ប្រទេសរុស្ស៊ីបានពិភាក្សាជាច្រើនឆ្នាំមកហើយអំពីការសាងសង់បំពង់បង្ហូរប្រេង និងឧស្ម័ន ដើម្បីបញ្ជូនឧស្ម័នធម្មជាតិចំនួន៥០ពាន់លានម៉ែត្រគូប (bcm) ក្នុងមួយឆ្នាំចេញពីតំបន់យ៉ាម៉ាល់ (Yamal) របស់រុស្ស៊ីឆ្ពោះទៅប្រទេសចិនដោយឆ្លងកាត់ប្រទេសម៉ុងហ្គោលី។ គម្រោងនេះស្ថិតនៅក្រោមគម្រោងថាមពល Power of Siberia 2 ហើយវាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីទូទាត់គ្នានឹងការខាតបង់លើការលក់ឧស្ម័នរបស់ខ្លួនទៅឱ្យអឺរ៉ុប បន្ទាប់ពីប្រទេសនេះបានវាយចូលឈ្លានពានអ៊ុយក្រែន។
មិនតែប៉ុណ្ណោះគម្រោងថ្មីនេះ ក៏ផែនការបន្តវេននៃគម្រោង Power of Siberia 2 តាមការគ្រោងទុកសម្រាប់បំពង់បង្ហូរប្រេង ដែលរុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នរួចហើយទៅឱ្យចិន ហើយរុស្ស៊ីគ្រោងនឹងបង្កើនសតម្ថភាពនៃគម្រោងចាស់នេះក្នុងការផ្គត់ផ្គង់ដល់ចិនឱ្យបាន៣៨ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំរាប់ចាប់ពីឆ្នាំ២០២៥ តទៅផងដែរ។
ការបណ្តាក់ទុនថ្មីនេះ បានជាប់គាំងជាយូរមកហើយដោយសារបញ្ហាសំខាន់ៗមួយចំនួនដូចជាតម្លៃឧស្ម័នជាដើម។ ទោះជាយ៉ាងណា លោក ពូទីន បាននិយាយនៅមុនមួយថ្ងៃនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ម៉ុងហ្គោលី ថា លោកនឹងលើកឡើងពីការសិក្សាអំពីលទ្ធភាព និងវិស្វកម្ម នៅពេលលោកជួបពិភាក្សាជាមួយនឹងប្រធានាធិបតីម៉ុងហ្គោលី លោក អ៊ុកណាគីន ឃូរែលស៊ុក (Ukhnaagiin Khurelsukh) នៅថ្ងៃអង្គារសប្តាហ៍នេះ៕
អត្ថបទ៖ សុខ មង្គល