ការតែងតាំងលោកឧត្តមសេនីយ៍ Sergei Surovikin បានធ្វើឡើងនៅថ្ងៃតែមួយ បន្ទាប់ពីលោក ពូទីន ត្រូវបានទទួលរងនូវការវាយប្រហារដ៏អាម៉ាស់មួយ ក្រោយពីមានការបំផ្ទុះគ្រាប់បែកនៅលើស្ពាន Kerch ដែលតភ្ជាប់ប្រទេសរុស្ស៊ីទៅកាន់ដែនដីគ្រីមៀរ ដែលបណ្តាលឲ្យមានអគ្គីភ័យដ៏ធំ និងបំផ្លាញផ្នែកខ្លះនៃស្ពានដោយវាលិចចូលទៅក្នុងសមុទ្រតែម្តង។
គួរជម្រាបថា លោក Surovikin គឺជាមេបញ្ជាការជើងចាស់ ដែលបានដឹកនាំបេសកកម្មយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរីក្នុងឆ្នាំ២០១៧ ជាកន្លែងដែលគាត់ត្រូវបានគេចោទប្រកាន់ថា បានប្រើយុទ្ធសាស្ត្រយោធា «ដ៏ចម្រូងចម្រាស» រួមទាំងការទម្លាក់គ្រាប់បែកដោយមិនរើសមុខចំពោះអ្នកដែលប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីផងដែរ ហើយវាជាលើកដំបូងនៃការតែងតាំងមេបញ្ជាការរួមនៃយោធាវិមានក្រឹមឡាំងក្នុងសមរភូមិអ៊ុយក្រែន។
នេះវាសរបង្ហាញថា ទីក្រុងម៉ូស្គូកំពុងសង្កេតឃើញថា យោធារបស់ខ្លួនកំពុងទន់ដៃ ទន់ជើង និងស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំ ក្រោយពីកងកម្លាំងអ៊ុយក្រែនបានវាយបកយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពនៅក្នុងតំបន់ចំនួនបួន ដែលពូទីនទើបតែដាក់បញ្ចូលជាទឹកដីរុស្ស៊ីថ្មីនេះ។
យោងតាមគេហទំព័ររបស់ក្រសួងការពារជាតិរុស្សី លោក ស៊ូរ៉ូវីគីន អាយុ៥៥ឆ្នាំ បានដឹកនាំកងទ័ពជើងអាកាស និងអវកាសរបស់រុស្ស៊ីតាំងពីឆ្នាំ ២០១៧ ដោយក្នុងឆ្នាំ ២០០៤ លោកជាមេបញ្ជាការកងទ័ពឆ្មាំរុស្ស៊ីដែលឈរជើងនៅតំបន់ Chechnya ក្នុងអំឡុងពេលសង្គ្រាមរវាងទីក្រុងមូស្គូប្រឆាំងនឹងពួកឧទ្ទាមអ៊ីស្លាមផងដែរ ហើយអតីតមេទ័ពនៃកងកម្លាំងអវកាសរុស្ស៊ីរូបនេះ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការរួមក្នុងការប្រយុទ្ធនៅអ៊ុយក្រែននេះតែម្តង ជំនួសឧត្តមសេនីយ៍ Alexander Dvornikov ដែលកាន់តំណែងបានប៉ុន្មានខែប៉ុណ្ណោះ។
បន្ថែមពីនេះ លោកត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃកងកម្លាំងរុស្ស៊ីដែលកំពុងប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែន ដែលជាកន្លែងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមិនល្អឡើយ។
យ៉ាងណាមិញ មន្ត្រីចារកម្មអង់គ្លេសបានសរសេរនៅក្នុងរបាយការណ៍ថ្មីៗនេះស្តីពីការឡើងឋានៈរបស់លោក Surovikin ដែលទំនងជាដឹកនាំក្រុមយោធាភាគខាងត្បូងនេះថា «អស់រយៈពេលជាង ៣០ ឆ្នាំមកនេះ ជីវិតយោធារបស់លោក Surovikin ត្រូវបានជាប់គាំងជាមួយនឹងការចោទប្រកាន់ពីអំពើពុករលួយ និងភាពសាហាវឃោរឃៅរបស់លោក»។
ជាមួយនឹងការតែងតាំងនេះដែរ វិមានក្រឹមឡាំងត្រូវបានគេមើលឃើញថា កំពុងបំពេញចិត្តអ្នកស្នេហាជាតិរុស្ស៊ីដែលបានរិះគន់ និងចោទជាសំណួរទៅកាន់យោធាខ្លួនក្រោយពីមើលឃើញកម្សោយ និងយុទ្ធសាស្រ្តសង្គ្រាមមិនទាន់ខ្លាំងក្លា ដើម្បីវាយប្រហារកងកម្លាំងអ៊ុយក្រែន ដែលមានលោកខាងលិចជួយនៅពីក្រោយនោះ៕