ក្រុមហ៊ុនបច្ចេកវិទ្យាកុំព្យូទ័រទំនើបៗទាំង៧នោះ ត្រូវបានអាមេរិកសម្រេចដាក់ចូលទៅក្នុងបញ្ជីខ្មៅ នឹងមិនអាចធ្វើការរកស៊ី នាំចេញនាំចូលកុំព្យូទ័រទំនើបៗរបស់ពួកគេមកកាន់ទឹកដីអាមេរិកបានទៀតនោះទេ លើកលែងតែមានការអនុញ្ញាតពិសេសពីអាជ្ញាធរអាមេរិក។
លោក ហ្គីណា រ៉ៃម៉ុនដូ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកបានអះអាងថាប្រភេទកុំព្យូទ័រសមត្ថភាពខ្ពស់ ឬ ភាសាអង់គ្លេសឲ្យឈ្មោះថា Supercomputer នេះមានសារៈសំខាន់ណាស់សម្រាប់ការប្រើប្រាស់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយោធា ទាក់ទងនឹងប្រព័ន្ធសន្តិសុខជាតិជាច្រើនដូចជា អាវុធនុយក្លេអ៊ែរជាដើម។ ហេតុនេះ អាមេរិកមិនអាចប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ ដែលផលិតឡើងដោយប្រទេសចិនបានទេ។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិករូបនេះបានស្រែកក្តែងៗទៀតថា អាមេរិកនឹងប្រើសិទ្ធិស្របច្បាប់របស់ខ្លួនដើម្បីរារាំងចិនពីការលួចប្រមូលយកទិន្នន័យ និង បច្ចេកវិទ្យាយោធា ដែលអាមេរិកខិតខំអភិវឌ្ឍ និង ធ្វើទំនើបកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
វាមិនមែនជារឿងចម្លែកនោះទេ ដែលថាអាមេរិកព្រួយបារម្ភពីការប្រមូលយកទិន្នន័យនានាដោយប្រទេសចិន ដោយហេតុថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាយោធារបស់ចិនបានវិវត្តទៅមុខយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
រដ្ឋាភិបាលក្រុងប៉េកាំងមិនទាន់មានការឆ្លើយតបណាមួយជុំវិញបញ្ហានេះទេ។ ប៉ុន្តែមែនទែនទៅ ដូចបានដឹងហើយថា ជារឿយៗមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ចិន និង អាមេរិកនេះ រមែងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ជុំវិញបញ្ហាលួចយកទិន្នន័យសម្ងាត់ និងការរំលោភកម្មសិទ្ធិបញ្ញាជាដើម។
សូមបញ្ជាក់ថា ក្រោយការឡើងកាន់ដំណែងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ទំនាក់ទំនងនៃប្រទេសទាំងពីរមិនត្រឹមតែមិនមានភាពធូរស្រាលនោះទេ ពេលនេះមហាយក្សទាំងពីរពាក់មុខយក្សដាក់គ្នា មើលមុខគ្នាលែងចំថែមទៀត ក្រោយនិយាយគ្នាមិនត្រូវក្នុងជំនួបទ្វេភាគី នៅរដ្ឋអាឡាស្កាទឹកដីអាមេរិក កាលពីខែមុននេះ៕