ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា គណៈកម្មាធិការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយ និងដោះស្រាយបញ្ហាវិវាទដីធ្លី ដែលបានកើតឡើងពីបញ្ហាដីឡើងថ្លៃកន្លងមក។ ហើយវាក៏នឹងដើរតួក្នុងការជួយសម្របសម្រួល និងជំរុញការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ដែលជាប់គាំងដោយសារបញ្ហាទំនាស់ដីធ្លីផងដែរ។
អ្នកជំនាញរូបនេះ អះអាងថា ប្រសិនបើរាជរដ្ឋាភិបាលបែងចែកឲ្យបានច្បាស់លាស់រវាងដីរដ្ឋ និងដីឯកជន និងគ្រប់គ្រងការប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ វាមិនត្រឹមតែជួយកាត់បន្ថយបញ្ហាទំនាស់ដីធ្លីប៉ុណ្ណោះទេ ថែមទាំងអាចពន្លឿនការអភិវឌ្ឍលើវិស័យនានាក្នុងខេត្តជាប់មាត់សមុទ្រនេះទៀតផង។
កញ៉ា លឹម ហេង កត់សម្គាល់ឃើញថា បញ្ហាទំនាស់ដីធ្លីបានកើតមានឡើងជាបន្តបន្ទាប់កាលពីពេលកន្លងទៅក្រោយតម្លៃដីធ្លីនៅខេត្តព្រះសីហនុបានហក់ឡើងខ្ពស់ បន្ទាប់ពីមានវត្តមានវិនិយោគិនចិនសម្រុកមកវិនិយោគនៅខេត្តនេះ។ កត្តានេះបានធ្វើឲ្យគម្រោងវិនិយោគមួយចំនួនត្រូវបានជាប់គាំង។
ជាមួយគ្នានេះលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុកម្ពុជាជឿជាក់ថា ក្រោយបង្កើតឲ្យមានគណៈកម្មាធិការខាងលើ វានឹងធ្វើឲ្យការប្រើប្រាស់ដីនៅក្នុងខេត្តព្រះសីហនុកាន់តែមានភាពត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។ តាមរយៈគណៈកម្មាធិការនេះដែរ វានឹងជួយឲ្យតម្លៃដីធ្លីអចលនទ្រព្យនៅតំបន់ខ្លះ ក្នុងខេត្តនេះកើនឡើងកាន់តែខ្ពស់ និងជួយរក្សាលំនឹងតម្លៃដីធ្លីជាដើម។
សម្រាប់លោក ច្រឹក សុខនីម ការបង្កើតគណៈកម្មាធិការនេះ វាបង្ហាញពីការយកចិត្តទុកដាក់ និងទស្សនៈរបស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍ និងរក្សាតម្លៃដីធ្លីនៅខេត្តព្រះសីហនុ នាពេលអនាគត។
គួររំលឹកថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យមួយសម្រេចបង្កើតគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ គណៈកម្មាធិការ ដែលមានសមាជិកភាគច្រើនជាំថ្នាក់ដឹកនាំក្រសួងនេះ មានតួនាទីដឹកនាំ និងសម្របសម្រួលអន្តរក្រសួងស្ថាប័នក្នុងការរៀបចំគោលនយោបាយ និងគ្រប់គ្រងការប្រើប្រាស់ដីធីដើម្បីអភិវឌ្ឍន៍ខខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕