សេវាដឹកជញ្ជូនក្រៅប្រព័ន្ធ

មន្ត្រីជាន់ខ្ពស់៖ មិនមានហាមឃាត់អ្នករត់តាក់ស៊ី និងកង់បី នៅព្រលានយន្តហោះសៀមរាបថ្មីទេ


មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញមកពន្យល់អំពីករណីការប្រើប្រាស់សេវាដឹកជញ្ជូន នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីឲ្យប្រជាពលរដ្ឋមានការកាន់តែយល់ច្បាស់ និងបានអះអាងថា អ្នកធ្វើដំណើរអាចប្រើសេវាដឹកជញ្ជូនផ្សេងៗតាមតម្រូវការ។ ពោលគឺសេវាដឹកជញ្ជូនក្រៅប្រព័ន្ធត្រូវបានអនុវត្ដធម្មតា ដូចអាកាសយាន្ដដ្ឋានអន្ដរជាតិផ្សេងៗដទៃទៀត ដោយមិនមានការប្រែប្រួលនោះឡើយ ហើយក៏មិនមានការហាមឃាត់នោះទេ។
សេវាដឹកជញ្ជូនក្រៅប្រព័ន្ធ
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានសម្រេចផ្ទេរសិទ្ធិឲ្យក្រុមហ៊ុនមួយជាអ្នកធ្វើប្រតិបត្ដិការសេវាកម្មដឹកជញ្ជូននៅក្នុងអាកាសយានដ្ឋានសៀមរាបអង្គរ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ សម្រាប់ការផ្តល់សិទ្ធិនេះដែរ ក្រុមហ៊ុនបានកំណត់តម្លៃដឹកជញ្ជូនដោយរថយន្តធុនតូចមានតម្លៃ៣៥ដុល្លារមួយជើង និងឡានក្រុងតូច៤០ដុល្លារមួយជើង ឬ៨ដុល្លារក្នុងម្នាក់។

ការដាក់តម្លៃបែបនេះធ្វើឱ្យមានការរិះគន់ និងជជែកដេញដោលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងរង្វង់អ្នករកស៊ីដឹកជញ្ជូនអ្នកដំណើរ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍។ ជុំវិញការបង្កើតសេវាកម្មដឹកជញ្ជូន និងការកំណត់តម្លៃនេះដែរ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បកស្រាយថា គឺដោយសារតែអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ជាអាកាសយានដ្ឋានថ្មី ហើយមានចម្ងាយប្រហែល៥០គីឡូម៉ែត្រពីទីរួមខេត្ដសៀមរាប ហើយក៏មិនទាន់មានសេវាដឹកជញ្ជូនសាធារណៈទៅដល់ទីនោះ ទើបអាកាសយាន្ដដ្ឋានសម្រេចឲ្យមានប្រតិបត្តិការសេវាកម្មតាក់ស៊ី។

លោកបន្តថា បើពិនិត្យតម្លៃដឹកជញ្ជូនតម្លៃរថយន្តក្រុង៨ដុល្លារក្នុងម្នាក់ សម្រាប់រយៈចម្ងាយជិត៥០គីឡូម៉ែត្រ ធៀបនឹងការសេវាដឹកជញ្ជូនផ្សេងទៀតគិតជាគីឡូម៉ែត្រ គឺសេវាដឹកជញ្ជូនទាំងពីរនេះមិនមានអ្វីខុសគ្នានោះទេ។

ចំពោះតម្លៃសេវាដឹកជញ្ជូនវិញ អាស្រ័យទៅលើជម្រើសរបស់អ្នកធ្វើដំណើរ បើសិនជាអ្នកធ្វើដំណើរគិតថាថ្លៃពួកគេអាចមានការជ្រើសរើសយកសេវាដឹកជញ្ជូនផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងសមាគមអ្នកដឹកជញ្ជូនក្នុងអាកាសយាន្ដដ្ឋានក៏បានដែរ។

ទន្ទឹមនឹងនេះ ចំពោះអ្នកដឹកជញ្ជូនផ្សេងៗទៀតដែលនៅក្រៅប្រព័ន្ធ ដែលចង់ចូលក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មិនមានការហាមឃាត់នោះទេ ដោយត្រូវមកចុះបញ្ជីជាមួយសមាគមដឹកជញ្ជូន ព្រោះថា ការធ្វើបែបនេះ ដើម្បីរក្សានូវសណ្ឋាប់ធ្នាប់ និងសុវត្ថិភាពជូនដល់អ្នកធ្វើដំណើរនៅក្នុងអាកាសយានដ្ឋាន។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ដែលបានបន្ថែមថា ចំណែកឯអ្នកនៅក្រៅប្រព័ន្ធផ្សេងទៀត ដែលមិនបានចុះបញ្ជី ក៏អាចចូលដឹកជញ្ជូនអ្នកដំណើរបានដូចគ្នានឹងព្រលានយន្តហោះផ្សេងៗទៀត ដោយមិនមានហាមឃាត់មិនចូលនោះទេ។ ប៉ុន្តែបើត្រូវការចត គឺត្រូវបង់ថ្លៃចំណត។

សូមរំលឹកថា ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៊ិន (ខេមបូឌា) ឯ.ក នាពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងអំពីតាក់ស៊ីនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយបានផ្ទេរសិទ្ធិឲ្យ Tourist Transport Association for Siem Reap International Airport (TTA) ធ្វើប្រតិបត្តិការសេវាកម្មតាក់ស៊ី ដើម្បីធានាការធ្វើដំណើររបស់ភ្ញៀវទេសចរ។ ដើម្បីធ្វើប្រតិបត្តិការឲ្យបានល្អ TTA នឹងបញ្ជូនរថយន្តធុនតូចចំនួន២៦១គ្រឿង (តិចជាង៧កៅអី) និងឡានក្រុងតូច៦៩គ្រឿង(មាន៨កៅអីដល់១៥កៅអី) ដើម្បីបំពេញតម្រូវការអ្នកដំណើរ។ ក្នុងនោះរថយន្តធុនតូចមានតម្លៃ៣៥ដុល្លារក្នុងមួយជើង ខណៈឡានក្រុងតូចមានតម្លៃ៤០ដុល្លារក្នុងមួយជើង ឬម្នាក់៨ដុល្លារ។

ដោយឡែកសម្រាប់ការខុសអក្សរ ឬពាក្យដែលដាក់នៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ត្រូវបានឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អះអាងថា ជាកំហុសបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ ហើយត្រូវបានកែសម្រួលរួចរាល់ផងដែរ។ ជាមួយគ្នានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងបន្តធ្វើការត្រួតពិនិត្យលើការប្រើប្រាស់ភាសាខ្មែរនៅក្នុងអាកាសយានដ្ឋានឱ្យបានប្រសើរជាងនេះ៕

None



អត្ថបទបន្ទាប់


ដំណាំកសិកម្មជាង៦ម៉ឺនហិកតា នៅខេត្តចំនួន១៣ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដំណាំកសិកម្មជាច្រើនម៉ឺនហិកតា នៅតាមបណ្ដាខេត្តចំនួន១៣ ក្នុងប្រទេសកម្ពុជា បានរងផលប៉ះពាល់ពីការជន់លិចដោយសារជំនន់ទឹកភ្លៀង ដែលបានកើតឡើងសាជា…

ក្រុមហ៊ុន ហ្វត ស្នើឱ្យកម្មកររថយន្តបញ្ចប់ការធ្វើកូដកម្ម ដ្បិតបារម្ភការវិនិយោគ

នាយកប្រតិបត្តិក្រុមហ៊ុន Ford Motor លោក ប៊ីល ហ្វត បានអំពាវនាវឱ្យកម្មកររថយន្តធ្វើការរួមគ្នា ដើម្បីបញ្ចប់កូដកម្មដែលបានអូសបន្លាយរយៈពេលមួយខែមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ