លោក Mark Liu បានបើកកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំក្នុងក្រុមហ៊ុន ផលិតបន្ទះឈីបតៃវ៉ាន់ដ៏ធំជាងគេរបស់ពិភពលោកថា ក្រុមហ៊ុនកំពុងវាយតម្លៃផែនការពង្រីករោងចក្រនៅក្នុងតំបន់ផ្សេងៗ ដោយផ្អែកលើតំបន់ដែលមានតម្រូវការធំរបស់អតិថិជន។
សហភាពអឺរ៉ុបកន្លងមកបានទទូចឱ្យកោះតៃវ៉ាន់ ដែលមានក្រុមហ៊ុនផលិតគ្រឿងបន្ទះឈីបដ៏សំខាន់មួយឱ្យសាងសង់រោងចក្រនៅក្នុងប្លុករបស់ខ្លួន ខណៈមន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ទះឈីបនេះរួចហើយ កាលពីពេលថ្មីៗនេះ។
ទន្ទឹមនឹងនោះ កាលពីខែកុម្ភៈ សហភាពអឺរ៉ុបបានបង្ហាញពីច្បាប់នៃការផលិតបន្ទះឈីបរបស់អឺរ៉ុប ដោយប្លុកនេះលើកឡើងថា តៃវ៉ាន់ជាដៃគូមួយក្នុងចំណោម ដៃគូដែលមានគំនិតដូចគ្នា ដែលអឺរ៉ុបចង់ធ្វើការជាមួយ។
ទោះយ៉ាងណា លោក Mark Liu បានអះអាងថា ចំពោះផែនការនៃការបង្កើតរោងចក្រផលិតបន្ទះឈីបតៃវ៉ាន់នៅតំបន់អឺរ៉ុបនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ដោយសារតម្រូវការទីផ្សារក្នុងតំបន់នេះ គឺនៅមានកម្រិតនៅឡើងបើធៀបនឹងតំបន់ផ្សេងទៀតនៅលើទីផ្សារពិភពលោក។
គួរកត់សម្គាល់ថា ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ (TSMC) ដែលជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់អាស៊ី កំពុងចំណាយប្រាក់ ១២ ពាន់លានដុល្លារលើការបង្កើតរោងចក្រផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក ហើយកំពុងសាងសង់រោងចក្រជាមួយក្រុមហ៊ុន Sony Group នៅក្នុងប្រទេសជប៉ុន ខណៈដែលក្រុមហ៊ុន និង រដ្ឋាភិបាលនានាព្យាយាមដោះស្រាយការខ្វះខាតបន្ទះឈីបទូទាំងពិភពលោកដែលកំពុងជួបប្រទះ ដែលវាបង្កប៉ះពាល់ដល់ឧស្សាហកម្មរថយន្តយ៉ាងធ្ងន់ធ្ងរ។
ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ បាននិយាយកាលពីខែមេសាថា ខ្លួនរំពឹងថា សមត្ថភាពនៃការផលិតបន្ទះឈីបរបស់ខ្លួននឹងនៅតែរឹងមាំខ្លាំងនៅឆ្នាំនេះ ចំពេលមានវិបត្តិជាសកលដែលបានរក្សាការបញ្ជាទិញពេញលេញ ហើយបានអនុញ្ញាតឱ្យក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះទទួលបានប្រាក់ចំណេញខ្ពស់។ ក្នុងនោះ លោក Mark Liu បានគូសបញ្ចាក់ថា ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ នៅតែមានការផលិតពេញលេញនៅឆ្នាំនេះ ហើយអតិផរណាពិភពលោកខ្ពស់នាពេលបច្ចុប្បន្ននេះ មិនមានផលប៉ះពាល់ដោយផ្ទាល់ទៅលើឧស្សាហកម្មបន្ទះឈីបនោះទេ៕