ការិយាល័យមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយថា លោកស្រីនឹងកោះប្រជុំថ្នាក់សន្តិសុខជាតិនៅព្រឹកថ្ងៃទី២៧ ខែធ្នូ។ ក្រុមសន្តិសុខរបស់លោកស្រី Tsai Ing-wen រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត បាននិងកំពុងពិនិត្យមើលប្រព័ន្ធយោធារបស់តៃវ៉ាន់ចាប់តាំងពីឆ្នាំ២០២០ ចំពេលមានការគំរាមកំហែងពីចិនកើនឡើងយ៉ាងឆាប់រហ័ស នេះបើយោងតាមប្រភពពីមន្ត្រីតៃវ៉ាន់ ដែលបដិសេធសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានរ៉យទ័រ។
ក្នុងនោះ បុគ្គលដែលបានចូលរួមក្នុងកិច្ចពិភាក្សាសន្តិសុខកម្រិតខ្ពស់បាននិយាយថា «អាកប្បកិរិយាឯកតោភាគីនានារបស់ចិនបានក្លាយទៅជាកង្វល់ដ៏ធំមួយសម្រាប់តៃវ៉ាន់ និងសន្តិសុខក្នុងតំបន់»។
មន្ត្រីរូបនោះបានបន្ថែមថា កំណែទម្រង់យោធាក៏នឹងរួមបញ្ចូលផងដែរ នូវការជំរុញការហ្វឹកហ្វឺនសម្រាប់ទាហាន ដូចជារបៀបនៃការប្រយុទ្ធដែលតាមបែបយោធារបស់សហរដ្ឋអាមេរិក និងការពង្រឹងសមយុទ្ធបាញ់ប្រហារ ដោយប្រព័ន្ធយោធាថ្មីនេះគ្រោងនឹងចូលជាធរមាននៅឆ្នាំ២០២៤។
មែនទែនទៅ តៃវ៉ាន់បាននិងកំពុងផ្លាស់ប្តូរបន្តិចម្តងៗពីទាហានយោធាទៅកម្លាំងជំនាញយោធាដែលស្ម័គ្រចិត្ត ប៉ុន្តែការពង្រីកខ្លួនយោធាកាន់តែខ្លាំងឡើងរបស់ចិន ក៏ដូចជាការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានជំរុញឱ្យមានការជជែកគ្នាអំពីរបៀប និងវិធីសាស្ត្រដើម្បីជំរុញការការពារជាតិ។
គួរជម្រាបដែរថា ក្រោយពីស្ងាត់បានប៉ុន្មានខែ ឥឡូវនេះ ស្ថានការណ៍នៅច្រកសមុទ្ធកោះតៃវ៉ាន់ ចាប់ផ្ដើមតានតឹងខ្លាំងឡើងវិញហើយ ក្រោយពេលដែលអាមេរិកបានចេញច្បាប់ថ្មីរបស់ខ្លួន ដោយនឹងបន្ដការគាំទ្រកាន់តែខ្លាំងឡើងចំពោះតៃវ៉ាន់ ហើយចិនក៏បានខឹងសម្បារមិនតិចនោះដែរ ជុំវិញរឿងនេះ។ រហូតដល់ ថ្ងៃចន្ទ ទី២៦ខែធ្នូ គេឃើញមានយន្តហោះចម្បាំងចំនួន ៧១ គ្រឿង និងនាវាចម្បាំងចំនួន ៧ គ្រឿងរបស់ចិនដីគោកបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ជាថ្មីម្តងទៀត។ តៃវ៉ាន់បាននិយាយថា ខ្លួនបានត្រួតពិនិត្យតាមរយៈប្រព័ន្ធកាំជ្រួចមីស៊ីលនៅលើដី ក៏ដូចជាតាមរយៈប្រព័ន្ធរ៉ាដាលើនាវាកងទ័ពជើងទឹករបស់ខ្លួនផងដែរ។