លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ បានចាត់ទុកការទិញភាគហ៊ុន១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីសំណាក់ធនាគារតៃវ៉ាន់ SinoPac គឺបានបង្ហាញពីភាពចាស់ទុំ និងការជឿទុកចិត្តរបស់វិនិយោគិនបរទេសមកលើវិស័យហិរញ្ញវត្ថុកម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា ក្រោយការលក់ភាគហ៊ុនឱ្យក្រុមហ៊ុនតៃវ៉ាន់នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើអម្រឹតនឹងវិវត្តខ្លួនទៅជាគ្រឹះស្ថានធនាគារពាណិជ្ជក្នុងរយៈពេលមធ្យមណាមួយនាពេលអនាគត។
លោករំពឹងថា ចំនួនគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជានឹងមានការថយចុះ តាមរយៈការរួមបញ្ចូលគ្នារវាងស្ថាប័នមួយជាមួយស្ថាប័នមួយទៀត ដែលនឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុកាន់តែមានភាពប្រកួតប្រជែងខ្ពស់ក្នុងការផ្តល់សេវាឥណទាន និងទទួលប្រាក់បញ្ញើ។
នៅមួយរយៈចុងក្រោយយើងសង្កេតឃើញមានក្រុមហ៊ុន និងធនាគារបរទេសមួយចំនួនបានទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាក់ស្តែងកាលពីពេលថ្មីៗធនាគាររបស់កូរ៉េខាងត្បូង គូកមីន បានទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ហើយបានវិវត្តខ្លួនជាធនាគារពាណិជ្ជកម្មជាមួយឈ្មោះថ្មី ខេប៊ី ប្រាសាក់។
យ៉ាងណាមិញលោក កាំង តុងងី បានចាត់ទុកការទិញយកភាគហ៊ុនរបស់គ្រះស្ថានហិរញ្ញវត្ថុក្នុងស្រុកពីសំណាក់ក្រុមហ៊ុន ឬធនាគារបរទេសនេះវាជាចំណុចវិជ្ជមានមួយសម្រាប់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដ្បិតថា ការទិញភាគហ៊ុននេះវាជាផ្នែកមួយជួយទាក់ទាញទុនវិនិយោគ និងបច្ចេកវិទ្យាថ្មីៗមកកាន់ប្រទេសកម្ពុជា។
បើតាមលោក កាំង តុងងី ការទិញភាគហ៊ុនរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកពីសំណាក់ក្រុមហ៊ុនបរទេសនេះមិនមែនកើតមានតែនៅកម្ពុជានោះទេ ពោលគឺបញ្ហានេះបានកើតឡើងនៅតាមប្រទេសនានាទាំងក្នុងតំបន់ និងលើពិភពលោក។
គួរបញ្ជាក់ថា ក្រុមហ៊ុន SinoPac Holdings របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនមេរបស់ធនាគារ SinoPac កាលពីថ្ងៃទី ៤ ខែឧសភា បានចេញសេចក្ដីប្រកាសព័ត៌មានមួយពីការអនុម័ត ដោយក្រុមប្រឹក្សាភិបាលរបស់ខ្លួនលើការទិញយកភាគហ៊ុន១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងតម្លៃប្រហែល៥៤៣លានដុល្លារអាម៉េរិក។
ការទិញភាគហ៊ុននេះនឹងធ្វើឡើងជា៣ដំណាក់កាល ដោយដំណាក់កាលទី១ក្រុមហ៊ុននឹងទិញយក៨០% ក្នុងតម្លៃប្រហែល៤៣៥លានដុល្លារ ហើយបន្ទាប់មកនឹងទិញយក១០% ទៀតនៅចុងឆ្នាំទី១ និង១០%ទៀតនឹងទិញយកនៅចុងឆ្នាំទី២។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ការសម្រេចចិត្តទិញយកភាគរបស់អម្រឹតទាំងស្រុងនេះ គឺស្របតាមយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការបង្កើនប្រាក់ចំណូលពីប្រតិបត្តិការនៅក្រៅប្រទេស និងពង្រីកវត្តមាននៅក្នុងទីផ្សារអន្តរជាតិ។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានសាខាចំនួន១៥០ នៅទូទាំងប្រទេសកម្ពុជា ជាមួយទ្រព្យសកម្មប្រមាណ២ពាន់លានដុល្លារ៕