ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារជប៉ុន នៅតែបង្ហាញសញ្ញាវិជ្ជមាន ទោះបីកម្ពុជា និងពិភពលោកស្ថិតក្នុងវិបត្តិកូវីដ-១៩។ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅ១០ខែក្នុងឆ្នាំ២០២១ កម្ពុជាសម្រេចបានទំហំនាំចេញទំនិញទៅជប៉ុនជាង៩២០លានដុល្លារ កើនឡើងជាង ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទឹកប្រាក់ជាង ៨៧៤លានដុល្លារ។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនកើនដល់ជាង១ពាន់៤រយលានដុល្លារនៅ១០ខែឆ្នាំនេះ បន្ទាប់ពីជប៉ុនសម្រេចបានទំហំនាំចូលមកកម្ពុជាជិត៥រយលានដុល្លារអាមេរិកធ្លាក់ចុះជាង ៥ % បើធៀបនឹងខែកាលពីឆ្នាំ២០២០ ដែលមានជាង៥២៣លានដុល្លារ។
ជុំវិញភាពខុសគ្នារវាងតួលេខនាំចេញនាំចូលរវាងប្រទេសទាំងពីរនេះ ត្រូវបានលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាគូសបញ្ជាក់ថា ភាពខុសគ្នានេះ គឺដោយសារតម្រូវការប្រើប្រាស់ផលិតផលនាំចូលពីកម្ពុជាទៅជប៉ុន ដែលភាគច្រើនជាផលិតផលកសិកម្មមានការកើនឡើង។ ហើយតម្រូវការផលិតផលជប៉ុន ដែលរួមមានរថយន្ត និងគ្រឿងអេឡិចត្រូនិកនៅកម្ពុជាមានការថយចុះ បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាបានបាត់បង់ប្រាក់ចំណូលក្នុងអំឡុងនៃវិបត្តិកូវីដ-១៩។
អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា ក្នុងអំឡុងនៃវិបត្តិកូវីដ-១៩ មានវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនបានងាកមកវិនិយោគលើការផលិត និងកែច្នៃផលិតផលកសិកម្ម ដែលកត្តានេះបានជំរុញឲ្យការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសនៅតែរក្សាបាននូវកំណើន។
ផលិតផលដែលកម្ពុជាបាននាំចេញទៅជប៉ុនរួមមានផលិតផលវាយណ្ឌភាព ស្បែកជើង ស្បៀងអាហារ និងគ្រឿងបង្គុំអេឡិចត្រូនិកជាដើម។ ចំណែកម្ពុជានាំចូលពីជប៉ុនរួមមានស្បៀងអាហារ ទំនិញឧស្សហកម្ម ផលិតផលពេទ្យ គ្រឿងម៉ាស៊ីន រថយន្ត និងគ្រឿងអេឡិចត្រូនិក។
គួររំលឹកថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនកាលពីឆ្នាំ២០២០ សម្រេចបានជិត១ពាន់៧រយលានដុល្លារ ធ្លាក់ចុះ១៦% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានជាង២ពាន់លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទៅកាន់ប្រទេសជប៉ុនក្នុងទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ ខណៈការនាំចូលពីជប៉ុនមានទំហំជាង៦៣៧លានដុល្លារ៕