គន្លឹះជោគជ័យ

ឧកញ៉ា គួច ម៉េងលី ប្រាប់ពី​គន្លឹះ​ជោគជ័យ​សម្រាប់​ការ​បើក​សាលាឯកជន


ថ្មីៗ​នេះ លោក​ឧកញ៉ា គួច ម៉េងលី ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង ដែល​ជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន និង​សាលា អន្តរទ្វីប អាមេរិកាំង បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​ក្រុមការងារ ខេមបូណូមីស។ ក្នុង​កិច្ច​សម្ភាសន៍ លោក​ឧកញ៉ា គួច ម៉េងលី បាន​ផ្ដល់​នូវ​គន្លឹះ និងគំនិត​ល្អៗ​ជា​ច្រើន​ទាក់ទងនឹង​ធ្វើយ៉ាង​ណា​ឲ្យ​បុគ្គល​ម្នាក់​បាន​ជោគជ័យ និង​អាជីវកម្ម​មួយ​បាន​ជោគជ័យ។
លោក​ឧកញ៉ា គួច ម៉េងលី ពលរដ្ឋ​ខ្មែរអាមេរិកាំង ជា​ស្ថាបនិក​វិទ្យាស្ថាន និង​សាលា អន្តរទ្វីប អាមេរិកាំង។
ដោយ

ខាងក្រោម​នេះ​ជាសេចក្ដី​សង្ខេប​នៃ​ប្រសាសន៍​របស់​លោក​ឧកញ៉ា គួច ម៉េងលី ទាក់ទង​នឹង​ថា ធ្វើ​យ៉ាងណា ដើម្បី​បើក​និង​ដំណើរការ​សាលា​ឯកជន​មួយ ឲ្យ​បាន​ជោគជ័យ៖ 

ដើម្បី​ឲ្យ​សាលាមួយ​ជោគជ័យ​ទៅ​បាន គឺ​ដូច​គ្នា​នឹងក្រុមហ៊ុន​ដែរ យើង​ត្រូវសិក្សា​អំពី​ទីផ្សារ ទីកន្លែង ជ្រើសរើស​បុគ្គលិក​​ដែល​ត្រូវ មាន​អាកប្បកិរិយា​ល្អ ក្រមសីលធម៌​ខ្ពស់ មាន​ចំណេះដឹង​ត្រឹមត្រូវ ឆ្លង​កាត់​ការ​ហ្វឹកហ្វឺន​ច្បាស់លាស់។ 

និយាយ​រួម គឺ​ត្រូវជ្រើសរើស​មនុស្ស​ដែល​មាន​លក្ខណៈ ៥ តែ​អាច​ធ្វើ​បាន ១០។ យើង​មិន​ចង់​ជ្រើសរើស​យក​មនុស្ស​ណា​ដែល​មាន ១០ ប៉ុន្តែ ធ្វើបាន​តែ​ ៥នោះ​ទេ។ នៅ​ស្រុក​ខ្មែរ​យើង កូន​ខ្មែរ​យើង​មួយ​ចំនួន​ គាត់​មាន​លក្ខណៈ ១០ ប៉ុន្តែ ធ្វើ​បាន​តែ​ ៥​ទេ។ ឧ. អ្នក​ខ្លះ​រៀន​ចប់​អនុបណ្ឌិត​​មិន​ដែល​ធ្វើការ រៀន​ចប់​មកពី​បរទេស កូន​អ្នក​មាន គឺ​ធ្វើការងារ​បាន​តិច​។ ដោយ​ឡែក កូន​កសិករ ខំ​តស៊ូ​រៀនសូត្រ ព្រោះ​ខ្លួន​ក្រីក្រ រៀន​ចេះ​មាន​មោទនភាព ខិតខំ​ធ្វើការអស់​ពី​កម្លាំងដួងចិត្ត គឺ​ធ្វើ​បាន ១០។ 

បន្ទាប់​ពី​យើងរើស​បាន​បុគ្គលិក​ត្រូវ​ហើយ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​បុគ្គលិក​ និង​ក្រុមហ៊ុន​ដំណើរការ​បាន​ល្អ ? 

សកម្មភាព​សិស្ស​អាន​សៀវភៅ​ក្នុង​បណ្ណាល័យ​សាលា អន្តរទ្វីប អាមេរិក របស់​លោក​ឧកញ៉ា គួច ម៉េងលី។

ដើម្បីក្រុមហ៊ុន​មួយ​ដំណើរការ​ល្អ យើងត្រូវ (constantly) គ្រប់​ពេល​វេលា ត្រូវ​បន្ត​អភិវឌ្ឍ​ខ្លួន​ឯង លើក​ស្ទួយ​ខ្លួន​ឯង បណ្ដុះ​ខ្លួន​ឯង បង្រៀន​ខ្លួន​ឯង បណ្ដុះ​បណ្ដាល​កូនចៅ​យើង កូន​ក្រុម​យើង ឲ្យ​ដើរទាន់​សម័យ​កាលវិវឌ្ឍន៍​របស់​ចំណេះ​ដឹង សេដ្ឋកិច្ច ​និង​បច្ចេកវិទ្យា។ ហើយ​ទន្ទឹម​នឹង​នេះ​ផងដែរ យើង​ត្រូវ​​មាន​ផល​ប្រយោជន៍ (incentives) ដល់​ពួកគាត់ តាម​ស្តង់ដារ​ដែល​ប្រទេស​នានា​គេ​បាន​ធ្វើ។ ឧ. ថ្ងៃ​ឈប់​សម្រាក​ត្រូវ​តាម​ស្តង់ដារ ម៉ោងធ្វើការ​តាម​ស្តង់ដារ មាន​លំហែ​មាតុភាព បិតុភាព ថ្ងៃ​អាពាហ៍ពិពាហ៍ ថ្ងៃ​សម្រាក​សម្រាប់​បុណ្យ​សព​ក្រុម​គ្រួសារ ដែល​ទាំង​អស់នេះ ជា​កត្តា​សិទ្ធិ​មនុស្ស​ដែល​បុគ្គលិក​ទាំងអស់​គួរតែ​ទទួលបាន។

លោក​ឧកញ៉ា គួច ម៉េងលី ក៏​បាន​ផ្ដល់​ជា​គំនិត​ថា បើចង់​ជោគជ័យ យើង​ត្រូវធ្វើ​អ្វី​ដែល​យើង​មាន​ចំណង់​ចំណូល​ចិត្ត​ខ្ពស់។ មនុស្ស​យើង​ ពេល​ណា​មាន​ចំណង់​ចំណូល​ចិត្ត គាត់​ទៅ​ខំ​រៀន​ដើម្បី​បាន​ចំណេះ​ដឹង​នូវ​អ្វី​ដែល​គាត់​ចូលចិត្ត​ខ្លាំង។ មាន​ចំណេះដឹង​ហើយ គាត់យក​ចំណេះ​ដឹង​ហ្នឹង​ទៅ​ប្រើ​ ទៅធ្វើការ ក្រៅម៉ោងក្ដី ហើយ​ពេល​រៀន​ចប់​គាត់​ទៅធ្វើការ​ពេញ​ម៉ោង​បាន​បួន​ប្រាំ​ឆ្នាំ​ទៀត ដូច្នេះ គាត់​នឹង​មាន​ទាំង​ពិសោធន៍ ជំនាញ និង​ចំណេះ។

> ឧកញ៉ា សៀ ឫទ្ធី ប្រាប់​គន្លឹះ​សំខាន់​បី​យ៉ាង​ដែល​ត្រូវ​គិត មុន​នឹង​បើក​អាជីវកម្ម​អ្វីមួយ !

ដូចគ្នា​នឹង​ការរកស៊ីដែរ បើ​យើង​រកស៊ី​ខាង​ផ្នែកអ្វី​ដែល​យើង​មាន​ចំណង់​ចំណូល​ចិត្ត​ខ្ពស់ មាន​ចំណេះ​ដឹង​ខ្ពស់​​ មាន​ពិសោធន៍​ច្រើន និងមាន​ជំនាញ (expertise) ពេល​យើង​ធ្វើ គឺ​យើង​ដឹង ព្រោះ​យើង​បាន​សិក្សា​ស្រាវជ្រាវ យើង​ធ្វើ​អត់​ចេះ​ហត់ អត់​ចេះ​ធុញ។ ទាំង​នេះ​ហើយ​ជា​កត្តា​ជំរុញ​យើង​ឲ្យ​ចេះ​តែ​ទៅ​មុខ​រហូត។

កត្តា​កំណត់​ជោគជ័យ គឺ​អាស្រ័យ​លើ​វិស័យ​នៃអាជីវកម្ម។ អាជីវកម្ម​ខុសៗគ្នា កត្តា​ជោគជ័យ​ដែល​ត្រូវការ​ចាំបាច់ ក៏​ខុសៗ​គ្នា។ ប៉ុន្តែ ជារួម ទោះ​អាជីវកម្ម​អ្វី​ក៏​ដោយ ទីមួយ យើង​ត្រូវការ​មនុស្ស​ល្អ យើងត្រូវការ​រចនា​សម្ព័ន្ធត្រឹមត្រូវ យើង​ត្រូវការ​ច្បាប់​ទម្លាប់​កិច្ចការទូទៅ យើង​ត្រូវការ​ទីកន្លែង​អំណោយ​ផល និងយើង​ត្រូវ​ធ្វើ​ម៉ាឃីតធីង (marketing) ថ្លៃថ្នូរ៕




អត្ថបទបន្ទាប់


ក្នុង​បញ្ជី​ប្រទេស​​«ប្រជាធិបតេយ្យ​ខ្លាំង​បំផុត​»​លើ​ពិភព​លោក អត់​មាន​អាមេរិក​ទេ !

លទ្ធិប្រជាធិបតេយ្យ​ កំពុងធ្លាក់​ចុះ​នៅ​ទូទាំង​ពិភព​លោក។ របាយការណ៍ចុង​ក្រោយ​របស់ក្រុម​ប្រមូលព័ត៌មាន​របស់​ ទស្សនាវដ្ដី The Economist បង្…

ធនាគារ​ជាតិ​​​ដាក់​កំហិត​អត្រាការ​ប្រាក់​កម្ចី ត្រឹម​១៨%​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ អត្រា​នេះ​នៅ​តែ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង

ថ្មីៗនេះ រាជ​រដ្ឋាភិបាល​កម្ពុជា​ហាក់​បី​ដូចជា​មមាញឹក​សស្រាក់​សស្រាំ​​ជាមួយ​នឹង​ការ​កែ​ទម្រង់​នៅក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ណាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ