អង្ករនាំទៅចិន

កម្ពុជា ស្នើចិនទិញអង្ករ ឲ្យគ្រប់កូតា ៣០ម៉ឺនតោនក្នុង១ឆ្នាំ


គិតមកទល់ ៩ខែ ឆ្នាំ២០១៨នេះ ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន សម្រេចបានតែប្រមាណជាង ៩ម៉ឺនតោនប៉ុណ្ណោះ ខណៈដែលកូតាសម្រាប់ឆ្នាំ២០១៨ ក្នុងការនាំអង្ករចូលទៅចិន មានរហូតដល់៣០ម៉ឺនតោន។ ថ្មីៗនេះ កម្ពុជាបានស្នើដល់ភាគីចិន ធ្វើយ៉ាងណា​ ជួយជំរុញឲ្យការនាំចូលអង្ករពីកម្ពុជាទៅចិន ឲ្យបានគ្រប់កូតាដូចដែលបានឯកភាពគ្នា និង​ឈាន​ទៅពង្រីកបន្ថែមនាពេលអនាគត។
ឃ្លាំងស្ដុកអង្ករ​នៅកម្ពុជា (http://www.amrurice.com.kh)
ដោយ

ការស្នើ​សុំនេះ ធ្វើឡើង​នៅក្នុង​ជំនួប​​រវាង​​ឯកឧត្តម​​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និងអនុរដ្ឋ​មន្ត្រី​ពាណិជ្ជកម្មចិន​​ នៅ​ឯ​ប្រទេស​​សាំងហ្គាពួរ​​កាល​ពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៨។​

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម និងជា​គណៈ​ប្រតិភូ​កម្ពុជា បានជួប​ពិភាក្សា​ការងារទ្វេភាគី​ជាមួយ​ឯកឧត្តម Wang Shouwen អនុរដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ចិន ដោយក្នុង​ជំនួប​នោះ កម្ពុជា បានស្នើដល់​ភាគីចិន ដើម្បី​ធ្វើយ៉ាង​ណា​ជំរុញ​ឲ្យអង្ករ​កម្ពុជា​អាចនាំ​ចេញ​ទៅ​ចិន​បានដល់ ៣០ម៉ឺន តោន​ក្នុង១ឆ្នាំ ដូច​ដែលបាន​ឯកភាពគ្នា និងបង្កើន​បន្ថែម​ទៀត​នាពេល​អនាគត។ មិនតែប៉ុណ្ណោះ ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បាន​ស្នើឲ្យ​ភាគី​ចិន​ មក​វិនិយោគ​នៅកម្ពុជា និងនាំចេញ​ទៅ​ចិនវិញ ដែលជា​គោលនយោបាយ​ឈ្នះ-ឈ្នះ សម្រាប់​ភាគី​ទាំងពីរ​ផងដែរ។

ជាការ​ឆ្លើយតប ឯកឧត្តម Wang Shouwen អនុរដ្ឋមន្រ្តី​ចិន បានថ្លែងថា ចិន​តែងតែ​លើក​ទឹកចិត្ត និងគាំទ្រ​ដល់​វិនិយោគិន​ចិន​មកវិនិយោគ​នៅកម្ពុជា ហើយ​ចំពោះក​រណី​អង្ករ​នាំចូល​ពី​កម្ពុជានេះ ភាគីចិន​នឹងឆ្លើយ​តប​ក្រោយ​ពីពិភាក្សា​ផ្ទៃក្នុងរួច តែជា​ទូទៅ​នឹងខិតខំ​នាំចូល​ឲ្យ​បានដល់ ៣០ម៉ឺនតោន ដែល​ជាកូតាឆ្នាំ២០១៨។

ទោះយ៉ាងណា របាយការណ៍​ពីក្រសួង​កសិកម្ម​​ រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងរយៈពេល ​៩ខែ ឆ្នាំ២០១៨នេះ ការនាំចេញ​អង្ករ​របស់​កម្ពុជា សម្រេច​បាន​​ប្រមាណ​ ៣៩ម៉ឺនតោន។ ដែលក្នុងនោះ ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន គឺឈរ​ក្នុង​លំដាប់​នាំមុខ​គេ មានប្រមាណ​ជាង​ ៩,៧ ម៉ឺន​តោន ខណៈដែលកម្ពុជា​និងចិន​ ធ្លាប់ឯកភាពគ្នា លើ​កូតា​​នាំអង្ករ​ពីកម្ពុជា​ទៅចិន​​នៅ​ឆ្នាំ២០១៨នេះ ប្រមាណ ៣០ម៉ឺនតោន។ 

លោក កាន់ គន្ធី នាយក​រង​ក្រុមហ៊ុន​នាំចេញ​អង្ករ​ Amru Rice បាន​លើក​ឡើងថា ការនាំចេញ​អង្ករ​​កម្ពុជាទៅ​កាន់​ប្រទេស​ចិន ​នៅមាន​ចំនួន​តិចនេះ គឺមិន​មាន​ដោយសារតែ​ភាគី​កម្ពុជា​នោះទេ ប៉ុន្ដែ វាដោយ​សារតែ​ចិនខ្លួនឯង​ទៅ​វិញទេ ព្រោះចិន​​កំពុង​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ដែលបាន​ធ្វើឲ្យ​​ប្រាក់​​យ័ន​របស់​ចិន​​បាន​ហើមឡើង​ប្រមាណ ១០% ខណៈដែល​ការនាំចេញ​របស់​កម្ពុជា ​គឺផ្អែក​លើប្រាក់​ដុល្លារ​អាមេរិក ដូច្នេះ វា​ធ្វើឲ្យ​​ការនាំចេញ​ទៅ​ចិន​​មាន​តម្លៃខ្ពស់​ជាងមុន។

លោក កាន់ គន្ធី បាន​បន្ថែម​ទៀតថា មួយរយៈ​ចុង​ក្រោយនេះ ដោយសារ​តែ​មាន​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក ចិន​ក៏បាន​បង្វែរ​ការទិញ​អង្ករ​ស​ពី​ប្រទេសកម្ពុជា ទៅទិញ​អង្ករ​ស​ពីប្រទេស​ឥណ្ឌាផងដែរ ដើម្បី​ជា​ការចង​សម្ព័ន្ធមិត្ត​ជាមួយ​​ឥណ្ឌា។ 

បើតាម​ការគូស​បញ្ជាក់ពី នាយក​រង​​ក្រុមហ៊ុន Amru Rice រូបនេះ តាម​ការប៉ាន់​ស្មាន នៅឆ្នាំនេះ ការនាំចេញ​អង្ករ​ទៅចិន​ អាច​មាន​ក្នុង​រង្វង់​តែ ២០ម៉ឺនតោន​ប៉ុណ្ណោះ ដោយ​សារតែ​​ក្រុមហ៊ុន​ចិន​​មិនសូវ​​បញ្ជា​ទិញអង្ករ​ច្រើន​ពីកម្ពុជា។

សូមជម្រាបថា ក្នុង​ឆ្នាំ​២០១៧​​កន្លង​​ទៅ​នេះ ការ​នាំ​ចេញ​​អង្ករ​​ទៅ​​បរទេស​​របស់​​កម្ពុជា សម្រេច​​បាន​ជាង​ ៦៣,៥​ម៉ឺន​តោន កើន​ឡើង​​ជិត​​ ១០​ម៉ឺន​តោន ស្មើនឹង​​ប្រមាណ ​១៧% បើ​ធៀប​​នឹង​​ឆ្នាំ ​២០១៦ ។ នេះ​បើ​យោង​​តាម​​របាយការណ៍​​របស់​​លេខា​ធិការ​ដ្ឋាន​​ច្រកចេញ ចូល​តែ​មួយ​៕

None



អត្ថបទបន្ទាប់


៩​ខែ​ឆ្នាំ​នេះ ទឹក​ប្រាក់​នាំចេញ​-នាំ​ចូល​របស់​កម្ពុជា​មាន​ជាង​២០​ពាន់​លាន​ដុល្លារ

ការនាំ​ចេញ នាំចូល​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​កត់​សម្គាល់​តាមរយៈ​ទឹក​ប្រាក់​នៅ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំ​២០១៨​នេះ ឃើញ​ថា នៅ​តែ​មាន​ស…

អាមេរិកពន្យល់​ពិភព​លោកអំពី​"យុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក” ខណៈ​ឥទ្ធិពល​ចិន​កើន​ឡើង​នៅស្ទើរ​គ្រប់ទិសទី!

ចក្ខុ​វិស័យ​របស់​មហា​អំណាច​សហរដ្ឋ​អាមេរិក​សម្រាប់​តំបន់​ ឥណ្ឌូ-​ប៉ាស៊ីហ្វិក ជា​អ្វីទៅ? តើ​វា​មាន​សារសំខាន់​បែប​ណា​សម្រាប់​តំបន់នេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ