កំណាត់ផ្លូវនេះ ជាប្រភេទផ្លូវក្រាលបេតុង កៅស៊ូ AC ដែលសាងសង់ដោយក្រុមហ៊ុន សៀងហៃ គ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) នឹងបានបញ្ចប់នៅកាលពីខែកក្កដា ឆ្នាំ២០១៧កន្លងទៅ។
ថ្លែងនៅក្នុងពិធីបើកសម្ពោធកំណាត់ផ្លូវជាលេខ៦ ក្រោមអធិបតីភាពរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៦នេះ គឺជាខ្សែផ្លូវដ៏មានសក្តានុពល តភ្ជាប់ទំនាក់ទំនងរវាងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប។
ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កំណាត់ផ្លូវនេះអាចធ្វើដំណើរ និងដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្ម របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចទៅកាន់ទីផ្សារក្នុងស្រុក និង ទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ដែលជាផ្នែកមួយយ៉ាងសំខាន់ រួមចំណែកធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជាសំដៅទាញយកអត្ថប្រយោជន៍ឲ្យបានច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក»។
បើតាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ដ្រី កំណាត់ផ្លូវនេះ នឹងជួយជំរុញកំណើនអត្រានៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យយមកទស្សនាខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តជិតខាងដូចជាខេត្តព្រះវិហារ ដែលជាខេត្តសម្បូរប្រាង្គប្រាសាទប្រវត្តិសាស្រ្ត និងដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមជាមួយរមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែងផ្សេងទៀត។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព ឬ ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវពេលបើកបរ ដោយមិនត្រូវបើកបរហួសល្បឿនកំណត់ ឬក្នុងពេលពេលស្រវឹង ឬស្ថានភាពងងុយគេង ជាពិសេស កុំដឹកជញ្ជូនលើសទម្ងន់ហួសកម្រិតកំណត់ ដែលងាយបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យផ្លូវថ្នល់ឆាប់ខូចមុនអាយុកាលកំណត់៕