កំណែទម្រង់ក្នុងការជ្រើសរើសមន្ត្រីរាជការ

អ្នកជំនាញយល់ថា ការកំណែទម្រង់ក្នុងការជ្រើសរើសមន្ត្រីរាជការ ជាការលើកកម្ពស់ថិវកាជាតិ


រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បង្ហាញពីការប្ដេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់ចំពោះការជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ ខណៈអ្នកតាមដានស្ថានភាពសង្គមបានមើលឃើញពីគុណសម្បត្តិនៃកំណែទម្រង់នេះថា នឹងជួយពង្រឹងដល់គុណភាពមន្រ្តីរាជការ និងការចំណាយថវិកាជាតិ។ សម្រាប់អ្នកជំនាញការជ្រើសរើសមន្ត្រីរាជការប្រកបដោយសមត្ថភាពមិនត្រឹមតែជួយលើកកម្ពស់ថវិកាជាតិប៉ុណ្ណោះទេ ថែមទាំងជួយលើកប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលក្នុងការបម្រើប្រជាពលរដ្ឋផងដែរ។
ការកំណែទម្រង់ក្នុងការជ្រើសរើសមន្ត្រីរាជការ ជាការលើកកម្ពស់ថិវកាជាតិ?

បច្ចុប្បន្នមន្ត្រីរាជការស៊ីវិល នៅទូទាំងប្រទេស (ដោយមិនគិតកងកម្លាំងប្រដាប់អាវុធ) មានចំនួន ២២៦ ៩៤៩ នាក់ ខណៈប្រាក់បៀវត្សអប្បបរមា (ទាបបំផុត)១លាន៣សែនរៀល ឬស្មើនឹង៣២៥ដុល្លារ៕

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ថា ការប្ដេជ្ញាចិត្ត និងការដាក់ចេញទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗ និងអាណត្តិក្រោយនេះ ពុំសូវមានការខុសគ្នាច្រើនប៉ុន្មានទេ ខណៈកំណែទម្រង់នេះមានគោលដៅចង់បានមន្រ្តីមានគុណភាព និងលុបបំបាត់បាតុភាពផ្សេងៗក្នុងពេលប្រឡងចូលក្របខណ្ឌជាដើម។ ជុំវិញការលុបបំបាត់បាតុភាពផ្សេងៗក្នុងពេលប្រឡងចូលក្របខណ្ឌនេះ លោកបណ្ឌិត គិន ភា យល់ឃើញថា រដ្ឋាភិបាលគួរពង្រឹងលិខិតបទដ្ឋានឱ្យមានប្រសិទ្ធភាព និងបណ្ដុះស្មារតីមនសិការដល់អ្នកទទួលបន្ទុកជ្រើសរើសមន្រ្តីរាជការ ក៏ដូចជាអនុវត្តវិធានការផ្លូវច្បាប់លើអ្នកប្រព្រឹត្តកំហុសជាដើម។

សម្រាប់ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ការជ្រើសរើសមន្រ្តីដែលមានគុណភាព គឺប្រៀបដូចការចំណាយថវិកាជាតិបានត្រឹមត្រូវ និងលើកកម្ពស់ថវិកាជាតិ ដ្បិតលោកយល់ថា មន្រ្តីរាជការ ដែលមានសមត្ថភាពពិតប្រាកដ នឹងជួយធ្វើកិច្ចការបម្រើជូនរាជរដ្ឋាភិបាល និងពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា ក្នុងជំនួបសំណេះសំណាលជាកម្មករ កម្មការិនីជាង១ម៉ឺន៨ពាន់នាក់នៅខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចឲ្យក្រសួង-ស្ថាប័នរដ្ឋទាំងអស់ផ្អាកការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារជាបណ្តោះអាសន្នរហូតដល់មានការដាក់ចេញនូវយន្តការនៃប្រឡងថ្មី។ តែយ៉ាងណាសម្តេចធិបតីមិនបានបញ្ជាក់លម្អិតពីកំណែទម្រង់នៃការជ្រើសរើសមន្ត្រីរាជការនេះនោះទេ ដោយគ្រាន់តែអះអាងថា កំណែទម្រង់នោះគឺឈរលើគោលការណ៍អ្នកចេះ គឺជាប់។

ពាក់ព័ន្ធការធ្វើកំណែទម្រង់នេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ សាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ថា ការប្រឡងក្របខណ្ឌមន្ត្រីរាជការ«មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព។ ទន្ទឹមនឹងសាទរចំពោះការកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្នុងការជ្រើសរើសមន្ត្រីរាជការ ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ឯកឧត្តមមានទំនួលខុសត្រូវខ្ពស់ចំពោះសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់លើការប្រឡងនេះឲ្យបានហ្មត់ចត់បំផុត។

បើយោងតាមរបាយការណ៍របស់ក្រសួងមុខងារសាធារណៈ គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានមន្ត្រីរាជការស៊ីវិលទូទាំងប្រទេស (ដោយមិនគិតកងកម្លាំងប្រដាប់អាវុធ)ចំនួន ២២៦ ៩៤៩នាក់ ក្នុងនោះថ្នាក់ជាតិមានចំនួន៤៩ ៨៤៥នាក់ និងថ្នាក់ក្រោមជាតិចំនួន១៧៧ ១០៤នាក់ ខណៈប្រាក់បៀវត្សអប្បបរមាសម្រាប់មន្ត្រីរាជម្នាក់ទាបបំផុត១លាន៣សែនរៀល ឬ៣២៥ដុល្លារ៕

អត្ថបទ ៖ បូ ដូឡា




អត្ថបទបន្ទាប់


វៀតណាម និងអាមេរិកសម្រេចបានកិច្ចព្រមព្រៀងរួមគ្នាមានតម្លៃជាង៧ពាន់លានដុល្លារ

ក្រុមហ៊ុនអាមេរិកនិងវៀតណាមបានបើកការចរចារពាណិជ្ជកម្ម និងវិនិយោគជាច្រើនគម្រោង ក្រោយពេលលោក ចូ បៃដិន មកបំពេញទស្សនៈកិច្ចនៅវៀតណាម។ ប៉ុន្តែគម្…

ថ្នាក់ដឹកនាំ CDC ជំរុញឲ្យអ្នកវិនិយោគត្រូវហ៊ានលើកពីបញ្ហាប្រឈម ដើម្បីរដ្ឋាភិបាលរកដំណោះស្រាយ

ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)លើកទឹកចិត្តឲ្យវិនិយោគិនទាំងអស់កុំឲ្យមានភាពទើសទាល់ក្នុងការលើកពីបញ្ហាប្រឈមនានា ដែលខ្លួនបានជួប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ