បច្ចុប្បន្ន យុវជន Harsh Dalal គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Team Labs ដែលជាក្រុមហ៊ុនផលិតកម្មវិធី (Software) មានបុគ្គលិក១២០នាក់ នៅក្នុងទីក្រុងចំនួន៨ ហើយលោកក៏កំពុងតែបន្ដការសិក្សានៅឯវិទ្យាស្ថាន Singapore Polytechnic ផ្នែកគ្រប់គ្រងពាណិជ្ជកម្មផងដែរ។ ខាងក្រោមនេះ ជាប្រវត្តិ និងបទពិសោន៍របស់ Dalal ដែលបានហែលឆ្លងមុនក្លាយជា CEO។
ធ្លាប់បាត់បង់ឱកាសធំម្ដង តែជាបទពិសោធន៍ល្អដើម្បីជោគជ័យនាពេលខាងមុខ!
Dalal ធ្លាប់យុវជនម្នាក់ក្នុងចំណោមមិត្តភក្ដិមួយចំនួន៥នាក់ ធ្លាប់បានបង្កើតនូវកម្មវិធីថតស្គ្រីន (Screen Recorder app) ដែលការចាប់ផ្ដើមបង្កើតកម្មវិធីនេះឡើងនៅពេលលោកមានអាយុត្រឹមតែ ១៣ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពី បានបង្កើត និងដាក់ឲ្យមានការប្រើប្រាស់ កម្មវិធីថតស្គ្រីននេះ មានអ្នកចុច Download ដល់ទៅ ៥លានដង ក្នុងរយៈពេលតែ ២ ទៅ៣សប្ដាហ៍ប៉ុណ្ណោះ។ប៉ុន្ដែ ការបង្កើត កម្មវិធីនេះឡើង មិនបានធ្វើឲ្យ Dalal ក្លាយជាសេដ្ឋីប្រាក់លានដុល្លារនោះទេនៅពេលនោះ បើទោះបីជា កម្មវិធីនោះហាក់មានស្ទុះការប្រើប្រាស់ខ្លាំងក៏ដោយ។ មូលហេតុដែលបាត់បង់ឱកាសជោគជ័យធំនាពេលនោះ គឺដោយសារតែ Dalal នៅក្មេងពេកមិនបានគិតគូរវែងឆ្ងាយអំពីការធ្វើជំនួញ។ ពោលគឺ ក្រោយពីបានបង្កើតកម្មថតស្គ្រីននោះរួចហើយ ពួកគេមិនបានដាក់កម្មវិធីលក់នៅ Apple Store នោះទេ ដោយសារតែមិនមានលុយបង់ថ្លៃសេវាប្រចាំឆ្នាំប្រមាណ ៩៩ ដុល្លារ តែបែរជាដាក់កម្មវិធីនោះ ឲ្យមានការប្រើប្រាស់ដោយឥតគិតថ្លៃទៅវិញ ហើយត្រឹមតែ២ ទៅ៣ សប្ដាហ៍ប៉ុណ្ណោះ ក្រោយពីបានដាក់ឲ្យប្រើប្រាស់កម្មវិធីនោះ មានការចុច Download យកទៅប្រើ ដល់ទៅ៥លានដង។
លោក Dalal បាននិយាយថា «យើងរកលុយមិនបានពី App នោះទេ! វាគឺជារឿងល្ងីល្ងើមួយ ពីព្រោះយើងមិនរំពឹងថា វានឹងដំណើរការ និងមានអ្នកប្រើប្រាស់ច្រើនដូច្នេះទេ។» លោកបន្ថែមថា «វាជាការខកខានឱកាសមួយ! យើងមិនបានដឹងពីរបៀបរកប្រាក់ពីកម្មវិធីនោះទេ»។
ដើមចមមុនឈានទៅដល់ការការបង្កើតក្រុមហ៊ុនតម្លៃ ២៥លានដុល្លារ
ដំណើរដើមទងដំបូង បណ្ដាលឲ្យ Dalal បានជួបជាមួយក្រុមក្មេងៗជំទង់ ៤នាក់ទៀត ដែលសព្វថ្ងៃពួកគេគឺជាដៃគូជំនួញនឹងគ្នានោះ គឺកើតឡើងដោយសារតែការស្វែងរកវិធី Hack iPhone។
ដោយមានចំណាប់អារម្មណ៍ពីប្រព័ន្ធ iOS របស់ Apple, Dalal បានចាប់ផ្ដើមចូលទៅក្នុងវេទិកា Apple Developer ដែលជាបណ្ដាញអនឡាញរបស់ក្រុមហ៊ុន Apple ដើម្បីបានដឹងពីព័ត៌មានបន្ថែម ហើយក៏បានរាប់អានមិត្តភក្ដិ ដែលជាមនុស្សមិនស្គាល់មុខចំនួន ៤នាក់ នៅលើបណ្ដាញអនឡាញនោះ ដែលពួកគេមានវ័យកាលនោះ ចន្លោះពី ១៤ ដល់ ១៧ ឆ្នាំ។ ពួកគេ រស់នៅអាមេរិក, រុស្សី, ន័រវេ និងសិង្ហបុរី។
ដោយផ្ដើមចេញពីការចូលរួមដោយសារតែចំណាប់អារម្មណ៍ទូទៅ ក្មេងវ័យជំទង់ទាំង៥នាក់នេះ បានផ្ដាស់ប្ដូរយោបល់គ្នាអំពីការសរសេរកូដ អភិវឌ្ឍកម្មវិធី, និង Jailbreaking iPhone ជាដើម។ ការជជែកគ្នារបស់ពួកគេ អំពីការ Jailbreak iPhone នាពេលនោះ បានធ្វើឲ្យពួកគេត្រូវបាន អ្នកគ្រប់គ្រងបណ្ដាញរបស់ Apple ដកពួកគេចេញពី វេទិកា Apple Developerផងដែរ។
Dalal បាននិយាយថា «ខ្ញុំមិនបានដឹងថា មានច្បាប់ ថាមិនឲ្យនិយាយគ្នាពីរឿងទាំងអស់នោះទេ។ សំណាងដែរ ខ្ញុំបានគ្រប់គ្រង ដើម្បីទទួលបាន Email របស់ពួកគេ មុននឹងពួកយើងត្រូវបានដកចោលពីវេទិកានោះ ហើយយើងនៅអាចសហការគ្នាបាន»។
នៅឆ្នាំ២០១៤ ក្រុមពួកគេទាំង៥នាក់នេះ បានបង្កើតកម្មវិធី ថតស្គ្រីនទូរស័ព្ទ (Screen Recorder app) ដោយពួកគេ បានបង្កើតកម្មវិធីនេះឡើង ដោយមិនត្រូវឲ្យចាំបាច់ត្រូវការ Jailbreak ទូរស័ព្ទ iPhone នោះទេ។ នៅទីបំផុត ពួកគេទទួលបានជោគជ័យលើការបង្កើតនេះ។
ប៉ុន្ដែ ដូចការរៀបរាប់នៅចំណុចខាងលើអញ្ចឹង ដោយសារតែពួកគេនៅក្មេង មិនទាន់យល់យល់ដឹងពីជំនួញ ពីគេក៏បានបាត់បង់ឱកាសធំ ពីការបង្កើតកម្មវិធីថតស្គ្រីនទូរស័ព្ទនោះ។
ទោះយ៉ាងណា ការបង្កើតឡើងដោយជោគជ័យ App ថតស្គ្រីនទូរស័ព្ទនេះ បានធ្វើឲ្យពួកគេកាន់តែមានទំនុកចិត្តដើរទៅមុខ បើទោះបីជាពួកគេនៅក្មេងមានវ័យជំទង់ក៏ដោយ។ ក្រោយមកទៀត ពួកគេបានបង្កើត App មួយទៀត ឈ្មោះ iDownload Pro ដែលជាកន្លែងមួយអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីអាចដាក់បង្ហោះ App របស់ពួកគេទាំងឡាយណា ដែល មិនអាចដាក់បាននៅលើ App Store។
បើទោះបីជា មានការ Download ដល់ទៅជាង៣លានដងក៏ដោយ ក៏ពួកគេបានបិទវាចោលវិញនៅឆ្នាំ២០១៥ ដោយសារតែចំណាយច្រើនពេកក្នុងការអភិវឌ្ឍន៍ ហើយក្រុមហ៊ុន Apple ក៏មានការបង្ក្រាបទៅលើ Third-party app stores ផងដែរ។
លុះក្រោយមកទៀត ពួកគេបានចាប់ផ្ដើមផ្សព្វផ្សាយលក់សេវាកម្មអភិវឌ្ឍន៍កម្មវិធី ដោយដំបូងឡើយ ពួកគេបានដាក់តម្លៃចាប់ពី ៩៩ ដុល្លារប៉ុណ្ណោះ។ ដោយសារតែ មានវ័យក្មេងពេក មិនអាចចុះឈ្មោះបង្កើតក្រុមហ៊ុនបាន ក៏មានដៃគូម្នាក់ក្នុងចំណោមពួកគេទាំង ៥នាក់ បានបញ្ចុះបញ្ចូលឪពុករបស់គេ ឲ្យចុះបញ្ជីក្រុមហ៊ុនជំនួសពួកគេនៅក្នុងចក្រភពអង់គ្លេស។ អតិថិជនដំបូង ដែលពួកគេទទួលបាន គឺជួលពួកគេក្នុងតម្លៃ ២៩៩ ដុល្លារ ឲ្យអភិវឌ្ឍគេហទំព័រមួយ។
លុះក្រោយមកទៀត ពួកគេទទួលបានគម្រោងធំមួយ តម្លៃដល់ទៅ ១០ម៉ឺនដុល្លារ។ ពួកគេម្នាក់ៗបានដកលុយក្នុងម្នាក់១ម៉ឺនដុល្លារ ហើយនៅសល់ប៉ុន្មានបានដាក់ទុកនៅក្នុងក្រុមហ៊ុន។ នៅពេលនោះ Dalal មានវ័យត្រឹមតែ ១៦ឆ្នាំប៉ុណ្ណោះ។ Dalal និយាយថា «ខ្ញុំមិនដែលឃើញលុយច្រើនអញ្ចឹងទេក្នុងជីវិតរស់ខ្ញុំ»។
ប្ដូរយុទ្ធសាស្ត្រថ្មី និងការបង្កើនដើមទុន
នៅពេលដែលអាជីវកម្មដើររលូន និងមានប្រភពចំណូលគួរសម Dalal បានចាប់ផ្ដើមផ្លាស់ប្ដូរពីការទទួលការបញ្ជាទិញ និងកម្ម៉ង់ឲ្យធ្វើពីអតិថិជន មកបង្កើតជាកម្មវិធីដោយខ្លួនឯង ហើយលក់ទៅឲ្យអតិថិជនវិញ។
នៅឆ្នាំ២០១៧ ក្រុមហ៊ុនរបស់លោក បានប្ដូរមកជាក្រុមហ៊ុនអភិវឌ្ឍកម្មវិធីវិញ ដោយផ្ដោតលើការបង្កើតនូវដំណោះស្រាយសម្រាប់បុគ្គលិកធ្វើសហប្រតិបត្តិការការងារជាមួយគ្នា ខណៈដែលពួកគេធ្វើការខុសម៉ោងគ្នានៅតាមតំបន់ផ្សេងៗគ្នា។
លុះក្រោយមកទៀត Dalal បានគិតដល់ការពង្រីកដើមទុន សម្រាប់ធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនកាន់តែខ្លាំង។ លោកបានផ្ញើ Email រាប់រយទៅកាន់ក្រុមហ៊ុនមូលធន (Venture Capital Firms) ជាច្រើន ប៉ុន្ដែ មានតិចតួចប៉ុណ្ណោះ ដែលបានឆ្លើយតប ហើយមានអ្នកខ្លះ និយាយថា លោក គឺនៅក្មេងពេកសម្រាប់ការធ្វើអាជីវកម្មនេះ។ តែនៅទីបំផុត Dalal នៅតែអាចរកបានអ្នកវិនិយោគជាមួយក្រុមហ៊ុនរបស់លោក ហើយអ្នកវិនិយោគនោះ ក៏បានក្លាយជាអ្នកផ្ដល់យោបល់ដ៏សំខាន់សម្រាប់លោកផងដែរ។
តាំងពី ២០១៧ ក្រុមហ៊ុន Team Labs បានបង្កើនដើមទុនដល់ ៩,៨លានដុល្លារ នៅក្នុងមូលនិធិ Series A Funding ហើយក្រុមហ៊ុននេះ មានការិយាល័យកណ្ដាលនៅក្នុងទីក្រុង San Francisco សម្រាប់ជាហេតុផលយុទ្ធសាស្ត្រ។ វិនិយោគិន របស់ក្រុមហ៊ុន Team Labs មានដូចជា Grand Canyon Capital, Startup Capital Ventures, និង ក្រុមហ៊ុនមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព សាជីវកម្មវិនិយោគកូរ៉េ។
ក្រុមហ៊ុន Team Labs ក៏បានបានអភិវឌ្ឍនូវកម្មវិធីជាបន្ដបន្ទាប់ ហើយថ្មីៗនេះក្រុមហ៊ុននេះ ក៏ទើបតែចាប់ផ្ដើមអភវិឌ្ឍឡើងវិញនូវកម្មវិធី Videoconfercing ដោយរំពឹងថានឹងមានទីផ្សារល្អ ខណៈដែលទីផ្សារសកលនៃការប្រើប្រាស់កម្មវិធីប្រភេទនេះ ត្រូវបានព្យាករថានឹងមានដល់ទៅ ជិត ១១ពាន់លានដុល្លារ នៅឆ្នាំ២០២៧។
បើទោះបីជា ក្រុមហ៊ុនរបស់ Dalal នឹងនៅតែពឹងផ្អែកលើការបង្កើតផលិតផលសេវាកម្មថ្មីៗ ខណៈដែលក្រុមហ៊ុនរបស់លោក កាលពីមុនពេលកូវីដ-១៩ មានតម្លៃ ២៥លានដុល្លារក៏ដោយចុះ ប៉ុន្ដែ នៅតែមិនទាន់មានប្រាក់ចំណេញនោះទេ។
លោក Dalal ថា ក្នុងមួយខែៗ លោកបានដកយកប្រាក់ពីប្រាក់ខែក្នុងតំណែង CEO របស់លោក តែ ១០០ ទៅ ២០០ ដុល្លារសិង្ហបុរី (ប្រមាណ៧៦ ទៅ ១៥១ ដុល្លារអាមេរិក) ប៉ុណ្ណោះ ក្នុងមួយខែ។ លោកថា នឹងឈប់បញ្ចូនប្រាក់ខែរបស់លោកទៅក្រុមហ៊ុនវិញ នៅពេលណាដែលក្រុមហ៊ុនអាចនឹងទទួលបានផលចំណេញត្រឡប់មកវិញ។ ដូច្នេះ បច្ចុប្បន្នលោកត្រូវរស់នៅដោយពឹងផ្អែកលើប្រាក់ពីម្ដាយរបស់លោកនៅឡើយ៕
ប្រភព៖ CNA