ក្រោយស្ថានភាពនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្បើយ រាជរដ្ឋាភិបាលបានទម្លាក់សហហិរញ្ញប្បទាន១៥០លានដុល្លារ ដែលជាគម្រោងកម្ចីក្រោមការសហការរវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជន ដើម្បីទ្រទ្រង់ និងស្តារវិស័យទេសចរណ៍ដែលរងគ្រោះដោយសារវិបតិ្តកូវីដ១៩។ យោងតាមរបាយការណ៍ពីធនាគារសហគ្រាសធុនតូចនិងមធ្យម គិតមកដល់បច្ចុប្បន្ននេះ ធនាគារសហគ្រាសធុនតូចនិងមធ្យម បានអនុម័តទំហំកម្ចីសរុបចំនួន ២០លានដុល្លារ ទៅដល់សំណើរកម្ចីរបស់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៤៦ ដើម្បីចូលរួមស្តារអាជីវកម្មទេសចរណ៍ ដែលបានរងគ្រោះនាពេល កន្លងមក។ បើតាមធនាគារសហគ្រាសធុនតូចនិងមធ្យម បន្ទាប់ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានដាក់ឱ្យអនុវត្តតាំងពីខែឧសភាមក ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៤៨ បានដាក់សំណើកម្ចី ដោយក្នុងនោះសំណើចំនួន១៤៦ ត្រូវបានអនុម័ត។
ដោយឡែក ឯកឧត្តម តុប សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងទេសចរណ៍ បានអះអាងថា បច្ចុប្បន្ន មានអាជីវកម្មទេសចរណ៍ប្រហែល ៤៦%ហើយ បានបើកដំណើរការឡើងវិញ ក្នុងចំណោមអាជីវកម្មទេសចរណ៍ ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ទាំងអស់កាលពីពេលកន្លងមក។ ដោយឡែក គិតត្រឹមដំណាច់ ខែកក្កដា ឆ្នាំ២០២២ មានសណ្ឋាគារ និងផ្ទះសំណាក់ជាង ៥០០ទីតាំងនៅកម្ពុជា បានបើកដំណើរជាធម្មតាវិញហើយ ខណៈជិត២០០ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម នៅឡើយ និងចំនួន២៩ទីតាំងបានបិទអាជីវកម្មតែម្តង ដោយសារការរងផលប៉ះពាល់ធ្ងន់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ។
យ៉ាងណាមិញ ការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងសកម្មភាពស្ដារ និងជំរុញវិស័យទេសចរណ៍ឲ្យងើបឡើងវិញ ដូចជា ការដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ត ជាបន្តបន្ទាប់ ដើម្បីទាក់ទាញអ្នកទេសចរ និងអ្នកដំណើរឲ្យចូលប្រទេសកម្ពុជា ពិសេសការដាក់ឲ្យដំណើរការនូវគម្រោងសហហិរញ្ញប្បទាន ដើម្បីស្ដារអាជីវកម្មក្នុងវិស័យទេសចរណ៍ តែម្ដង។
គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូចនិងមធ្យម។ គម្រោងនេះទៀតសោត មានទំហំទឹកប្រាក់សរុបចំនួន ១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារ តាមរយៈសហគ្រាសធុនតូចនិងមធ្យម និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ចំនួន៧៥លានដុល្លារ។ ម្ចាស់អាជីវកម្មម្នាក់ អាចដាក់ពាក្យស្នើសុំកម្ចី រហូតដល់ទំហំទឹកប្រាក់ ៤០ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់ ៦,៥% និងមានរយៈពេលរហូត ៧ឆ្នាំ៕