ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន៧

ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន៧ រួមគ្នាស្នើសុំកម្ចីការប្រាក់ទាបជាថ្មីទៀតពីរដ្ឋ ដើម្បីអាចបន្ដដង្ហើមរស់


សមាគមក្រុមហ៊ុនអាកាសចរណ៍ថៃបានគូសបញ្ជាក់នៅថ្ងៃពុធ ទី២១កក្កដាថា យ៉ាងហោចណាស់មានក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន៧ក្រុមហ៊ុន បានប្រមូលគ្នាដាក់ស្នើកម្ចីគិតជាទឹកប្រាក់សរុបប្រមាណ១៥០លានដុល្លារអាមេរិក ពីក្នុងកម្មវិធីផ្តល់ប្រាក់កម្ចីជាមួយនឹងអត្រាការប្រាក់ទាប របស់រដ្ឋាភិបាលថៃឲ្យទៅក្រុមហ៊ុនអាកាសចរណ៍ណា ដែលរងគ្រោះដោយសារកូវីដ១៩ និងយកប្រាក់ទៅដោះស្រាយវិបត្តិទាំងនោះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
យន្តហោះក្រុមហ៊ុន Thai Airways នៅព្រលានយន្តហោះសុវណ្ណភូមិ ប្រទេសថៃ (រូបភាព៖ Akira Kodaka @AsiaNikkei)

តាម​រយៈ​សមាគម​ក្រុមហ៊ុន​អា​កាចា​រណ៍​ថៃ ក្រុមហ៊ុន​ទាំង​៧​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​កម្ចី​ពី​រដ្ឋាភិបាល​មាន​ដូច​ជា ក្រុមហ៊ុន Bangkok Airways, Thai AirAsia, Thai AirAsia X, Thai VietJet, Thai LionAir, Nok Air និង​ចុង​ក្រោយ Thai Smile ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways​។

បើ​តាម​សមាគម​ដដែល នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនេះ​បាន​ដាក់​ស្នើ​សុំ​កម្ចី​ពី​រដ្ឋាភិបាល​ថៃ ក្រោម​កម្មវិធី​អត្រា​ការ​ប្រាក់​ទាប​។ ក្រុមហ៊ុន​ទាំងនេះ​ធ្លាប់​បាន​ដាក់​ស្នើ​កម្ចី​ម្តង​រួច​មក​ហើយ កាលពី​ឆ្នាំ​មុន​ក្នុង​ទឹកប្រាក់​ស្នើ​សុំ​ប្រមាណ​ជាង ៧៧០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ប៉ុន្តែ​សម្រាប់​សំណើ​នៅ​គ្រានោះ ពុំ​បាន​ទទួល​ការ​ឆ្លើយ​តប ឬ​យល់ព្រម​ពី​រដ្ឋាភិបាល​ក្រុង​បាងកក​នោះ​ទេ​។

ហេតុនេះ​ហើយ ទើប​នៅ​ក្នុង​ឆ្នាំ​២០២០១​នេះ ក្រុមហ៊ុន​ដែល​កំពុង​រង​គ្រោះ​ខ្លាំង ដោយសារ​វិបត្តិ​កូ​វី​ដ​១៩​ទាំង​៧​ក្រុមហ៊ុន បាន​សម្រេច​ស្នើ​កម្ចី​ជា​ថ្មី​ទៀត តាម​រយៈ​សមាគម​អាកាសចរណ៍​ថៃ ដោយ​កាត់​បន្ថយ​ប្រហែល​៥​ដង ពី​ចំនួន​៧៧០​លាន​ដុល្លារ មក​នៅ​ប្រមាណ ១៥០​លាន​ដុល្លារ​អា​មេ​រិ​ក​វិញ​។

បើ​តាម​ការ​អះអាង​របស់​សមាគម ប្រាក់​ទាំង​១៥០​លាន​ដុល្លារ ដែល​ដាក់​ស្នើ​នេះ គឺ​គ្រប់គ្រាន់​សម្រាប់​យក​មក​ប្រើប្រាស់ ទូទាត់​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ប៉ុណ្ណោះ ខណៈ​ប្រាក់​ប៉ុន​នេះ មិន​គ្រាន់​នឹង​ទូទាត់​ថ្លៃ​ប្រេង ថ្លៃ​ជួល​យន្តហោះ និង​ចំណាយ​ផ្សេង​ៗ​ទៀត​នោះ​ទេ​។

គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា សំណើ​លើក​នេះ​នឹង​ត្រូវ​យល់ព្រម​ដោយ​រដ្ឋាភិបាល​ថៃ ឬ​យ៉ាងណា ខណៈ ខាង​ភាគី​រដ្ឋាភិបាល នៅ​មិន​ទាន់​មានការ​បញ្ជាក់​បែប​ណា​នៅឡើយ​ទេ​។

ការ​ធ្វើ​ដំណើរ និង​វិស័យ​អាកាសចរណ៍​ក្នុង​ប្រទេស​បាន​ជួប​វិបត្តិ​សឹងតែ​ទាំងស្រុង ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ជើងហោះហើរ​ក្រៅប្រទេស ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ឆ្នាំ​មុន​មក​ម្ល៉េះ ដែល​ប្រការ​នេះ​នាំ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្តោត​លើ​ការ​ដឹក​ជញ្ជូន និង​ធ្វើ​ដំណើរ​ក្នុងស្រុក​វិញ ដើម្បី​ទទួល​បាន​ចំណូល​ខ្លះ​ពី​ការ​ខាតបង់​។

ប៉ុន្តែ​ជា​អកុសល បច្ចុប្បន្ន​សូ​ម្បី​តែ​ជើងហោះហើរ​ក្នុងស្រុក​ក៏​បាន​ត្រូវ​ផ្អាក​បណ្តោះអាសន្ន ដោយ​វិធានការ​រឹត​បន្តឹង​សុវត្ថិភាព ក្រោយ​ពី​មានការ​ផ្ទុះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង នៃ​កូ​វី​ដ​១៩​ក្នុង​ក្រុង​បាងកក និង​ខេត្ត​ជា​ច្រើន​ជុំវិញ​នោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនបារាំង«Sanofi» នឹងត្រូវភ្នាក់ងារឱសថអឺរ៉ុបចាប់ផ្តើមត្រួតពិនិត្យប្រសិទ្ធភាពលើទិន្នន័យជាក់ស្តែង

ព័ត៌មាន
ទីភ្នាក់ងារឱសថអឺរ៉ុបនៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមនិតិវិធីក្នុងការត្រួតពិនិត្យលើទិន្នន័យជាក់ស្តែង នៃប្រសិទ្ធភាពរបស់វ…

វៀតណាមជំរុញឲ្យមានកិច្ចព្រមព្រៀងនាំយកបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ-១៩ ពីរុស្ស៊ី និងអាមេរិក

ព័ត៌មាន
ប្រទេសវៀតណាមថ្មីៗនេះ បានបញ្ជាក់ថា បានឈានដល់ការមានកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំងកូវីដ-១៩ ពីអាមេរិក និងរុស្ស៊ីហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ