ថ្លែងក្នុងពិធីសម្ពោធអគារ Exchange Squareនៅក្រុងភ្នំពេញនាថ្ងៃទី២៤ ឧសភានេះ លោក ប៉ែន សុផល មានប្រសាសន៍យ៉ាងដូច្នេះថា៖ «បច្ចុប្បន្នតំបន់ឆ្នេរ បានក្លាយជាតំបន់ស្នូលសម្រាប់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងធុរកិច្ចគ្រប់យ៉ាង។ សណ្ឋាគារ ដែលរំពឹងថា នឹងមានបន្ទប់ថ្មីៗជាច្រើនទៀត នឹងមាន១ពាន់បន្ទប់ បើកឲ្យប្រើប្រាស់នៅឆ្នាំ២០១៨»។
ក្នុងឆ្នាំ២០១៧ មានភ្ញៀវទេសចរជាតិប្រមាណ១.៥លាននាក់ និងប្រមាណ៥សែននាក់ ដែលបានសម្រុកមកលេងកម្សាន្ដនៅតំបន់ឆ្នេរខេត្តព្រះសីហនុ។ នៅឆ្នាំ២០៣០ គេរំពឹងថា ចំនួនភ្ញៀវទេសចរណ៍ទៅលេងនៅខេត្តព្រះសីហនុ ដែលជាតំបន់ឆ្នេរដ៏ស្អាតរបស់កម្ពុជា នឹងទទួលបានភ្ញៀវទេសចរប្រមាណ១១លាននាក់។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៧កន្លងទៅ មានភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្ដនៅកម្ពុជាប្រមាណ៥លាន៦សែននាក់ ក្នុងនោះភ្ញៀវទេសចរជនជាតិចិននាំមុខគេ ដោយមានចំនួន១លាន ២សែននាក់។
ជាមួយនឹងកំណើនទេសចរជាតិនិងអន្តរជាតិដ៏ខ្លាំងក្លា នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍បានបង្កើតការងារផ្ទាល់បានប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង១៣% នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានប្រមាណ ជិត១លាននាក់ និង ២០២៥ ជិត ១,២លាននាក់ និងឆ្នាំ២០៣០ បានចំនួន ១,៦លាននាក់ ដោយមិនគិតពីការងារដោយប្រយោល រាប់សិបម៉ឺននាក់ទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្ន សណ្ឋាគារនៅកម្ពុជាមានចំនួន ៦៣០ ខណៈសណ្ឋាគារលំដាប់ផ្កាយ៥ មានចំនួន២៥ ដោយក្នុងនោះ ខេត្តសៀមរាប មានចំនួន២០ ភ្នំពេញ មានចំនួន៤ និងខេត្តព្រះសីហនុ មាន១សណ្ឋាគារ។ នេះបើតាមតួលេខរបស់លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅ ទេសចរណ៍ និងម្ហូបអាហាររបស់ក្រសួងទេសចរណ៍ ដែលផ្តល់ជូនខេមបូណូមីសនាពេលកន្លងមក៕