កម្មវិធីយុវជន និងការចូលរួម (Impact+) នឹងផ្តល់ការគាំពារដល់កុមារ ក្មេងជំទង់ និងយុវជន ក្នុងស្រុកចំនួន៨ តាមបណ្តាខេត្តចំនួន៦ រួមមានខេត្តបាត់ដំបង កណ្តាល កំពង់ឆ្នាំង ព្រះវិហារ សៀមរាប និង ខេត្តតាកែវ ដើម្បីជួយឱ្យពួកគេក្លាយជាមនុស្សពេញវ័យដែលជាពលរដ្ឋសកម្មពោរពេញដោយសមត្ថភាព គុណតម្លៃ ការជឿជាក់ និងទំនាក់ទំនងល្អជាមួយគ្នាក្នុងសង្គម។
លោក យាង សិដ្ឋសមប្រាថ្នា អ្នកជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកយុវជនវ័យជំទង់ និងការចូលរួម នៃអង្គការទស្សនៈពិភពលោក លើកឡើងថាកម្មវិធីយុវជននិងការចូលរួម ត្រូវបានបង្កើតឡើងដើម្បីឱ្យប្រាកដថាយុវជនទទួលបានការគាំទ្រនូវអ្វីដែលពួកគេត្រូវការសម្រាប់បង្កើតក្តីស្រមៃនាថ្ងៃអនាគត ដាក់គោលដៅនិសម្រេចបំណងផ្ទាល់ខ្លួន ក៏ដូចជាពង្រីកលទ្ធភាពនានាសម្រាប់ខ្លួនពួកគេផងដែរ។
លោក យាង សិដ្ឋសមប្រាថ្នា មានប្រសាសន៍បន្ថែមថា៖ «យើងជឿជាក់យ៉ាងមុតមាំថាកម្មវិធីនេះ នឹងផ្តល់ជាវេទិកាដ៏មានសុវត្ថិភាពមួយសម្រាប់កុមារ ក្មេងជំទង់ និងយុវជន ដើម្បីឱ្យពួកគេកសាងបំណិនជីវិត បង្កើតជម្រើសបែបវិជ្ជមាននិងប្រកបដោយសុខមាលភាពល្អប្រសើរក្នុងជិវិតប្រចាំថ្ងៃ ធ្វើឱ្យប្រសើរឡើងនូវជំនាញភាពជាអ្នកដឹកនាំ និងធ្វើឱ្យពួកគេរស់នៅមានទំនាក់ទំនងល្អជាមួយគ្នានៅក្នុងសង្គម។ ជំនាញទាំងនេះជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ពួកគេក្នុងការអភិវឌ្ឍខ្លួនជាពលរដ្ឋសកម្ម និងក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលនាពេលអនាគត»។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart យើងប្តេជ្ញាចិត្តក្នុងការវិនិយោគ ដើម្បីការរីកចម្រើនរយៈពេលយូរអង្វែងរបស់ប្រទេសកម្ពុជា។ ពួកយើងគិតថាយុទ្ធសាស្រ្តដែលមាននិរន្តន៍ភាពបំផុតចំពោះកំណើនសេដ្ឋកិច្ចគឺការវិនិយោគលើការអភិវឌ្ឍយុវជន និងមូលធនមនុស្ស។ យុវជន និងការចូលរួម គឺជាកម្មវិធីមួយដែលយើងគាំទ្រ ព្រោះវាដំណើរការដោយផ្អែកលើការអប់រំ ការណែនាំនិងកីឡា ដែលជួយយុវជនក្នុងការបញ្ចេញនូវសក្តានុពលពេញលេញរបស់ពួកគេ និងស្វែងយល់ពីឱកាសថ្មីៗនិងបង្កើនលទ្ធភាពរស់នៅប្រកបដោយសុខភាពល្អនិងវិជ្ជមាន»។
លោក ថូម៉ាស បានបន្ថែមថា៖ «យើងមានមោទនភាពយ៉ាងខ្លាំងចំពោះភាពជាដៃគូជោគជ័យដែលត្រូវបានបង្កើតឡើងរវាងក្រុមហ៊ុន Smart Axiata និងអង្គការទស្សនៈពិភពលោក ។ យុវជនដែលបានចូលរួមក្នុងកម្មវិធីទាំងនេះគីមានភាពរឹងមាំ មានទំនុកចិត្តក្នុងខ្លួនឯង និងមានការប្តេជ្ញាចិត្តដ៏គួរឲ្យកោតសរសើរ។ យើងមានជំនឿថាពួកគេនឹងបន្តធ្វើឱ្យប្រសើរឡើងនូវជីវភាពគ្រួសារនិងសហគមន៍ ព្រមទាំងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសង្គមកម្ពុជាកាន់តែប្រសើរឡើង» ។
យុវតី សៀវម៉ី វ័យ១៦ឆ្នាំ ដែលបានចូលរួមក្នុងកម្មវិធីយុវជន និងការចូលរួម លើកឡើងថាខ្លួនពិតជាមានមោទភាពចំពោះបទពិសោធន៍ដែលបានមកពីការរៀនសូត្រ ការដឹកនាំគម្រោងសហគមន៍ និងការលេងកីឡា។
សៀវម៉ី និយាយថា៖ «ឥឡូវនេះ ខ្ញុំមានភាពជឿជាក់គ្រប់គ្រាន់ក្នុងការបញ្ចេញមតិ និងលើកឡើងពីក្តីកង្វល់របស់ខ្ញុំ សូម្បីតែទៅកាន់អាជ្ញាធរមូលដ្ឋាន។ ខ្ញុំថែមទាំងរក្សាទំនាក់ទំនងជាមួយមិត្តភ័ក្រ និងអ្នកភូមិ បានល្អជាងមុនទៀតផង។ ខ្ញុំអរគុណដល់បទពិសោធន៍ដែលខ្ញុំទទួលបានពីក្លិបយុវជន»។
នៅឆ្នាំ២០១៧ ក្រុមហ៊ុន Smart Axiata ក៏បានគាំទ្រក្នុងភាពជាដៃគូដល់អង្គការទស្សនៈពិភពលោកក្នុងការចាប់ផ្តើមកម្មវិធី One Goal ជាគំនិតផ្តួចផ្តើមមួយដែលជួយលើកទឹកចិត្តយុវជនឱ្យមានជម្រើសជីវិតដែលប្រសើរ អភិវឌ្ឍន៍ទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន និងទទួលបំណិនជីវិតដែលមានសារៈប្រយោជន៍ដើម្បីកាត់បន្ថយឥរិយាបថដែលជាហានិភ័យ តាមរយៈការប្រកួតបាល់ទាត់ប្រចាំសប្តាហ៍។ ចាប់ពីឆ្នាំ២០១៧ដល់២០២០ យុវជនប្រមាណ១៩០០០នាក់ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក ស៊ុន សុខេន មន្រ្តីជំនាញជាន់ខ្ពស់កិច្ចការទំនាក់ទំនងសាធារណៈនៃអង្គការទស្សនៈ ពិភពលោកអន្តរជាតិ កម្ពុជា
អ៊ីម៉ែល៖ [email protected]
ទូរសព្ទ៖ +855 10 906 409
លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន Smart Axiata
អ៊ីម៉ែល៖ [email protected]
ទូរសព្ទ៖ +855 10 202 27