិន្នន័យពីសហគមន៍ផលិតអំបិល កំពត-កែប បានឲ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ការផលិតអំបិលនៅក្នុងខេត្តកំពត និងកែប បានប្រហែលជាង ៣ម៉ឺនតោនក្នុង១ឆ្នាំ ខណៈតម្រូវការប្រើប្រាស់សរុបក្នុងប្រទេសមានចន្លោះពី ៨ម៉ឺន ទៅ ១០ម៉ឺនតោនក្នុង១ឆ្នាំ។
បច្ចុប្បន្ន ក្នុងខេត្តកំពត និងកែប មានផ្ទៃដីផលិតអំបិលប្រហែល ៤ពាន់៥០០ហិកតា។ ប្រសិនបើអាកាសធាតុអំណោយផល ក្នុង ១ហិកតា គេអាចផលិតអំបិលបានជាង ២០តោន សម្រាប់រយៈពេល១ឆ្នាំ ដោយគិតចាប់ពីខែមករា ដល់ខែឧសភា៕