ប្រធានក្រុមហ៊ុនរូបនោះបានបញ្ជាក់ថា ក្រុមហ៊ុនមិនបានប្រឈមនឹងការបិទទ្វារ ឬលុបចោលជើងហោះហើរណាមួយនោះទេ គឺព័ត៌មានដែលបានចុះផ្សាយកន្លងទៅថ្មីៗនេះ មានការភ័ន្តច្រឡំ និងបកស្រាយខុសតែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post កាលពីម្សិលមិញថ្ងៃទី ២៤ តុលា។
លោក ស៊ូម៉េត ដំរ៉ុង ឆៃថាម ប្រធានក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបញ្ជាក់ប្រាប់ជាថ្មីម្តងទៀតថា នៅក្នុងសុន្ទរកថា ដែលលោកបានថ្លែងប្រាប់ដល់ នាយកប្រតិបត្តិតាមផ្នែកនីមួយៗ និងបុគ្គលិកជាន់ខ្ពស់ជាច្រើននាក់របស់ក្រុមហ៊ុន គឺគ្រាន់តែដើម្បីលើកទឹកចិត្តឲ្យពួកគេ ខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីសមត្ថភាព និងធានាឲ្យបានថា គម្រោងស្តារស្ថានការណ៍ឡើងវិញរបស់ក្រុមហ៊ុន នឹងទទួលបានជោគជ័យ។
ប្រធានក្រុមហ៊ុនបានលើកឡើងនៅក្នុង វគ្គបណ្តុះបណ្តាលបុគ្គលិកនៅក្នុងការិយាល័យកណ្តាល ដើម្បីរំឭកឲ្យពួកគេចងចាំពី កម្រិតនៃការប្រកួតប្រជែងក្នុងវិស័យអាកាសចរណ៍ តែបែរជាត្រូវ សារព័ត៌មាន បកស្រាយថា ប្រឈមនឹងការបិទទ្វារទៅវិញ។
លោក ស៊ូម៉េត បានបដិសេធចំពោះការលើកឡើងថា ក្រុមហ៊ុននឹងត្រូវបិទទ្វារ តែលោកទទួលស្គាល់ថា ក្រុមហ៊ុន ត្រូវប្រកួតប្រជែងខ្លាំងជាងមុន ជាមួយនឹង ក្រុមហ៊ុនដែលបើកជើងហោះហើរតម្លៃទាប។
លើសពីនេះទៅទៀត លោក ក៏បានឆ្លើយតបទៅនឹង សារព័ត៌មានមួយចំនួន ដែលថា ក្រុមហ៊ុន Thai Airways នឹងលុបចោលជើងហោះហើរត្រង់មកកាន់ ប្រទេសក្នុងតំបន់អាស៊ានចំនួន ៤ ក្នុងនោះ ក៏មានកម្ពុជាផងដែរ ពោលគឺ ក្រុមហ៊ុន គ្មានគម្រោងលុបចោលជើងហោះហើរណាមួយឡើយ។
សូមរំឭកបន្តិចថា គិតត្រឹមឆមាសទី ១ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Thai Airways ខាតបង់ប្រមាណ ២១២លានដុល្លារអាមេរិក ដែលធ្វើឲ្យទឹកប្រាក់ខាតបង់សរុបរបស់ក្រុមហ៊ុន កើនដល់ជាង ៩ពាន់លានដុល្លារអាមេរិក៕