រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់ទូរទស្សន៍រុស្ស៊ីកាលពីថ្ងៃអាទិត្យថា យើងចង់បានទំនាក់ទំនងល្អ ស្មើភាព និងការគោរពគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក ដូចគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោកដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Lavrov បានបន្ថែមថា រុស្ស៊ីមិនចង់ឈរក្នុងជំហរមួយ ដែលសន្តិសុខរបស់រុស្សីត្រូវបានរំលោភបំពាន និងគំរាមកំហែងជារៀងរាល់ថ្ងៃនោះទេ។
ការលើកឡើងដូចនេះរបស់មន្ត្រីជាន់ខ្ពស់ក្រុងមូស្គូ គឺចង់សំដៅដល់ការគំរាមកំហែងពីកងទ័ពណាតូ ដែលក្រោយពីបញ្ចប់សង្រ្គាមត្រជាក់ មាននៅជាង១៤ប្រទេសក្បែរខាងប្រទេសរុស្សី និងសុទ្ធសឹងជាប្រទេសអតីតសហភាពសូវៀត។ រុស្សីទាមទារឲ្យបញ្ចប់ការធ្វើសមយុទ្ធពីប្រទេសទាំងនេះ បូករួមការដកទ័ពណាតូទាំងអស់ចេញពីតំបន់ផងដែរ។
គួររំឭកថា ភាពតានតឹងបានកើនឡើងរវាងទីក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន បន្ទាប់ពីរដ្ឋាភិបាលលោកខាងលិចផ្តើមចោទប្រកាន់រុស្ស៊ីពីការប្រមូលទ័ពរាប់ម៉ឺននាក់ មកព្រំដែនខ្លួនជាមួយប្រទេសអ៊ុយក្រែន ដែលជាអតីតសមាជិករបស់សហភាពសូវៀត។ការបង្កើនកម្លាំងយោធាបានបង្កឱ្យមានការភ័យខ្លាចថា រុស្ស៊ីកំពុងរៀបចំផែនការឈ្លានពានអ៊ុយក្រែន ប្រការនេះធ្វើឱ្យអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬហៅកាត់ថាណាតូ និងសមាជិករបស់ខ្លួននៅក្នុងតំបន់ ផ្តើមពង្រឹងការដាក់ពង្រាយកងទ័ពរបស់ខ្លួននៅទីនោះដែរ ទុកជាការឆ្លើយតប។
យ៉ាងណាមិញ មេដឹកនាំលោកខាងលិចបានព្យាយាមបន្ធូរបន្ថយភាពតានតឹងនេះ ដោយបានឈានដល់ការជជែកជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប៉ុន្តែបស្ចិមលោកក៏ប្តេជ្ញាផងដែរនូវទណ្ឌកម្មថ្មី ដែលមិនធ្លាប់មានពីមុនមក ប្រសិនបើទីក្រុងមូស្គូចាប់ផ្តើមការវាយប្រហារអ៊ុយក្រែនពិតមែន។ ជាក់ស្តែង ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនកំពុងរៀបចំការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ ដែលនឹងកំណត់គោលដៅលើក្រុមហ៊ុនធំៗ ដែលជិតស្និទ្ធនឹងវិមានក្រឹមឡាំង៕