ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិលោកស្រី គ្រីស្តាលីណា ចចជីវ៉ា បានគូសបញ្ជាក់ថា នៅសប្តាហ៍ក្រោយនេះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល នៃប្រទេសសមាជិករបស់ IMF ទាំង១៩០ នឹងជួបជជែកគ្នា ដើម្បីវាយតម្លៃទិសដៅសេដ្ឋកិច្ចសកល ដែលកំពុងប្រឈមនឹងវិបត្តិប្រែប្រួលយ៉ាងឆាប់ឆាប់រហ័ស និងភាពមិនច្បាស់លាស់ខ្ពស់។ លោកស្រី បានសង្កត់ធ្ងន់ថា ជំនួបនេះជាឱកាសដ៏សំខាន់ ដែលតម្រូវឱ្យប្រតិភូទាំងអស់ជជែកគ្នារកដំណោះស្រាយដោយចំហ បង្កើតឱកាសការងារដ៏រស់រវើក និងរួមគ្នាពង្រឹងខែលការពារសេដ្ឋកិច្ច ដើម្បីទប់ទល់នឹងព្យុះវិបត្តិ ដែលកំពុងបោកបក់នាពេលបច្ចុប្បន្ន។
ក្នុងចំណោមនោះបញ្ហាស្នូលទាំង៦ ដែលប្រធាន IMF ជំរុញឱ្យមានសកម្មភាពឆ្លើយតបជាបន្ទាន់ និងមានប្រសិទ្ធភាពនោះរួមមានវិបត្តិខ្សែច្រវាក់ផ្គត់ផ្គង់ ដែលកំពុងរងការគំរាមកំហែងពីសង្គ្រាម, កំណើនបំណុលសាធារណៈ ដែលកំពុងស្ទុះកើនឡើងយ៉ាងកំហុក, កាលានុវត្តភាពនៃបញ្ញាសិប្បនិម្មិត (AI), គម្លាតវិសមភាពក្នុងការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា AI, សម្ពាធទីផ្សារហិរញ្ញវត្ថុ និងបម្រែបម្រួលអត្រាការប្រាក់ និងភាពមិនប្រាកដប្រជា នៃពាណិជ្ជកម្មសកល។
លោកស្រីបានបន្ថែមថា បញ្ហាទាំងនេះមិនមែនជាវិបត្តិដាច់ដោយឡែក ឬជាបន្ទុករបស់ប្រទេសណាមួយនោះឡើយ ប៉ុន្តែវាជាវិបត្តិប្រទាក់ក្រឡាគ្នា ដែលជះឥទ្ធិពលផ្ទាល់ទៅវិញទៅមក។ ហេតុនេះអ្នករៀបចំគោលនយោបាយត្រូវតែមានវិធានការបុរេសកម្ម ដោយមិនត្រូវទន្ទឹងរង់ចាំ ឬពន្យារពេលទៀតឡើយ ព្រោះឧបករណ៍សម្រាប់ដោះស្រាយបញ្ហាមាននៅក្នុងដៃរួចហើយ នៅខ្វះតែឆន្ទៈនយោបាយ និងការសម្រេចចិត្តតែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ លោកស្រី បានជំរុញឱ្យមេដឹកនាំទាំងអស់ផ្តោតលើការរៀបចំគោលនយោបាយសារពើពន្ធដើម្បីគ្រប់គ្រងបំណុល និងឱនភាពថវិកា, អនុវត្តគោលនយោបាយរូបិយវត្ថុដើម្បីរក្សាស្ថិរភាពតម្លៃ, រៀបចំកញ្ចប់ថវិកាជំនួយឱ្យចំគោលដៅ និងបង្កើតក្របខ័ណ្ឌគ្រប់គ្រង AI ឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយៈ សរ សុជាតិ