ប្រភពព័ត៌មានសូមមិនបញ្ចេញឈ្មោះបាននិយាយថា រដ្ឋាភិបាលនៃប្រទេសស្រីលង្កា រំពឹងថានឹងមានកិច្ចពិភាក្សាបែនទ្វេភាគីមួយជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅដើមខែមិថុនានេះហើយសង្ឃឹមថា នឹងឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយនៅចុងខែមិថុនា។ ទោះបីជាបែបនេះក្តី អ្នកនាំពាក្យរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ប្រទសកោះនេះនៅឡើយទេ។
គួររំលឹកថា ប្រទេសស្រីលង្កាបានស្នើសុំផែនការមូលនិធិសង្គ្រោះ ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ដែលកំពុងអូសបន្លាយពិសេស បញ្ហាកង្វះខាតប្រេងឥន្ធនៈប្រើប្រាស់ ស្បៀងអាហារ និងថ្នាំពេទ្យជាដើម ដ្បិតថា ប្រទេសនេះមិនមានទុនបម្រុងអន្តរជាតិ ដើម្បីប្រើប្រាស់សម្រាប់ការនាំចូលទំនិញសំខាន់ៗទាំងអស់នេះ ចំពេលដែលការសងបំណុលអន្តរជាតិក៏បានបរាជ័យផងដែរ។
សូមបញ្ជាក់ថា កម្មវិធីផ្ដល់ប្រាក់កម្ចីបន្ថែមរបស់ IMF នឹងក្លាយជាផែនការរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ លើកទី ១៧ សម្រាប់ជួយដល់ប្រទេសស្រីលង្កា ប៉ុន្ដែកម្ចីនេះតម្រូវឱ្យប្រទេសដែលស្នើសុំ ត្រូវធ្វើកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនជាមុនសិន "ដើម្បីកែតម្រូវភាពទន់ខ្សោយដែលចាក់ឫសយ៉ាងជ្រៅក្នុងប្រព័ន្ធសេដ្ឋកិច្ចនៃប្រទេស"។ ជាទូទៅ កម្មវិធីផ្ដល់ប្រាក់កម្ចីបន្ថែមរបស់ IMF នេះមានរយៈពេលអនុគ្រោះ៣ឆ្នាំ (ប្រសិនបើអស់លទ្ធភាពសងបំណុលត្រឡប់) ហើយការចាប់ផ្ដើមសងបំណុល គឺចាប់ផ្ដើមអនុវត្តនៅរយៈពេល១ឆ្នាំកន្លះ បន្ទាប់ពីកម្ចីត្រូវបានអនុម័ត។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)នេះ ក៏បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានកំពុងពិភាក្សាជាមួយប្រទេសស្រីលង្កាសម្រាប់កញ្ចប់កំណែទម្រង់ទូលំទូលាយមួយ ប៉ុន្តែអង្គការនេះមិនបានបញ្ជាក់ពីប្រភេទនៃកម្មវិធីកម្ចីដែលកំពុងចរចានោះទេ។
មួយវិញទៀត នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសស្រីលង្កា លោក រ៉ានីល (Ranil Wickremesinghe) ដែលបានចូលកាន់តំណែងកាលពីខែឧសភានេះ ជំនួសលោក ម៉ាហីនដា រ៉ាចាប៉ាស្កា អតីតនាយករដ្ឋមន្ត្រីសុំលាលែងពីតំណែងនោះ គ្រោងនឹងបង្ហាញថវិកាជាតិបណ្តោះអាសន្នរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុននេះ។
យ៉ាងណាមិញ រដ្ឋាភិបាលស្រីលង្កា បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនត្រៀមដំឡើងពន្ធអាករលើតម្លៃបន្ធ (VAT) ពី៨% មកដល់ ១២% ផងដែរ ដើម្បីជំរុញប្រាក់ចំណូលជាតិ និងត្រៀមចាប់ផ្តើមកិច្ចពិភាក្សាជាមួយម្ចាស់បំណុល និងអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគី ដូចជាប្រទេសចិន និងជប៉ុនក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
អត្ថបទ៖ ហ៊ុន គន្ធថៃ