
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ បានគូសបញ្ជាក់ថា នៅក្នុងឆមាសទី ១នេះ សំបុត្រលក់ទៅឲ្យភ្ញៀវទេសចរបរទេស មានជិត ៤សែនសំបុត្រ ធ្លាក់ចុះប្រមាណ ៦៨% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយក្នុងនោះទឹកប្រាក់ជាង ៧សែនដុល្លារ នឹងត្រូវបរិច្ចាគជូន មន្ទីរពេទ្យគន្ធបុប្ផា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្នុងរយៈពេល ៣ខែដំបូង ប្រាក់ចំណូលពីការលក់សំបុត្រ សម្រេចបានជាង ១៧,៩ លានដុល្លារអាមេរិកទៅហើយ ប៉ុន្ដែ ក្នុងរយៈពេល ៣ខែចុងក្រោយនេះវិញពោលគឺគិតចាប់ពីខែមេសា ដល់ខែមិថុនា ការលក់សំបុត្រ សម្រេចបានក្នុងចំនួនតិចបំផុត ដែលធ្វើឲ្យតួលេខបន្តធ្លាក់ចុះជាបន្តបន្ទាប់។
គួរជម្រាបដែរថា មិនមែនមានតែ វិស័យទេសចរណ៍នៅកម្ពុជា ប៉ុណ្ណោះទេ ដែលរងគ្រោះដោយសារមេរោគកូវីដ-១៩នោះ ប៉ុន្ដែបើយើងក្រឡេកទៅមើលវិស័យទេសចរណ៍នៅទូទាំងសកលលោក សុទ្ធតែត្រូវរងគ្រោះដូចគ្នា ហើយបើតាមការសិក្សាមួយរបស់ អង្គការសហប្រជាជាតិ បានបង្ហាញថា វិស័យទេសចរណ៍របស់ពិភពលោក អាចនឹងខាតបង់ប្រាក់ចំណូលរហូតដល់ទៅ ៣.៣ទ្រីលានដុល្លារអាមេរិក ដោយសារតែវិបត្តិជម្ងឺរាតត្បាតនេះ៕