នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការពង្រីកសាខាថ្មី នៃមជ្ឍមណ្ឌលភាសា Aii និង AIS ក្នុងទឹកដី សង្កាត់ចោមចៅ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នេះ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ព្រោះតែការស្រលាញ់ខាងផ្នែកអប់រំ និងសុខាភិបាល លោកបានប្តេជ្ញាចិត្តហើយថា នឹងពង្រីកវិស័យ២ នេះក្នុងប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនដូចប្រទេសជិតខាងដែរ។
ឧកញ៉ាវេជ្ជបណ្ឌិតបានបន្ថែមថា ក្នុងពេលឆាប់ៗខាងមុខ លោកមានគម្រោងនឹងបើកជំនួញផ្នែកសុខាភិបាលមួយមុខទៀត គឺផ្តោតសំខាន់ទៅលើកុមារតូចៗ ពីព្រោះថា បច្ចុប្បន្ននេះមានកុមារតូចៗជាច្រើនដែលកំពុងតែមានបញ្ហាជំងឺប្លែកៗ ដោយលោកសង្ឃឹមថា នឹងអាចជួយរំលែកការលំបាកខ្លះដល់មន្ទីរពេទ្យគន្ធបុប្ផា។ យ៉ាងណា លោកក៏មានអារម្មណ៍សោកស្តាយដែរ ដែលលោកមិនបានប្រឡូកឲ្យពេញលេញ ជាមួយវិស័យសុខាភិបាល ព្រោះថា លោកមមាញឺកនឹងវិស័យអប់រំច្រើនជាង។
ជុំវិញការជ្រើសរើសតំបន់ចោមចៅជាទីតាំងពង្រីកសាខាថ្មីនេះរបស់ Aii និង AIS នេះវិញ ឧកញ៉ាវេជ្ជបណ្ឌិត បានបញ្ជា្កក់ថា តំបន់នេះជាតំបន់យុទ្ធសាស្រ្តមួយ សម្រាប់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ដែលខុសកាលពី៥ឆ្នាំមុន ដែលមានផ្លូវពិបាកក្នុងការធ្វើដំណើរ ហើយមិនមែនជាទីប្រជុំជនដូចបច្ចុប្បន្ន។
អ្នកជំនួញក្នុងវិស័យអប់រំរូបនេះបន្តថា
បន្ទាប់ពីចោមចៅបានក្លាយតំបន់ទីប្រជុំហើយ ធ្វើតំបន់នេះតែមានការកកស្ទះក្នុងការធ្វើដំណើរ
។ ដូចនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងពេលវលារបស់អាណាព្យាបាល
និងសិស្សានុសិស្សទាំងអស់ ទើបក្រុមហ៊ុនម៉េងលី ជេគួច Education
បង្កើតសាថ្មីមួយទៀតនៅទីនេះ។ ម្យ៉ាងវិញទៀត តំបន់ណា ដែលមានសាលារៀន
ក៏បានជួយអភិវឌ្ឍន៍ច្រើនលើផ្នែកសេដ្ឋកិច្ចនៅតំបន់នោះដែរ៕