ឆ្នាំ១៩៩៤ លោក Zhang បើកភោជនីយដ្ឋានដំបូងបំផុតរបស់លោក នៅគ្រាដែលលោកបាននិងកំពុងធ្វើការនៅរោងចក្រមួយ នៅស្រុកកំណើតរបស់លោក។ លោកថា ចាប់ផ្ដើមបើកហាងស៊ុបដំបូង លោកមិនទាំងចេះធ្វើស៊ុបអ្នកខេត្តស៊ីឈួនផងទេ។
នេះបើតាមន័យសេចក្ដីនៃសម្ភាសន៍ដែលសហគ្រិនលេចធ្លោមួយរូបនេះ បានផ្ដល់ដល់និងចុះផ្សាយដោយសារព័ត៌មាន Forbes នាពេលថ្មីៗកន្លងទៅនេះ។
សារព័ត៌មាន Forbes ផ្សាយថា លោកថៅកែភោជនីយដ្ឋាន Zhang Yong នឹងក្លាយជាមនុស្សដែលស្ថិតក្នុងចំណោមមហាសេដ្ឋីដែលមានប្រាក់ច្រើនជាងគេបំផុតនៅក្នុងប្រទេសចិន ខណៈដែលក្រុមហ៊ុនរបស់លោកត្រៀមលក់ភាគហ៊ុននៅលើផ្សារហ៊ុន នៅទីក្រុងហុងកុង។
បើតាមការប៉ាន់ស្មានរបស់ទស្សនាវដ្ដី Forbes សហស្ថាបនិកនៃក្រុមហ៊ុន Haidilao International Holding រូបនេះ នឹងមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ៧ពាន់លានដុល្លារ ឬអាចច្រើនដល់ទៅ ៨,៣ពាន់លានដុល្លារអាមេរិក នៅក្រោយការដាក់ក្រុមហ៊ុននៅលើផ្សារហ៊ុន ដែលទំហំទ្រព្យសម្បត្តិនេះនឹងធ្វើឲ្យលោក Zhang Yong ក្លាយជាថៅកែភោជនីយដ្ឋានដែលមានលុយច្រើនជាងគេបំផុត នៅចិន។
ក្នុងកិច្ចសម្ភាសន៍ផ្សាយដោយទស្សនាវដ្ដី Forbes លោក Zhang ឲ្យដឹងថា សព្វថ្ងៃ ភោជនីយដ្ឋាន Haidilao មាន ៣៦០ ទីតាំង ហើយគ្រោងនឹងបង្កើនឲ្យដល់ ៤០០ទីតាំង នៅដំណាច់ឆ្នាំនេះ ក្នុងនោះប្រហែល ២០ទីតាំង នៅក្រៅប្រទេស។
បច្ចុប្បន្ន ភោជនីយដ្ឋាន Haidilao មានវត្តមានរួចជាស្រេចហើយ នៅទីក្រុងតាមបណ្ដោយឆ្នេរនៅសហរដ្ឋអាមេរិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ទីក្រុងសេអ៊ូល នៅកូរ៉េខាងត្បូង និងសិង្ហបុរី ហើយភោជនីយដ្ឋានក៏គ្រោងពង្រីកសាខាទៅផ្នែកផ្សេងៗទៀតនៅជុំវិញពិភពលោក ដែលមានជនជាតិចិនរស់នៅនិងធ្វើការនៅទីនោះ បន្ថែមទៀតផងដែរ។
អាចនិយាយបានថា ខុសពីភោជនីយដ្ឋានខ្លះដែលពឹងផ្អែកលើចុងភៅដែលមានពិសោធន៍ច្រើនឆ្នាំ ភោជនីយដ្ឋាន Haidilao អះអាងថា ជោគជ័យរបស់ខ្លួនគឺអាស្រ័យទៅលើសេវាល្អប្លែកពីគេ និងការកម្សាន្តប្រកបដោយភាពច្នៃប្រឌិត។ ភោជនីយដ្ឋាននេះ ផ្ដល់សេវាសម្អាតក្រចកដៃក្រចកជើងដោយឥតគិតថ្លៃដល់អតិថិជនខណៈពួកគេរង់ចាំ មានកន្លែងថតរូបលេងកម្សាន្ត ដែលផ្ដិតចេញភ្លាមៗ សរសៃមីធ្វើដោយដៃថ្មីៗភ្លាមៗនៅនឹងតុហូប កន្លែងសាកថ្មទូរស័ព្ទ និងអង្រឹងសម្រាប់ទារកនិងកុមារតូចៗ ជាដើម រួមទាំងសេវាជាច្រើនទៀត។
សព្វថ្ងៃនេះ ក្រុមហ៊ុនហាងស៊ុប Haidilao អាចនិយាយបានថា ឈានមុខគេនៅប្រទេសចិន ដោយរកចំណូលបាន ១,៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ កើនឡើង ៣៦% បើធៀបនឹងឆ្នាំ២០១៦ ចំណែកប្រាក់ចំណេញវិញ កើន ២២% ដោយឡើងដល់ ១,២ពាន់លានយ័ន ក្នុងឆ្នាំ២០១៧៕