ក្រោយមានការបង្ហោះពីចលនាប្រឆាំងសម្លស្ងោរម្រះនៅលើបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកបំផុតឱ្យជជែកពីអត្ថប្រយោជន៍របស់ម្រះ និងស្នើឱ្យបញ្ឈប់សកម្មភាពបំផុសបែបអវិជ្ជមានទាំងនោះ ដ្បិតវាអាចធ្វើឱ្យប៉ះពាល់ដល់ប្រជាកសិករខ្មែរ ដែលជាអ្នកដាំម្រះ។ សម្រាប់ឯកឧត្តម ឃឹម ហ្វីណង់ បើជ្រុលជាបបួលគ្នាលេង គួរលេងយ៉ាងណាឱ្យមានប្រយោជន៍ និងជៀសវាងការនាំគ្នាលេងដែលធ្វើឱ្យប៉ះពាល់ដល់មុខរបរ និងជីវភាពរបស់កសិករ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ ជំរុញឱ្យមានការសន្ទនាគ្នាលើអត្ថប្រយោជន៍នៃដំណាំកសិកម្មរបស់កសិករ ជាជាងបង្កើតចលនាដោយបបួលគ្នាបដិសេធន៍មិនគាំទ្រ ឬមិនបរិភោគ ព្រោះវាអាចបង្កផលអវិជ្ជមានដល់កសិករជាអ្នកផលិត។
ទន្ទឹមគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ ស្នើឱ្យជួយផ្សព្វផ្សាយបន្តពីផេក«ដាំដោយខ្មែរ Planted by Khmer» ដែលជាផេកគាំទ្រកសិផលក្នុងស្រុករបស់ក្រសួង ព្រោះសកម្មភាពបែបនេះនឹងបានជាប្រយោជន៍ដល់ប្រជាកសិករដោយផ្ទាល់ផង និងជួយជំរុញការគាំទ្រការប្រើប្រាស់កសិផលក្នុងស្រុកផងដែរ៕
អត្ថបទ៖ បូ ដូឡា