រដ្ឋាភិបាលវៀតណាមបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ដំណើរទស្សនកិច្ចរបស់លោក ឡាវរ៉ូវ ដែលធ្វើឡើងតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ូ ថាញ់ សុន (Bui Thanh Son) នេះ បានកើតឡើងស្របពេលដែលប្រទេសទាំង២គឺវៀតណាម និងរុស្ស៊ីបានប្រារព្ធខួបលើកទី១០នៃ«ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ»។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
នៅមុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ីនៅចុងសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ បានឈាងចូលប្រទេសវៀតណាម នៅថ្ងៃអង្គារទី ៥កក្កដានេះ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ប៊ូ ថាញ់សុន នៅគ្រាដែលប្រទេសទាំងពី មានការប្រារព្ធខួប១០ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ការធ្វើដំណើរទស្សនកិច្ចរបស់ប្រមុខការទូតរុស្ស៊ី នៅវៀតណាមនេះ គឺធ្វើឡើងចំពេលដែល ប្រមុខការទូតចិន ក៏កំពុងមានវត្តមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបន្ដដំណើរទស្សនៈកិច្ចនៅប្រទេសតំបន់អាស៊ានមួយចំនួនទៀតផងដែរ។
បើនិយាយពីទំនាក់ទំនងរវាងរុស្ស៊ី និងវៀតណាម ឃើញថាប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់វៀតណាម ហើយក្រុមហ៊ុនរបស់រុស្ស៊ីមួយចំនួនមានការពាក់ព័ន្ធនឹងគម្រោងទិញថាមពលសំខាន់ៗជាច្រើននៅក្នុងប្រទេសវៀតណាម។
ប្រទេសរុស្ស៊ីនិងវៀតណាមមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាតាំងពីសម័យសហភាពសូវៀតមកម្ល៉េះ ហើយរហូតមកដល់ពេលនេះ វៀតណាមមិនទាន់បានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដែលទីក្រុងម៉ូស្គូហៅថាជា«ប្រតិបត្តិការពិសេស»នោះនៅឡើយទេ។
កាលពីខែមេសា ប្រទេសវៀតណាមបានបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្ដីពីការព្យួរឋានៈរបស់ប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដោយសារសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
សេចក្តីថ្លែងការណ៍របស់វៀតណាមនេះបាននិយាយថា ពាណិជ្ជកម្មរវាងវៀតណាម និងរុស្ស៊ីបានកើនឡើង ២៥ ភាគរយកាលពីឆ្នាំមុន គឺឡើងដល់ជាង ៧ ពាន់លានដុល្លារ។
បន្ទាប់ពីទស្សនកិច្ចនៅវៀតណាម លោក ឡាវរ៉ូវ ក៏នឹងទៅចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងបំផុតទាំង២០ដែលនឹងរៀបចំធ្វើនៅលើកោះបាលីនៅប្រទេសឥណ្ឌូនេស៊ីនៅចុងសប្ដាហ៍នេះផងដែរ៕
អត្ថបទ៖ សុខ ជា