ចំណាត់ថ្នាក់​ប្រទេស​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​ខ្លាំង​

សាំងហ្គាពួរ នាំមុខអាមេរិក ក្នុងតំណែងជាប្រទេសមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងបំផុត​លើលោក


ប្រទេសសិង្ហបុរី ឬសាំងហ្គាពួរ ដែលគេស្គាល់ថា ជាដីកោះតូចមួយ ដែលមានប្រជាជនប្រមាណជិត ៦ លាននាក់រស់នៅនោះ បាននាំមុខសហរដ្ឋអាមេរិក ក្នុងតំណែងជាប្រទេសកំពូល ដែលមានភាពប្រកួតប្រជែងសេដ្ឋកិច្ចខ្លាំងបំផុតនៅលើពិភពលោក។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំមួយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
សាំងហ្គាពួរ នាំមុខអាមេរិក ក្នុងតំណែងជាប្រទេសមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងបំផុត (រូបភាព៖https://www.smartcity.press)
ដោយ

សន្ទស្សន៍ នៃរបាយការណ៍របស់ វេទិកាពិភពលោក ដែលបាន​ចេញផ្សាយ​ជាសាធារណៈ កាលពី​ថ្ងៃពុធ ទី៩ តុលា ឆ្នាំ២០១៩នេះ បាន​ឆ្លុះ​បញ្ចាំងពី​ទិដ្ឋភាព​នៃភាពប្រកួតប្រជែង​សេដ្ឋកិច្ច ដែលមានកត្តាវាស់ស្ទង់​ដូចជា ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារការងារ និង​សមត្ថភាព​នៃភាពច្នៃប្រឌិត។

ប្រទេស​សាំងហ្គាពួរ បាន​រុញទម្លាក់​សហរដ្ឋអាមេរិក​ដែលជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទី១នោះ ឲ្យ​មកនៅ​ឈរ​លេខ ២ ក្នុងតំណែង​ជាប្រទេស​មានសេដ្ឋកិច្ច​ប្រកួតប្រជែង​ខ្លាំងបំផុត ខណៈដែល​ប្រទេសដីកោះ​នៃតំបន់អាស៊ី​មួយនេះ ទទួលបាន​ពិន្ទុ​ខ្ពស់បំផុត នៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ សុខាភិបាល ទីផ្សារការងារ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ។ 

បើទោះបីជា អាមេរិក​បាន​ចាញ់​សាំងហ្គាពួរ​ក៏ពិតមែន តែអាមេរិក នៅតែ​ជា​ប្រទេស​មួយ​ដែលមាន​កម្លាំងច្នៃប្រឌិត​ដ៏ខ្លាំងក្លាដដែល។ នេះបើតាម​ការគូសបញ្ជាក់​នៅក្នុងរបាយការណ៍។

ប្រទេស​សាំងហ្គាពួរ និងវៀតណាម ត្រូវបាន​គេមើលឃើញថា បាន​បង្ហាញពីសន្ទុះ​ខ្លាំង​នៅឆ្នាំនេះ ដោយសារតែមាន​មួយផ្នែក​ជំរុញដោយ​សង្គ្រាម​ពាណិជ្ជកមុ្ម​រវាង​អាមេរិក និងចិន។

របាយការណ៍​បានកត់សម្គាល់ទៀតថា ប្រទេស​អាស៊ាន​ទាំងពីរនេះ ហាក់ដូចជាទទួលបាន​អត្ថប្រយោជន៍​ពីភាពតានតឹង​ពាណិជ្ជកម្ម​សកល តាមរយៈការ​បង្វែរពាណិជ្ជកម្ម (Trade Diversion)។ ជាក់ស្ដែង វៀតណាមបាន​ហក់កើនឡើង ១០ពិន្ទុ កាលពីឆ្នាំមុន ដោយបាន​ឈរ​នៅ​ចំណាត់ថ្នាក់ទី ៦៧ ក្នុងចំណោម ១៣៧ ប្រទេស។ 

សារព័ត៌មាន របស់អាមេរិក CNN បាន​​រាយការណ៍ថា សហរដ្ឋអាមេរិក បាន​នាំចូលទំនិញ​ពីវៀតណាម កើនឡើង​ដល់ ៣៦% នៅ​រយៈពេល ៥ខែ​ដំបូងនៃឆ្នាំ២០១៩នេះ ដោយមាន​ក្រុមហ៊ុន​មួយចំនួន បាន​ផ្លាស់ប្តូរ​រោងចក្រ​ផលិត​ពី​ប្រទេសចិន ទៅវៀតណាម និង​ទៅកាន់​ប្រទេស​តំបន់អាស៊ីអាគ្នេយ៍​ផ្សេងទៀត ដើម្បី​គេចផុត​ពីការ​ដំឡើងពន្ធ។

យ៉ាងណាក៏ដោយចុះ សម្រាប់​ប្រទេស​សាំងហ្គាពួរវិញ សង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន មិនសូវជា​ផ្ដល់ជ័យជម្នះ​ខ្លាំងក្លា​នោះឡើយ ដោយសារតែ សាំងហ្គាពួរ មានការពឹងផ្អែកខ្លាំង​លើការនាំចេញ​ទៅប្រទេសចិន ហើយចិន​ក៏ជាដៃគូពាណិជ្ជកម្ម​ធំបំផុត​របស់​ប្រទេសនេះផងដែរ។ នេះបើតាម​ការ​កត់សម្គាល់ពី CNN។ 

សារព័ត៌មានអន្តរជាតិ ដដែលនេះ បាន​គូសបញ្ជាក់ថា សាំងហ្គាពួរ បាន​ទម្លាក់ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន កាលពីខែ​សីហា បន្ទាប់មាន​របាយការណ៍​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ត្រីមាសទី​២​នៃឆ្នាំនេះ ហើយវា​ក៏ត្រូវបាន​គេមើលឃើញថា ឈានទៅរក​កំណើន​ប្រចាំឆ្នាំទាប​បំផុត ចាប់តាំង​ពីមាន​វិបត្តិហិរញ្ញវត្ថុ​ពិភពលោក​កាល​ពី​ឆ្នាំ២០០៩មក។

ទីក្រុងហុងកុង ប្រទេសហូឡង់ និងស្វីស បានឈរ​ក្នុងលំដាប់​កំពូលទាំង៥ បន្ទាប់ពី សាំងហ្គាពួរ និងអាមេរិក ក្នុងតំណែង​ជាប្រទេស​ដែលមាន​សេដ្ឋកិច្ចប្រកួត​ប្រជែង​ខ្លាំង។ ហុងកុង ទទួលបាន​៤ ពិន្ទុ ពី​របាយការណ៍​កាលពីឆ្នាំមុន បើទោះបីជា បញ្ហា​នយោបាយ​ក្នុងទីក្រុងនេះ កំពុងបង្ក​បញ្ហា​ស្មុគ្រស្មាញ​ដល់​សេដ្ឋកិច្ច​ក៏ដោយ។ ​ហុងកុង ទទួលបាន ពិន្ទុខ្ពស់ សម្រាប់​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុ ប៉ុន្ដែ ធ្លាក់ចុះទាប​ចំពោះ​សមត្ថភាពច្នៃប្រឌិតរបស់ខ្លួន។

របាយការណ៍របស់ វេទិកាសេដ្ឋកិច្ច​ពិភពលោក ក៏បាន​ព្រមានដែរថា ការកើនឡើង​នូវភាពតានតឹង​ផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ កំពុង​បង្កភាព​មិនប្រាកដ​ប្រជា​នៅជុំវិញពិភពលោក៕ 

None



អត្ថបទបន្ទាប់


វៀតណាម នឹងប្រែក្លាយកោះភូកុក ឬកោះត្រល់ទៅជា «ទីក្រុងដីកោះដំបូងគេ» ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

រដ្ឋាភិបាល វៀតណាម មានមហិច្ឆតា នឹងអភិវឌ្ឍទឹកដីកោះភូកុក ឬខ្មែរស្គាល់ថា កោះត្រល់ ឲ្យក្លាយជាជាទីក្រុងដីកោះដំបូងគេមួយរបស់ខ្លួន ដែលមានការអភិ…

អង្គការ​​​សិទ្ធិ​មនុស្ស៖ ៣ខែ អាជ្ញាធរ​ឃុំ​​ខ្លួន​អតីត​បក្ស​ប្រឆាំង ៣១​នាក់ និង​ចោទ​ប្រកាន់​ជាង ៥០​នាក់

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែ​តុលា​នេះ ថា ក្នុង​រយៈពេល​បី​ខែ​កន្លង​មក​នេះ អាជ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ