គម្រោង​លំនៅដ្ឋាន​សាធារណៈ

ផ្ទះ​គំរូ​តម្លៃ​ថោក​និង​មធ្យម​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ធ្វើ​រួច​រាល់​ហើយ!


អស់​រយៈ​ពេល​ជិត​៩​ខែ​កន្លង​មក​ហើយ បន្ទាប់​ពី​គម្រោង​សាងសង់​លំនៅដ្ឋាន​សាធារណៈ​ដែល​មាន​តម្លៃ​សមរម្យ​លើក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា បាន​សម្រេច​ចិត្ត​បើក​ការ​សាងសង់​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ដើម​​ឆ្នាំ​២០១៧។
នេះ​ជា​រូបភាព​ផ្ទះ​គំរូ​នៃ​គម្រោង​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​ថោក​និង​មធ្យម​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Worldbridge Land។
ដោយ

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​តម្លៃ​ថោក​និង​មធ្យម​មួយ​នេះ ត្រូវ​បាន​ម្ចាស់​គម្រោង​ប្រាប់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បញ្ចប់​រួច​រាល់​ហើយ​នូវ​ការ​រចនា​ផ្ទះ​គំរូ​ដ៏​ស្រស់​ស្អាត ហើយ​ក៏​នឹង​ត្រៀម​ប្រកាស​បើក​ជូន​សាធារណជន​ឲ្យ​ចូល​ទៅ​ទស្សនា​ឆាប់ៗ​នេះ​ផង​ដែរ។

នេះ​ជា​គម្រោង​ដែល​បាន​ធ្វើ​ឲ្យ​រំជើប​រំជួល​និង​ចាក់ដោត​ដល់​បេះដូង​ប្រជាពលរដ្ឋ​ទូទៅ​ទូទាំង​ប្រទេស ពិសេស​បុគ្គលិក មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ចូល​និវត្តន៍ និង​ជន​ពិការ ដែល​មាន​ប្រាក់​ចំណូល​ទាប​​និង​មធ្យម ដែល​ពួកគាត់​តែងតែ​សុបិន​ប្រាថ្នា​ចង់​បាន​ផ្ទះ​មួយ​ខ្នង រស់​នៅ​ដោយ​ពិត​ប្រាកដ ដែល​មាន​តម្លៃ​ថោក​សមរម្យ អស់​ជា​ច្រើន​ឆ្នាំ​​មក​ហើយ។

គម្រោង​សាងសង់​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​ថោក​និង​មធ្យម​ដំបូង​គេ​នៅ​កម្ពុជា​នេះ មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មន្រ្តី​រាជការ​និង​ប្រជា​ពលរដ្ឋ​ទូទៅ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ ក៏​មាន​មតិ​ពី​សាធារណជន​មួយ​ចំនួន​បាន​រិះគន់​ពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ ដោយ​បាន​លើក​ឡើង​ថា មាន​ភាព​យឺត​យ៉ាវ​ដែល​អាច​ធ្វើ​ឲ្យ​ដំណើរការ​សាងសង់​​ត្រូវ​អូស​បន្លាយ​ពេល​យូរ​បន្ថែម​ទៀត។

ផ្ទះ​គំរូ​នៃ​គម្រោង​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​ថោក​និង​មធ្យម​ដែល​វិនិយោគ​ដោយ​ឧកញ៉ា សៀ ឫទ្ធី។

លោក​ឧកញ៉ា សៀ ប្ញទ្ធី អគ្គនាយក​ក្រុមហ៊ុន វើលប្រ៊ីដ ឡែនដ៍ ដែល​ជា​ម្ចាស់​គម្រោង​នៅ​ពីក្រោយ​នៃ​ការ​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​សមរម្យ​ដំបូង​គេ​ដ៏​រឹងមាំ​មួយ​នេះ បាន​បញ្ជាក់​អះអាង​ថា អ្វីៗ គឺ​​ក្រុមហ៊ុន​​យើង​គោរព​ទៅ​ច្បាប់​ទាំង​អស់ ដោយសារ​មាន​ច្បាប់​គតិយុត្តិ​មួយ​ចំនួន​ទាមទារ​ត្រូវ​បំពេញ​ឲ្យ​បាន​ច្បាស់​លាស់។

លោក​ឧកញ៉ា​បន្ត​ថា «បើ​ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​រដូវ​ភ្លៀង​ពិបាក​ធ្វើការ​ក៏​ពិត​មែន ប៉ុន្តែ ក្រុមហ៊ុន​កំពុងតែ​ពន្លឿន​ដំណើរការ​សាងសង់​យ៉ាង​សស្រាក់​សស្រាំ ដោយ​បាន​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ ចាក់ដី​បំពេញ​ការដ្ឋាន​​ដែល​ជា​វាល​ទំនាប​ឲ្យ​ស្មើ​នឹង​ផ្លូវ​ជាតិ»។ លោក​ឧកញ៉ា​បន្ត​ថា «អ្វីៗ​យើង​ធ្វើ​ទៅ​តាម​ផែនការ សូម​ឲ្យ​ប្រជាជន​អត់​ធ្មត់​រង់ចាំ​បន្តិច។ យើង​នឹង​បាន​លំនៅដ្ឋាន​មួយ​ពិត​ប្រាកដ​ដែល​មាន​គុណភាព»។

គម្រោង​លំនៅដ្ឋាន​មួយ​នេះ​គឺ​ស្រប​ទៅ​នឹង​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​លំនៅដ្ឋាន​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​តម្លៃ​សមរម្យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ ដោយ​ក្នុង​ជំហាន​ទី១​នៃ​គម្រោង​នេះ នឹង​ត្រូវ​​ចំណាយ​ប្រាក់​សាងសង់​ប្រមាណ​ជា ៦០​លាន​ដុល្លារ​អាមេរិក ដោយ​ធ្វើការ​សាងសង់​នៅ​លើ​ផ្ទៃ​ដី​២៤​ហិកតា មាន​ចំនួន ២២៩៧​ផ្ទះ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រមាណ ៨​គីឡូម៉ែត្រ ពី​ទីក្រុង​តាខ្មៅ។

ផ្ទះ​គំរូ​នៃ​គម្រោង​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​ថោក​និង​មធ្យម​ដែល​វិនិយោគ​ដោយ​ឧកញ៉ា សៀ ឫទ្ធី។

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Worldbridge Land បាន​បញ្ជាក់​អះអាង​ថា ដើម្បី​មាន​សិទ្ធិ​ទទួល​បាន​ផ្ទះ​តម្លៃ​សមរម្យ​នេះ ពលរដ្ឋ​ខ្មែរ ពិសេស មន្រ្តី​រាជការ​ត្រូវ​តែ​បំពេញ​លក្ខខណ្ឌ​​សំខាន់ៗ​មួយ​ចំនួន ដូចជា៖

  1. ជា​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​និង​មធ្យម ក្រោម ៥០០​ដុល្លារ ជា​បុគ្គល​ដែល​រៀបការ​ហើយ ទិញ​ហើយ​មិន​នៅ​មិន​អាច​យក​ទៅ​ជួល​និង​លក់​បន្ដ លុះត្រា​តែ​៥​ឆ្នាំ​ក្រោយ ទើប​អាច​ជួល​និង​លក់​បន្ដ​បាន។ 
  2. មិន​អនុញ្ញាត​ឲ្យ​អ្នក​មាន​លុយ​ទិញ​ទុក​សម្រាប់​ធ្វើ​អាជីវកម្ម​នោះ​ទេ។ 
  3. រាល់​ការ​ទទួល​ទិញ​លក់​និង​កក់ ក្រុមហ៊ុន​និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អ្នក​ពិនិត្យ​ដោយ​ផ្ទាល់។ 
  4. តម្លៃ​ផ្ទះ​ចាប់​ពី ២​ម៉ឺន ៥​ពាន់​ដុល្លារ ទៅ ៣​ម៉ឺន​ដុល្លារ អាស័្រយ​ទៅ​តាម​ប្រភេទ​ផ្ទះ​និង​ទំហំ។

គួរ​បញ្ជាក់​ថា ផ្ទះ​ដែល​ត្រូវ​សាងសង់ មាន ២២៩៧​ល្វែង ចែក​ជា​ពីរ​ប្រភេទ៖ ផ្ទះ​ប្រភេទ​ទី១ មាន​ចំនួន ២០២៥​ខ្នង ដែល​មាន​ទំហំ​ដី ៤​ម៉ែត្រ គុណ ១០,៥​ម៉ែត្រ ទំហំ​ផ្ទះ ៤​ម៉ែត្រ គុណ ៧​ម៉ែត្រ កម្ពស់​២​ជាន់ មាន​បន្ទប់​ដេក ០២ បន្ទប់​ទឹក​០១។ ផ្ទះ​ប្រភេទ​ទី​២ ចំនួន ២៧២​ខ្នង ដែលមាន​​ទំហំ​ដី ៦​ម៉ែត្រ គុណ ១០,៥​ម៉ែត្រ ទំហំ​ផ្ទះ ៦​ម៉ែត្រ គុណ ៧​ម៉ែត្រ កម្ពស់​២​ជាន់ មាន​បន្ទប់​ដេក ០៣ និង​បន្ទប់​ទឹក ០៣។ លំហ​មុខ​ផ្ទះ ១,៥​ម៉ែត្រ​និង​លំហ​ក្រោយ​ផ្ទះ ២​ម៉ែត្រ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន​អចលនទ្រព្យ​វៀតណាម​បើក​រោងចក្រ​ផលិត​រថយន្ត​នៅ​ក្នុងស្រុក!

ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​របស់​វៀតណាម គឺ​ Vingroup JSC បាន​បើក​ការ​សាងសង់​អគារ​រោងចក្រ​ផលិត​រថយន្ត​ថ្មី​មួយ​ កាល​ពីចុងសប្ដាហ៍​…

ក្រុមហ៊ុន​គ្រប់គ្រង​កាស៊ីណូ​​ធំ​បំផុត​នៅ​ម៉ាកាវ បោះ​ទុន​រាប់​ពាន់​លាន​ដុល្លារ​នៅ​វៀតណាម

ក្រុមហ៊ុន Suncity Group ដែល​ជា​ប្រតិបត្តិករ​កាស៊ីណូ​ធំ​ជាងគេ​បំផុត​នៅ​ម៉ាកាវ ទើប​តែ​បាន​បោះ​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ ដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ